(កណ្ដាល)៖ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ចាប់តាំងពីទទួលបានបញ្ជាពីថ្នាក់ដឹកនាំមក កម្លាំងនគរបាល បានចេញល្បាតទាំងថ្ងៃទាំងយប់ ដាក់វេនគ្នា មិនឲ្យលួសឡើយ ពោលគឺធ្វើយ៉ាងរក្សាសណ្ដាប់ធ្នាប់ ការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អ ពិសេសគឺអំឡុងពេលយប់ឆ្លងឆ្នាំ។ លោកអធិការបានថ្លែងមកកាន់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ ។
លោកអធិការបន្តថា ចាប់តាំងពីកម្លាំងយាមល្បាតមួយរយៈកន្លងមកនេះ ក្រុមក្មេងទំនើង ហាក់ថមថយច្រើនគួរជាទីកត់សំគាល់ ប៉ុន្តែបើសិនជាឃើញក្រុមសិស្សសាលា ឬក្រុមក្មេងទំនើងណានោះ ជុំៗគ្នា នោះកម្លាំងនឹងធ្វើការភ្លាម ដោយមិនចាំបាច់ទាល់តែពួកគេចេញសកម្មភាពអុកឡុកនោះទេ ដូច្នេះនេះជាសារព្រមានឲ្យហើយ។
លោកអធិការសង្កត់ធ្ងន់ថា នឹងនៅតែបន្តសកម្មភាពការពារសន្តិសុខសុវត្ថិភាពសង្គមដូចភ្លៀងរលឹម ពោលគឺធ្វើរាល់ថ្ងៃ ដោយមិនលួសថ្ងៃឡើយ និងស្នើរមាតាបិតាក្មេងៗ មេត្តាជួយអប់រំកូនចៅ និងមើលពួកគេផង ពិសេសផ្ដាំដល់ក្មេងទំនើងទាំងអស់ កុំហ៊ានអុកឡុកទៀត បើពុំនោះទេ កម្លាំងនឹងចាប់ខ្លួនភ្លាម ហើយបញ្ជូនទៅតុលាការ បើសិនជាមានករណីណាមួយកើតឡើង៕