(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការជាមួយកម្លាំងចម្រុះការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៤» ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំព្រឹត្តិការណ៍នេះ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
ក្នុងនោះ មានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមB និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA ដោយអ្នកចូលរួមប្រមាណជាង៥ម៉ឺននាក់៕