Fresh Exclusive: អាថ៌កំបាំង២៦ឆ្នាំមុនបានរបើក៖ តើសម្តេចតេជោ ហ៊ុន សែន បំបែកសំបុកធំចុងក្រោយរបស់ ប៉ុលពត នៅ អន្លង់វែង ដោយរបៀបណា?
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទម្លាយអាថ៌កំបាំងមួយ ដែលរក្សាទុកជា សម្ងាត់យ៉ាងយូរមកហើយ ទាក់ទងនឹងល្បិចកលយុទ្ធសាស្ត្រក្នុងការបំបែកសំបុកក្រុមឧទ្ទាម ខ្មែរក្រហមនៅអន្លង់វែង។
តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយនឹងអគ្គនាយកបណ្តាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា, សម្តេចតេជោ បានថ្លែងក្នុងពេលថ្មីៗនេះថា ពេលវេលា២៦ឆ្នាំរួចមកនេះ គួរជាពេលដែលអាថ៌កំបាំងនោះ ត្រូវបានបញ្ចេញហើយ។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅ ជុំវិញបញ្ហានេះ៖
ការប្រើប្រាស់រយៈពេលបំបែកសំបុកខ្មែរក្រហមនៅទិសភាគខាងលិចជាពិសេសតំបន់សំឡូត, តំបន់ប៉ៃលិន និងតំបន់រណបប៉ៃលិន ត្រូវបានអតីតកម្លាំងរាជរដ្ឋាភិបាលចំណាយពេលប្រមាណ៨ខែ ១១ថ្ងៃ ប៉ុន្តែការចំណាយពេលដើម្បីបំបែកសំបុកខ្មែរក្រហមនៅអន្លង់វែងគឺ មានរយៈពេលយូរជាងនេះ ក្នុងអម្លុងពេលអនុវត្តយុទ្ធសាស្ត្រ DIFID ១០៥២យប់និងថ្ងៃ។
តំបន់ប៉ៃលិន បានប្រកាសផ្តាច់ខ្លួនចេញពីពួក ប៉ុល ពត នៅថ្ងៃទី១៥ មិថុនា ឆ្នាំ ១៩៩៦ និងបានធ្វើសមាហរណកម្មជាមួយកម្លាំងរាជរដ្ឋាភិបាលនៅថ្ងៃទី២២ តុលា ឆ្នាំ១៩៩៦ គឺរយៈពេល២៥៤ថ្ងៃ បន្ទាប់ពីយុទ្ធសាស្ត្រ DIFID ត្រូវបានដាក់ចេញអនុវត្តដំបូងនៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩៦។
ប៉ុន្តែចំពោះអន្លង់វែងនៃសំបុកទីតាំងធំចុងក្រោយបង្អស់របស់ខ្មែរក្រហម ប៉ុល ពត នោះវិញរហូតដល់ចុងឆ្នាំ១៩៩៨ គឺនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ គណៈរដ្ឋមន្ត្រីខ្មែរក្រហមទាំងមូល បានធ្វើដំណើរពីអន្លង់វែងមកកាន់គេហដ្ឋានសម្តេច ហ៊ុន សែន នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសុំចុះចូលជាមួយនឹងរាជរដ្ឋាភិបាល។ ហេតុអ្វីបានជាអន្លង់វែងដែលមានប្រវែងប្រមាណ៥០គីឡូម៉ែត្រ និងដែលជាតំបន់តូចជាងប៉ៃលិន ដែលមានទំហំ៨០៣គីឡូម៉ែត្រក្រឡានោះ បែរជាតំបន់ដែលមានការលំបាកក្នុងការបង្ក្រាបជាតំបន់ប៉ៃលិននិងតំបន់រណបនានា?
