(សៀមរាប)៖ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិចំនួន ៣៥០គ្រួសារ រស់នៅក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ និងត្រីខកំប៉ុង១យួរផងដែរ។
លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានឲ្យដឹងថា នេះជាលើកទី៥ហើយ សម្រាប់ការផ្ដល់កញ្ចប់ស្បៀងអាហារជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងចាស់ជរាក្រីក្រតាមសហគមន៍ក្នុងឆ្នាំ២០២៤ ដោយលើកទី១ នៅស្រុកសូទ្រនិគម, លើកទី២ នៅស្រុកជីក្រែង, លើកទី៣ នៅក្រុងសៀមរាប, លើកទី៤ នៅស្រុកអង្គរធំ និងស្រុកបន្ទាយស្រី និងលើកទី៥ នៅស្រុកអង្គរជុំ និងស្រុកវ៉ារិន នាពេលនេះ។
ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ដោយមិនទុកឱ្យបងប្អូនណាម្នាក់រងគ្រោះដោយមិនបានជួយយកចិត្តទុកដាក់ពីរដ្ឋាភិបាលឡើយ។
លោកបន្តថា ការផ្ដល់អំណោយជូនដល់បងប្អូនដែលរងគ្រោះ គឺជាកាតព្វកិច្ច និងការឈឺឆ្អាលយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនដែលកំពុងរងគ្រោះ និងជាការជួយសម្រាកទុកលំបាករបស់រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។
លោក នាក់ ណេរ៉ុន បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ត្រូវធានាធ្វើយ៉ាងណាអនុវត្តឱ្យខានតែបាន នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាជំហានៗ។ ជាក់ស្តែងជាសក្ខីភាពស្រាប់នាថ្ងៃនេះ គឺជាចែករំលែក ដែលអាចជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ណាមួយឡើយ។
លោកបន្ថែមថា ចំពោះគ្រោះមហន្តរាយដោយធម្មជាតិ យើងមិនអាចដឹងមុនបានឡើយ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រឹងប្រែងប្រកបមុខរបបបន្តទៀត ដើម្បីដោះជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ រក្សាអនាម័យចំណីអាហារ និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗ។
ជាមួយដែរ លោកក៏សូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីជួយដោះស្រាយរាល់ទុក្ខធុរៈ និងបញ្ហានានាជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលាផងដែរ៕