(ព្រះសីហនុ)៖ ក្រុមការងារមន្ត្រីជំនាញក្រសួងបរិស្ថាន ដោយមានការចូលរួមពីក្រុមមេធាវីរបស់ក្រសួងបរិស្ថាន អាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ តំណាង មន្ទីរ អង្គភាពពាក់ព័ន្ធ និងថអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យការបញ្ចេញទឹកកខ្វក់មានសក្តានុពលប្រភពបំពុលចូលទៅក្នុងព្រែកសង្កែ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ ដែលមានទីតាំងជាប់ក្បែរព្រែកសង្កែ ក្នុងភូមិសាស្រ្តខាងលើ។

ក្នុងឱកាសនោះ ក្រុមការងារបានចុះធ្វើការត្រួតពិនិត្យដងព្រែកសង្កែចាប់ពីស្ពានថ្ម ផ្លូវជាតិលេខ៣ រហូតដល់មាត់សមុទ្រ និងបានសង្កតឃើញនៅចំណុចខ្លះទឹកព្រែកស្ថិតនៅមានលក្ខណៈក្រម៉ៅ ខ្លាញ់អណ្តែត និងក្លិនស្អុយនៅឡើយ ហើយ នៅចំណុចនៅក្បែរសមុទ្រ ទឹកព្រែកមានលក្ខណៈថ្លាធម្មតា។ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ជាអ្នកនេសាទនៅតាមដងព្រែកនេះ បានឱ្យដឹងថា កាលពីសប្តាហ៍មុននេះមានទឹកខ្មៅ និងក្លិនយ៉ាងខ្លាំងបានហូរតាមព្រែក ដែលភ្ជាប់ចូលទៅក្នុងសមុទ្រ ប៉ុន្តែ រយៈពេល២ថ្ងៃមុនពេលក្រុមការងារចុះមក គឺពុំមានទឹកស្អុយចេញមកទៀតឡើយ។

បន្ទាប់មកក្រុមការងារបានចុះត្រួតពិនិត្យក្នុងទីតាំងក្រុមហ៊ុន ហើយបានរកឃើញថាក្រុមហ៊ុននៅមានការបញ្ចេញសំណល់រាវចេញពីរោងចក្រ មានលក្ខណៈមិនប្រក្រតីមួយចំនួន ដែលក្រុមការការងារត្រូវឱ្យរោងចក្រអនុវត្តច្បាប់ជាធរមាន និងណែនាំវិធានការបន្ទាន់រួមមាន៖

*ត្រូវរៀបចំអាងប្រព្រឹត្តិកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យការបញ្ចេញឆ្លើយតបស្តង់ដារ ដោយត្រូវធ្វើការបញ្ចេញសំណល់រាវចូលព្រែកតែ១ទីតាំងគត់
*ត្រូវធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវតាមការកំណត់
*ត្រូវធ្វើការគ្រប់គ្រងភក់ពីអាងប្រព្រឹត្តិកម្មឱ្យមានត្រឹមត្រូវតាមគោលការបច្ចេកទេស និងច្បាប់
*ត្រូវបញ្ឈប់ជាដាច់ខាតលើការដុតសំណល់គ្រប់ប្រភេទ ដើម្បីជៀសវាងការបំពុលបរិស្ថាន
*ត្រូធ្វើការស្តារភក់ក្នុងព្រែកសង្កែនេះឱ្យបានស្អាតឡើងវិញ ដើម្បីអាចឱ្យប្រជាពរដ្ឋអាចអាស្រ័យផលពីព្រែកនេះ ដោយមិនមានផលប៉ះពាល់ជាបន្តទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានទទួលស្គាល់នូវចំណុចខ្វះខាតរបស់ខ្លួន និងសូមអភ័យទោសដល់ប្រជាពលរដ្ឋដែលបានទទួលរងនូវផលប៉ះពាល់នាពេលកន្លងមក ហើយក្រុមហ៊ុនប្តេជ្ញានឹងធ្វើការអនុវត្តលើចំណុចវិធានការខាងលើ និងគោរពតាមច្បាប់កំណត់។

ជាមួយគ្នានេះក្រុមការងារជំនាញក្រសួងបរិស្ថាន បានបន្តយកសំណាក់ទឹក ជាចុងក្រោយ ដែលបានបញ្ចេញពីរោងចក្រ មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួអបរិស្ថានចំនួន ២ទីតាំងបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាល្មើសទៅនឹងមាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។

លើសពីនេះ ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា ៨៤៤ បានចែងថា សកម្មភាពបង្កផលប៉ះពាល់ដល់បរិស្ថាន បុគ្គលដែលធ្វើសកម្មភាពស្តុបទុក បញ្ចេញ កប់ បោះចោលកាកសំណល់គ្រោះថ្នាក់ ហើយបង្កអោយផលប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណៈ ឬបង្ករខូចខាតទ្រព្យសម្បត្តិដូចមានចែងក្នុងមាត្រា២៧៣ ( សកម្មភាពបង្កផលប៉ះពាល់)នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀល ទៅ៥០០លានរៀល៕