(ភ្នំពេញ)៖ ក្នុងឱកាសរៀបចំពិធីសាទរកម្ពុជា និងអបអរពិធីឆ្លងឆ្នាំសកល២០២៥ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានមន្ទីររៀបចំជម្រកតង់សង្រ្គោះបឋម ៣ក្រុម ដែលមានក្រុមគ្រូពេទ្យ ១៥នាក់, ក្រុម Ambulances ៤ក្រុម ដែលមានក្រុមគ្រូពេទ្យ ១២នាក់ និងក្រុមពេទ្យចល័តក្នុងទីតាំងមហាជន ៥ក្រុម ដែលមានក្រុមគ្រូពេទ្យចំនួន ១០នាក់។
នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋថា «សូមបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមទស្សនាកំសាន្តក្នុងពិធីសាទរកម្ពុជា និងអបអរពិធីឆ្លងឆ្នាំ បើមានបញ្ហាសុខភាព សូមមកទទួលសេវាព្យាបាលបឋម ដោយឥតគិតថ្លៃនៅតាមជម្រកតង់ក្រុមគិលានសង្គ្រោះដែលប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៅក្បែរទីតាំងរៀបចំកម្មវិធី»។
សូមជម្រាបថា ក្នុងឱកាសរៀបចំពិធីសាទរកម្ពុជា និងអបអរពិធីឆ្លងឆ្នាំសកល២០២៥ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំក្រុមគិលានសង្រ្គោះ ប្រចាំការចាប់ពីថ្ងៃទី២៧- ៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំនួនកម្លាំងដូចខាងក្រោម៖
* ថ្ងៃទី២៧ ខែធ្នូ ២០២៤ ពិធីហាត់សមក្បួនដង្ហែ មន្ទីរបានរៀបចំក្រុម Ambulances ២ក្រុម = ៦នាក់
* ថ្ងៃទី២៨ ខែធ្នូ ២០២៤ ការរៀបចំតម្លើងឆាក មន្ទីរបានរៀបចំក្រុម Ambulance ១ក្រុម= ៣នាក់
* ថ្ងៃទី២៩ ខែធ្នូ ២០២៤ សាកល្បងកម្មវិធីកម្សាន្តផ្សេងៗរបស់ពិធី មន្ទីរបានរៀបចំក្រុម Ambulance ៤ក្រុម =១២នាក់
* ថ្ងៃទី៣០ ខែធ្នូ ២០២៤ ការហាត់សមរបស់ក្រុមការងារ និងមហាជនចូលរួមកម្សាន្ត មន្ទីរបានរៀបចំក្រុមតង់សង្រ្គោះបឋម ៣ក្រុម =១៥នាក់ និងក្រុម Ambulances ៤ក្រុម =១២នាក់
* ថ្ងៃទី៣១ ខែធ្នូ ២០២៤ មន្ទីររៀបចំក្រុមតង់សង្រ្គោះបឋម ៣ក្រុម =១៥នាក់ , ក្រុម Ambulances ៤ក្រុម =១២នាក់ និងក្រុមពេទ្យចល័តក្នុងហ្វូងមហាជន ៥ក្រុម =១០៕