(កណ្ដាល)៖ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ ចុះលាងសម្អាតផ្លូវ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ទេសចរណ៍ភ្នំព្រះរាជទ្រព្យ ដើម្បីត្រៀមទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៥ និងត្រៀមទទួលភ្ញៀវទេសចរទៅលេងកម្សាន្ត។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោកអភិបាលស្រុក បានបន្ថែមថា សម្រាប់ការរៀបចំនេះ គឺផ្ដោតសំខាន់លើសម្អាតអនាម័យ រៀបចំអ្នកលក់ដូរឲ្យមានសណ្ដាប់ធ្នាប់ ណែនាំអ្នកលក់ដូរកុំឲ្យលក់កោរភ្ញៀវ អនាម័យល្អ សេវាល្អ អាហារឆ្ងាញ់ៗ ស្រស់ៗៗ ដើម្បីបម្រើដល់ភ្ញៀវទេសចរមកលេងកម្សាន្ត បានចាប់ចិត្ត និងសប្បាយរីករាយ។
សម្រាប់ផែនសណ្ដាប់ធ្នាប់ លោក ថន សុវណ្ណា បានបញ្ជាក់ដែរថា បានដាក់បញ្ជាដល់កម្លាំងមានសមត្ថកិច្ច ចេញល្បាតឲ្យបានជាប់លាប់ យាមកាមតាមតំបន់ដែលបានរៀបចំរួច ធ្វើយ៉ាងណារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អ៕