(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក្រោយពីដឹកនាំកិច្ចប្រជុំស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ទឹកសម្រាប់បង្កបង្កើនផលស្រូវក្នុងរដូវប្រាំង ឆ្នាំ២០២៤ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកស្វាយអន្ទររួចមក លោកបានបន្តដឹកនាំមន្ត្រីជំនាញទាំងយប់ចុះបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលត្រូវការទឹកបន្ទាន់ប្រមាណ ១៧០០ហិកតា។
លោកសួន សុម៉ាលីន បានបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ ឃើញថាស្រូវប្រមាណ ១៧០០ហិកតា ក្នុងស្រុកស្វាយអន្ទរ ត្រូវការអន្តរាគមន៍បូមទឹកសង្គ្រោះបន្ទាន់ ក្នុងនោះ លោកបានចាត់ឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រៀបចំអន្តរាគមន៍បូមទឹកបន្ទាន់ភ្លាមៗ ដើម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋដែលខ្វះខាតទឹកបង្កបង្កើនផលឲ្យបានទាន់ពេលវេលា។
លោកបានបន្តថា កិច្ចប្រជុំនេះផងដែរគឺដើម្បីពិភាក្សាទៅលើតម្រូវការនៃការប្រើប្រាស់ទឹក ពិសេសគឺការទាញយកទឹកពីទន្លេវៃគោ សម្រាប់ស្រោចស្រព ដើម្បីបង្កបង្កើនផលស្រូវនៅរដូវប្រាំងខាងមុខនេះ ដែលមានចំនួន ៥ស្រុក កន្លងមកបានជួបបញ្ហាប្រឈម ក្នុងនោះរួមមាន៖ ស្រុកកញ្ជ្រៀច ស្រុកស្វាយអន្ទរ ស្រុកស៊ីធរកណ្តាល ស្រុកកំចាយមារ និងស្រុកមេសាង។
សូមបញ្ជាក់ថា ប្រភពទឹកនៃស្ថានីយ៍បូមទឹកនេះ គឺយកមកពីបឹងកំពិត ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ តាមរយៈព្រែកមេវ៉ៃគោជំហានទី១។
ជាមួយសកម្មភាពចុះជួយបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋទាំងយប់ភ្លាមៗនេះ ពលរដ្ឋស្រុកស្វាយអន្ទរ បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តព្រៃវែង និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋគ្រប់ពេលវេលា ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ លោកអភិបាលខេត្ត មិនបានទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ គឺនៅរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រាលំបាកនោះឡើយ៕