(ភ្នំពេញ)៖ បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) គ្រោងនឹងធ្វើមិទ្ទិងអបអរសាទរនៅព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០២៥ នាទីធ្លាមុខសាលមហោស្រពកោះពេជ្រ ដោយមានសមាជិក និងមហាជនចូលរួមជាង២ម៉ឺននាក់។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរក្នុងពិធីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ច សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូននិងជោគជ័យ។
លោក ឃួង ស្រេង បានឱ្យដឹងថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំពិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ជារឿងសំខាន់បំផុត ដែលអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ សំដៅធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីនេះប្រព្រឹត្តទៅបានរលូន និងប្រកបដោយជោគជ័យ។
លោក ឃួង ស្រេង បានបន្តថា ពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា យើងជាមន្ត្រីដែលចូលរួមក្នុងពិធីនេះត្រូវតែមានវិន័យល្អជាងប្រជាពលរដ្ឋដែលចូលរួម។ យើងជាមន្ត្រី ឬកងកម្លាំងម្នាក់ដែលចូលរួមក្នុងពិធីនេះម្នាក់ គឺជាអ្នកថែរក្សាសន្តិសុខម្នាក់ ដោយត្រូវចាប់អារម្មណ៍ខ្លាំងទៅលើបញ្ហាសន្តិសុខ បើទោះបីប្រទេសជាតិយើងមានសន្តិភាពពេញលេញក៏ដោយ។
លោកអភិបាលរាជធានីបានបន្តទៀតថា ទិវាជ័យជម្នះ៧មករា គឺជាទិវាបុណ្យជាតិ ក្នុងនាមអាជ្ញាធរត្រូវបំផុសប្រជាពលរដ្ឋឲ្យចងទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសំអាតអនាម័យបរិស្ថានឲ្យបានល្អ។
លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវគិតពីចំណុចខ្ពស់ចាប់ពីថ្ងៃនេះតទៅ។ ពិសេសនាយប់ថ្ងៃទី៣១ ធ្នូ ២០២៤ មានព្រឹត្តតិការណ៍ «សាទរកម្ពុជា» ហើយនៅវេលាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្រោយឆ្លងឆ្នាំរួច ពោលគឺចប់ពិធីភ្លាមប្រជាពលរដ្ឋ ដែលដើរលេងកំសាន្តនឹងខ្លះចុះពីលើអគារខ្ពស់ៗ ព្រមៗគ្នាដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ ដូច្នេះកងកម្លាំង និងអាជ្ញាធរត្រូវសម្រួលចររាចរណ៍ជាមួយនិងការរក្សាសន្តិសុខ សុវត្ថិភាពជូនពួកគាត់អោយបានល្អបំផុត។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ដែរថា សម្រាប់សកម្មភាពក្មេងទំនើងវិញនៅតែកើតមាននៅឡើយទេ ដូច្នេះនៅចប់ពីបុណ្យឆ្លងឆ្នាំសកលនេះទៅអាជ្ញាធរខណ្ឌទាំង១៤ ត្រូវប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីរកវិធីសាស្ត្របង្ក្រាបក្មេងទំនើងទាំងនេះ ឲ្យដល់ប្ញសគល់ ដោយចាប់ផ្ដើមអនុវត្តពីថ្នាក់ភូមិសង្កាត់ ព្រោះថាប្រធានភូមិចៅសង្កាត់នេះហើយ ជាអ្នកនៅកៀកកិតជាមួយប្រជាពលរដ្ឋ ជាអ្នកដឹងព័ត៌មានពីក្រុមក្មេងទំនឿងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលយើងនឹងអាចបង្ក្រាបក្រុមនេះឲ្យដល់ឫសគល់តែម្ដង។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងកោតសរសើរដល់អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងកងកម្លាំងមានសមត្ថកិច្ចយើងទាំងអស់ ដែលយកអស់កម្លាំងកាយចិត្ត រួមសហការគ្នាការពាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យបានល្អប្រសើរនាថ្ងៃ២៩ ធ្នូ ២០២៤ ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នាពហុកីឡាដ្ឋានជាតិមរតកតេជោ៕