(ភ្នំពេញ)៖ នៅចំពោះមហាជនជាង ១ម៉ឺននាក់, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានរម្លឹកពីការឈឺចាប់នៅពេលបរទេសបាននិយាយថាពួកគេមិនស្គាល់ប្រទេសកម្ពុជានោះទេ ខណៈដែលបរទេសទាំងនោះទេ ស្គាល់ឈ្មោះតែប្រទេសជិតខាងកម្ពុជាតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ ក្រោមដំបូលនៃសុខសន្តិភាព បានធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជា លេចត្រដែតស្មើមុខ ស្មើមាត់ ស្មើភាពនៅលើឆាកអន្តរជាតិ។

ការរម្លឹកបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអបអរសាទរខួបលើកទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤) នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នាវិមានឈ្នះឈ្នះ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរម្លឹកយ៉ាងដូច្នេះថា៖ «ការសិក្សាដែលខ្ញុំទៅសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំ១៩៩៣ ពីមុនមិនមានអ្នកណាស្គាល់កម្ពុជានោះទេ ខ្ញុំរៀននៅសាលាបារាំង គេវាយតម្លៃណាស់។ គេសួរថាយើងមកពីណា? ខ្ញុំគ្រាន់តែឆ្លើយថាមកពីកម្ពុជា គេួរថាកម្ពុជានៅទីណា? គេស្គាល់ប្រទេសជិតខាងយើង ប៉ុន្តែ គេមិនស្គាល់កម្ពុជានោះទេ ពេលហ្នឹងក្នុងនាមជាពលរដ្ឋខ្មែរ មានភាពអន់ចិត្ត ដែលបរទេសមិនស្គាល់កម្ពុជា...!»

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា បច្ចុប្បន្ននេះ គ្រាន់តែប្រាប់ថាមកពីកម្ពុជា បរទេសគ្រប់រូបបាននឹកឃើញដល់អង្គរវត្ត វប្បធម៌ អរិយធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ហើយកេរ្តិ៍ឈ្មោះ កិត្យានុភាពរបស់កម្ពុជា ស្មើមុខ ស្មើមាត់ ស្មើភាពនៅលើឆាកអន្តរជាតិ។ ចំណុចនេះគឺដោយសារតែកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ។

រដ្ឋមន្ត្រីការពារជាកម្ពុជា បានឱ្យដឹងថា នៅក្នុងឱកាសដែលចេញទៅប្រជុំនៅបរទេស គឺមានអ្នកនយោបាយបរទេសជាច្រើនបានមកសួរនាំ ដើម្បីសុំការចែករំលែកនូវនយោបាយឈ្នះឈ្នះ និងចោទជាសំណួរថា តើនយោបាយឈ្នះឈ្នះ អនុវត្តន៍បានដោយជោគជ័យមានចំណុចណាខ្លះ? ដោយសារតែប្រទេសមួយចំនួនបច្ចុប្បន្ននេះ កំពុងជួបនឹងភ្លើងសង្គ្រាមស៉ីវិល ដែលបានយកនយោបាយឈ្នះឈ្នះអនុវត្តន៍ ប៉ុន្តែ មិនទទួលបានជោគជ័យ ហើយបានក្លាយជាចម្ងល់ថាតើហេតុអ្វីបានជាសម្តេចតេជោ ហ៊ុន សែន បានអនុវត្តន៍នយោបាយឈ្នះឈ្នះ បានជោគជ័យ និងធ្វើឱ្យកម្ពុជាមានសន្តិភាព រហូតដល់សព្វថ្ងៃនេះ?

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា ការអនុវត្តនយោបាយឈ្នះឈ្នះ នៅកម្ពុជាឱ្យទទួលបានភាពជោគជ័យ គឺចំណុចសំខាន់បំផុតការជឿជាក់លើថ្នាក់ដឹកនាំ ប្រតិបត្តិករនយោបាយឈ្នះឈ្នះ ជាពិសេសធ្វើឱ្យភាគីម្ខាងទៀត មានការជឿជាក់ និងទុកចិត្តឥតសង្ស័យមកលើសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៍ឯក នៃនយោបាយឈ្នះឈ្នះ ជាពិសេសគឺការធានា ៣យ៉ាង ទី១៖ ការធានារូបកាយ និងធអាយុជីវិត, ទី២៖ ការធានាអាជីព និងមុខរបរ និងទី៣៖ ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ។ ចំណុចនេះហើយបាននាំឱ្យមាតុភូមិកម្ពុជារួចចាក់ផុតពីភ្លើងសង្រ្គោះ ទទួលបាននូវសន្តិភាព ឯកភាពជាតិ ការពង្រឹងនីតិរដ្ឋ និងការបង្រួបបង្រួមជាតិ រហូតមកទល់សព្វថ្ងៃ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា «សន្តិភាពមានតម្លៃពិបាកនឹងស្វែងរក និងពិបាកថែទាំខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់តម្លៃសន្តិភាពដែលបានឃើញ គឺកម្ពុជា បានឆ្លងកាត់នូវទឹកត្រជាក់ ទឹកក្តៅ ភាពជូរចត់យ៉ាងខ្លាំងមកហើយ ហើយយើងក៏បានទទួលភាពជោគជ័យរហូតមកដល់សព្វថ្ងៃនេះ ដែលយើងមានលទ្ធភាពធ្វើការអភិវឌ្ឍប្រទេសជាតិ និងដាក់យុទ្ធសាស្ត្របញ្ចកោណ ដើម្បីបន្តវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន»។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ក្នុងនាមជាអ្នកបន្តវេន ១រូបរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ សូមគោរពដឹងគុណដល់ប្រតិបត្តិករ នយោបាយឈ្នះឈ្នះទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងរហូតធ្វើឱ្យកម្ពុជា បញ្ចប់សង្គ្រាមស៉ីវិល ធ្វើឱ្យមាតុភូមិកម្ពុជា ដែលពីអតីតកាលធ្លាក់តែប្រេះស្រាំ បង្ហូរឈាមរវាងខ្មែរ និងខ្មែរ ក្លាយជាមាតុភូមិមួយរឹងមាំស្ថិតក្រោមដំបូងរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ ក្នុងសម័យសន្តិភាពបច្ចុប្បន្ននេះ។ ដូច្នេះ ក្នុងនាមជាយុវជន ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែប្តេជ្ញាចិត្តរក្សាតម្លៃនៃសុខសន្តិភាពនេះឱ្យនៅគង់វង្សតជំនាន់ទៅមុខទៀត។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា តាមរយៈនយោបាយឈ្នះឈ្នះ បានផ្លាស់ប្តូរទស្សនៈរបស់ស្ថាប័នបរទេស ដែលពីមុនពួកគាត់ធ្លាប់ឭអំពីកម្ពុជា ថាជាប្រទេសដែល មានសង្គ្រាម ជាប្រទេសដែលមានរបបប្រល័យពូជសាសន៍ ឱ្យបានស្គាល់ និងយល់ច្បាស់អំពីកម្ពុជានាពេលបច្ចុប្បន្នមានសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ ដែលមានស្ថាបនិក និងប្រតិបត្តិករអនុវត្តជាខ្មែរ៕