(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់អំពីវិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលនៅតែបន្ដផ្សព្វផ្សាយល្បែងស៉ីសងអនឡាញខុសច្បាប់គ្រប់ប្រភេទ ដោយមិនគោរពទៅតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីការបញ្ចប់សកម្មភាពផ្សព្វផ្សាយល្បែងស៉ីសងខុសច្បាប់។

ក្រោយសេចក្ដីណែនាំត្រូវបានដាក់ចុះ លោកឧត្តមសេនីយ៍ឯក ជា ពៅ បានអះអាងថា បុគ្គលមួយចំនួនមិនគោរពទៅតាមការណែនាំនេះឡើយ ពោលនៅតែគឃ្លើនក្នុងការបន្ដផ្សព្វផ្សាយដោយមិនខ្លាចច្បាប់ ដូច្នេះកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការចាប់ខ្លួនមនុស្ស៤នាក់ ដែលពាក់ព័ន្ធការបន្ដផ្សព្វផ្សាយល្បែងស៉ីសងអនឡាញនេះ។

បើតាមលោកឧត្តមសេនីយ៍ឯក ជា ពៅ, បន្ទាប់ចាប់ខ្លួន និងក្រោយបញ្ចប់ការសួរនាំ ជនសង្ស័យទាំង៤នាក់នោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចហើយផងដែរ ដោយចោទប្រកាន់បទ «ភ្នាក់ងារល្បែងស៉ីសង» ប្រព្រឹត្តនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមបញ្ញត្តិមាត្រា៥ នៃច្បាប់ស្ដីពីល្បែងស៉ីសង។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានក្រើនរំលឹកជាថ្មីដល់ម្ចាស់បណ្ដាញទំនាក់ទំនងសង្គម ឬប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការបន្ដផ្សព្វផ្សាយល្បែងស៉ីសងអនឡាញទាំងអស់នោះ ហើយត្រូវលុបចេញពីគ្រប់ប្រព័ន្ធរបស់ខ្លួន បើមិនដូច្នេះទេអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

សូមស្ដាប់ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ជា ពៅ៖