(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតក្មេងទំនើងឲ្យអស់ពីមូលដ្ឋាន ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងសង្គម ពិសេសអនុវត្តឲ្យមានប្រសិទ្ធភាពនូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ លោកអភិសន្ដិបណ្ឌិត ស សុខា បានអះអាងថា បញ្ហាក្មេងទំនើងនេះបានបង្កឲ្យមានជាក្ដីកង្វល់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដូច្នេះត្រូវសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការបង្ក្រាបឲ្យបានម៉ឺងមាត់បំផុត ដោយគ្មានការលើកលែង។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវតែប្រមូលផ្ដុំកម្លាំងរួម ដើម្បីបង្ក្រាបឲ្យបាននូវក្មេងទំនើង។ ថ្វីត្បិតយើងអនុវត្តច្បាប់យ៉ាងតឹងរឹងក៏ដោយ ប៉ុន្ដែនៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន នៅតែមាន ដូច្នេះខ្ញុំសូមឲ្យពិនិត្យមើលការងារនេះឡើងវិញ»

បន្ថែមពីនេះ លោកអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យពិនិត្យមើលទីតាំងមួយចំនួនដែលអាចបង្កឲ្យមានភាពចលាចល អសន្ដិសុខ ពិសេសនៅតំបន់ទេសចរណ៍ សំដៅទប់ស្កាត់នូវឥទ្ធិពលមិនល្អក្នុងសង្គម។ ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏ស្នើសុំឲ្យមានការចូលរួមពីឪពុក ម្ដាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូនៅតាមសាលារៀន សហការរាយការណ៍ក្នុងករណីសង្ស័យអំពីកូនៗរបស់ខ្លួនមានជាប់ពាក់ព័ន្ធជាមួយមុខសញ្ញាមិនល្អ។

ដោយឡែក ម្ចាស់ទីតាំងផ្ទះសំណាក់ ត្រូវចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចបន្ទាន់ ក្នុងករណីឃើញមានការប្រមូលផ្ដុំគ្នាជាក្រុម ដើម្បីទៅដេកនៅផ្ទះសំណាក់ និងងាយស្រួលសមត្ថកិច្ចចាត់វិធានការបន្ទាន់តានជំនាញ ឬឈានទៅចាត់វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា។

សូមរំលឹកថា ពីលើវេទិកាសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីចែកសញ្ញាបត្រ​ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង១ពាន់នាក់, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធន៍កម្មដាក់ទោសឲ្យធ្ងន់លើក្រុមក្មេងទំនើងដែលបង្កអំពើហិង្សាដាក់គ្នា ក្រោយសម្ដេចយល់ថា បើសិនទោសបច្ចុប្បន្ននៅកម្រិតមួយស្រាល។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ឲ្យពិនិត្យបន្ថែមទៀត តាំងពីសកម្មភាពនៃការជិះម៉ូតូ ព្រោះកន្លងទៅមានការយកតាមខ្លួននូវកាំបិត ដាវសាម៉ូរ៉ៃ ព្រមទាំងការបង្ហោះសំញែញបង្អួតគ្នាតាមបណ្ដាញសង្គមផងដែរ។ ក្នុងន័យនេះ សម្ដេចបញ្ជាក់ថា ការដាក់កាំបិទ ឬដាវតាមខ្លួនស្មើនឹងការកាន់កាប់អាវុធដោយខុសច្បាប់។

នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារសន្តិសុខ គឺជាវិធានការគន្លឹះទី៤ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលពាក់ព័ន្ធនឹងភូមិ ឃុំ មានសុវត្ថិភាព។

ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ៕