អន្លង់វែង គឺជាសំបុកធំចុងក្រោយបង្អស់របស់ក្រុមឧទ្ទាមខ្មែរក្រហម ប៉ុល ពត ។ បណ្តាមេខ្មែរក្រហមសំខាន់ៗនិងមេដឹកនាំកំពូល ដែលរឹងរូសទាំងអស់រួមមាន ប៉ុល ពត, នួន ជា, ខៀវ សំផន, តាម៉ុក, សុន សេន នោះជាដើម បានប្រមូលផ្តុំគ្នាជាចុងក្រោយក្នុងតំបន់អន្លង់វែង ដែលធ្វើឱ្យការបង្ក្រាបសំបុកទីតាំងចុងក្រោយនោះមានការលំបាកជាកន្លែងដទៃ។ មេដឹកនាំខ្មែរក្រហម នៅអន្លង់វែងនាពេលនោះ នៅតែបន្តរិះរកវិធីពង្រីកទឹកដីរបស់ខ្លួនយកមកវិញនៅឡើយទេ ក្រោយការបាត់បង់ដ៏ធ្ងន់ធ្ងរនៅតំបន់សំឡូត, តំបន់ប៉ៃលិន និងតំបន់រណបផ្សេងៗទៀតក៏ដោយ។
អន្លង់វែង ដែលជាតំបន់ព្រៃលាតសន្ធឹងតាមជួរភ្នំដងរែកជាប់នឹងព្រំដែនថៃ គឺជាទីតាំងដ៏រឹងមាំមួយនាអតីតកាលនោះ។ នៅក្នុងតំបន់នោះ គេតែងឮអ្នកភូមិខ្មែរក្រហម ធ្លាប់និយាយកោតសរសើរ និងគោរពមនុស្ស២នាក់ខ្លាំងជាងគេគឺ តាម៉ុក និងប៉ុល ពត ប៉ុន្តែនៅពេលដែល តាម៉ុក និងប៉ុល ពត បានឈ្លោះប្រកែកគ្នាដោយសារ ប៉ុល ពត ចោទថា តាម៉ុក និងសុន សេន បានធ្វើឱ្យបាត់បង់តំបន់ប៉ៃលិននៃទីក្រុងសេដ្ឋកិច្ចរបស់ខ្មែរក្រហមនោះ គឺជម្លោះនោះហើយបានផ្តល់ឱកាសជាខ្លាំងនូវការជម្រុញកាន់តែសម្រេចបាននូវល្បិចកលយុទ្ធសាស្ត្រ DIFID។
យើងសូមរំលឹកថយក្រោយបន្តិចថា មុនតំបន់ប៉ៃលិន ដែលជាតំបន់សេដ្ឋកិច្ចដ៏ធំមួយរបស់ខ្មែរក្រហម បានបាត់បង់ទាំងស្រុងនោះ ការផ្ទុះអាវុធវាយប្រហារគ្នាក្នុងតំបន់ម៉ាឡៃ រវាងក្រុមខ្មែរក្រហម ដែលស្មោះត្រង់នឹងអន្លង់វែងក្រោមបញ្ជារបស់ តាម៉ុក និងសុន សេន ប្រឆាំងក្រុមខ្មែរក្រហម ដែលស្មោះត្រង់នឹងប៉ៃលិន បានកើតឡើងនៅថ្ងៃទី៦ ដល់៧ សីហា ឆ្នាំ១៩៩៦។ ការវាយប្រហារគ្នារវាងខ្មែរក្រហមគ្នាឯងចុងក្រោយនោះហើយបានជម្រុញឱ្យកងពលលេខ ៤៥០របស់លោក សុខ ភាព និងកងពលលេខ៤១៥ របស់លោក អ៊ី ឈាន ដែលគាំទ្រប៉ៃលិនឈានដល់ការផ្តាច់ខ្លួនទាំងស្រុងចេញពីប៉ុលពត។ នៅថ្ងៃទី១៥ សីហា ឆ្នាំ១៩៩៦ លោក អៀង សារី ដែលគ្រប់គ្រងប៉ៃលិន បានចេញសេចក្តីប្រកាសជាផ្លូវការបញ្ជាក់ការផ្តាច់ខ្លួនចេញពីក្រុមដឹកនាំរបស់ ប៉ុល ពត។
