(បាត់ដំបង)៖ កម្លាំងស្នងការខេត្តបាត់ដំបង សហការជាមួយកម្លាំងយោធភូមិភាគ៥ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចុះទៅបង្រ្កាបបទល្មើសនេសាទ ៤ទីតាំង នៅចំនុចបឹងរហាល ចំណុចព្រែកតាបរ (អូរខ្សី) ចំនុចបឹងតាហឺ និងនៅចំនុចខាងក្រោយភូមិថ្វាង ស្ថិតនៅភូមិសាស្ត្រស្រុកឯកភ្នំ បានបំផ្លាញចោលឧបករណ៍នេសាទរាប់ពាន់ម៉ែត និងបានព្រលែងកូនត្រីជាង ៤តោន ចូលបឹងធម្មជាតិវិញ។
របាយការណ៍របស់កម្លាំងស្នងការខេត្តបាត់ដំបង បានឱ្យដឹងថា ការបង្រ្កាបខាងលើនេះបានកាប់បំផ្លាញ និងដុតចោលឧបករណ៍នេសាទខុសច្បាប់ នៅនឹងកន្លែងតែម្តង ក្នុងនោះមានសាច់ម៉ងប្រវែង ៤០០០ម៉ែត្រ ឡុកចំនួន ១៥គ្រឿង បង្គោលចំនួន៥០៥០ដើម និងលែងកូនត្រី ៤១០០គីឡូក្រាមចូលទៅក្នុងទន្លេវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំង បន្តសហការជាមួយកម្លាំងយោធភូមិភាគទី៥ មន្ទីរបរិស្ថាន និងកម្លាំងមន្ត្រីមន្ទីរអធិការកិច្ចចុះស្រាវជ្រាវ និងបង្រ្កាបបទល្មើសនេសាទនៅក្នុងតំបន់អភិរក្ស អតីតឡូតិ៍នេសាទលេខ២ ស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ដោយបានបំផ្លាញសាច់ម៉ងប្រវែង ៣,៤០០ម៉ែត្រ ឡុកចំនួន០១គ្រឿងបង្គោលចំនួន៣៣០០ដើម។
លោកស្នងការខេត្តបញ្ជាក់ថា ចំពោះវត្ថុតាងខាងលើត្រូវបានក្រុមការងារសម្រេចកាប់បំផ្លាញ (ដុតកម្ទេចចោលនៅនឹងកន្លែង)ដោយឡែកមុខសញ្ញាប្រព្រឹត្តិល្មើស សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