(សៀមរាប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដារលាន ដាល់អំបុកឈ្នះឈ្នះ លើកទី៤ នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ក្រោមកិច្ចសហការរវាងវេទិកាសន្តិភាពកម្ពុជា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ២,៧០០នាក់ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ពិធីបុណ្យដារលាន គឺជាពិធីបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ អស់រយៈពេលជាច្រើនខែមក។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដោយសារសម្តេចបានរកឃើញនូវនយោបាយ ឈ្នះ ឈ្នះ ហើយបាននិងកំពុងអនុវត្តទទួលបានជោគជ័យក្នុងរយៈពេល ២៦ឆ្នាំមកនេះ។
សម្តេចបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ «ទិវាសន្តិភាពនៅកម្ពុជា» ដើម្បីជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរស និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់ដំណាក់កាល រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ដោយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស។
ជាមួយគ្នានោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងកោតសសើរដល់ថ្នាក់ដឹកនាំគ្របប់លំដាប់ថ្នាក់ នៃក្រុងរុនតាឯកតេជោសែន ដែលបានរួមសហការគ្នា ក្នុងការដឹកនាំ គ្រប់គ្រង និងកសាង ត្បិតក្រុងថ្មីនេះ ទើបតែបង្កើតថ្មីនៅដើមឆ្នាំ២០២៤។ ប៉ុន្តែទោះជាយ៉ាងណា ក្រុងមួយនេះមានការអភិវឌ្ឍ និងការរៀបចំនគរូបនីយកម្មបានយ៉ាងល្អ ដោយមានការរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ដូចជា ៖ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម ទឹក ភ្លើង និងផ្លូវខ្វាត់ខ្វែង ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល មិនដូចការលើកឡើងរបស់ជនជ្រុលនិយមមួយក្តាប់តូច ដែលតែងតែញ៉ុះញ៉ុង បំផុសបំផុល បំភ្លៃការពិត ដែលតែងតែរារាំងដល់កិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