(ភ្នំពេញ)៖ រយៈពេល១ឆ្នាំ នៃឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួល ៥២០ពាក្យប្តឹង ក្នុងនោះពាក្យប្តឹងអនាមិកមាន ១៤១ (២៧,១២%)។ នេះបើតាមការឱ្យដឹងរបស់លោក សយ ច័ន្ទ វិចិត្រ មន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ។

ក្នុងកិច្ចប្រជុំកិច្ចប្រជុំលើកទី៤២ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ លើកទី៤២ ដែលបានធ្វើឡើងក្រោមអធិបតីរបស់លោក តុប សំ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក.ជ.ប.ព. នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ, លោក សយ ច័ន្ទ វិចិត្រ បានបន្ថែមថា ពាក្យប្តឹងចំនួន១៣២ មិនពាក់ព័ន្ធអំពើពុករលួយ, ពាក្យប្តឹងចំនួន ១៨៥ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ, អន្តរាគមន៍ឱ្យជួយដោះស្រាយ ៧ពាក្យប្តឹង, កសាងសំណុំរឿងបញ្ជូនទៅតុលាការ ១៤សំណុំរឿង, កំពុងបន្តនីតិវិធីស្រាវជ្រាវ ១៦១ ពាក្យប្តឹង, រក្សាទុកតាមដាន ២០ពាក្យប្តឹង ហើយ ACU ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុបចំនួន ៤៥ពាក្យប្ដឹងផងដែរ ។

អំពីរបាយការណ៍របស់ លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន ACU បានឱ្យដឹងថា សម្រាប់ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំ គិតទាំងការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំ (១៧,៩៦៩រូប) តែងតាំងថ្មី (៣,៤០៤រូប) លាលែង ចប់អាណត្តិ (២,២២៣រូប) បញ្ឈប់ពីមុខតំណែង (៣២រូប) ចូលនិវត្តន៍ (១,០៤២រូប) សរុបអ្នកបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆ្នាំ២០២៤ មានចំនួន (២៤,៦៧៥រូប)។

ដោយឡែកក្នុងខែធ្នូនេះ មានមន្ដ្រីចំនួន ១៣៧រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៨១រូប ដោយឡែកមន្ដ្រី ៥៦រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុ តម្រូវការនៃការស៊ើបអង្កេត បញ្ឈប់ពីការងារ លាឈប់-ចូលនិវត្តន៍ និងចប់អាណត្តិ។

ការងារអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានផ្សព្វផ្សាយតាមការធ្វើបទឧទ្ទេសនាមដោយផ្ទាល់ដល់មន្រ្តីរាជការ-កម្មសិក្សា សិក្ខាកាមសាលាវិជ្ជាជីវៈ ចំនួន ៣៨លើក មានសិក្ខាកាមចំនួន ៣,២២៨រូប, ផ្សព្វផ្សាយតាមរយៈសោតទស្សន៍ ២៧ ឃ្លីប វីដេអូ, ផ្សព្វផ្សាយតាមរយៈការបោះពុម្ភសៀវភៅ ១ ម៉ឺនក្បាល, ផ្សព្វផ្សាយទ្រង់ទ្រាយធំ (ទិវាប្រគំតន្រ្តី) ១ លើក-ទ្រង់ទ្រាយតូចៗជិត ១០០ កន្លែង។

ទន្ទឹមនឹងនេះដែរ សម្រាប់ការបង្ការទប់ស្កាត់ ACU បានចូលរួមពង្រឹងការផ្តល់សេវាសាធារណៈ, ចូលរួមកៀរគរចំណូលរដ្ឋ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នផ្សេងៗ, ចេញលិខិតព្រមាន ២០លិខិតព្រមាន, ចូលរួមសង្កេតការណ៍ប្រឡងក្របខណ្ឌ ដឹកនាំដោយក្រសួងមុខងារសាធារណៈ និង ១០ស្ថាប័នផ្សេងទៀតសរុប ២០លើក, ចូលរួមសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបានពិនិត្យឯកសារដេញថ្លៃចំនួន ១,១០២គម្រោង៕