សេចក្តីប្រកាសរបស់លោក អៀង សារី ថ្ងៃទី១៥ សីហា ឆ្នាំ១៩៩៦នោះ បានបង្ហាញនូវកងកម្លាំងប្រដាប់អាវុធខ្មែរក្រហម ដែលស្ម័គ្រចិត្តដើរតាមរូបលោក រួមមានកម្លាំងខ្មែរក្រហមនៃកងពល៤៥០ ម៉ាឡៃ, ៤១៥នៅប៉ៃលិន, កម្លាំងរណសិរ្ស២៥០ នៅស៊ីសុផុនខាងត្បូង, និង៥១៩នៅស៊ីសុផុន ខាងជើងជាដើម។
ដើម្បីបញ្ជាក់នូវឆន្ទៈនយោបាយពិតប្រាកដដល់ក្រុមខ្មែរក្រហមនៅប៉ៃលិន សម្តេច ហ៊ុន សែន នៅថ្ងៃទី២២ តុលា ឆ្នាំ១៩៩៦ បានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ប៉ៃលិនជាលើកដំបូងបំផុត។ សម្តេច តេជោ ធ្លាប់បានរំលឹកជាច្រើនសាររួចមកហើយថា ម្តាយបង្កើតនិងម្តាយធំរបស់សម្តេច បានហាមឃាត់សម្តេចមិនឱ្យធ្វើដំណើរទៅកាន់តំបន់ខ្មែរក្រហមឡើយ ប៉ុន្តែសម្តេច បានជម្រាបទៅមាតានិងម្តាយធំថា «បើខ្ញុំចូលទៅស្លាប់គឺស្លាប់តែម្នាក់ឯង ប៉ុន្តែបើបានជោគជ័យ គឺយើងនឹងទទួលបានផែនដីទាំងមូល»។
ក្នុងប្រសាសន៍ថ្ងៃទី២២ តុលា ឆ្នាំ១៩៩៦ នៅក្នុងតំបន់ប៉ៃលិន ក្នុងដំណើរទស្សនកិច្ចចូលក្នុងរូងខ្លានោះ សម្តេច បានថ្លែងទៅកាន់កងទ័ពខ្មែរក្រហម ចំនួនប្រមាណ៣៥០០នាក់ និងក្រុមគ្រួសាររបស់ពួកគេអំពីគោលនយោបាយផ្សះផ្សាជាតិ ៣ចំណុចរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់សង្គ្រាមជាមួយនឹងប្រសាសន៍បញ្ជាក់ថា «ឥឡូវនេះ បងប្អូនអាចគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃ និងការបង្កបង្កើនផលរបស់បងប្អូនវិញបានហើយ»។
អតីតមេកងពល៤៥០ខ្មែរក្រហម លោក សុខ ភាព បច្ចុប្បន្នជានាយឧត្តមសេនីយ៍ក្នុងជួរកងយោធពលខេមរភូមិន្ទ ក្នុងទិវារំលឹកខួប២៦ឆ្នាំនៃនយោបាយឈ្នះ-ឈ្នះ នៅក្នុងរាជធានីភ្នំពេញ បានថ្លែងថាគោលនយោបាយផ្សះផ្សាជាតិ៣ចំណុចរបស់សម្តេច ហ៊ុន សែន នាពេលនោះអាចទទួលជោគជ័យបានគឺដោយសារតែទំនុកចិត្តនយោបាយដែលគេជឿជាក់ទាំងស្រុងលើអ្វីដែលសម្តេច ហ៊ុន សែន បានលើកឡើងបើទោះបីជាការផ្សះផ្សា៣ចំណុចទាំងនោះមិនមាននៅក្នុងកិច្ចព្រមព្រៀងក៏ដោយ។
ចំណុចគន្លឹះសំខាន់៣នៃនយោបាយឈ្នះ-ឈ្នះ គឺទី១/ ការរក្សាសុវត្ថិភាពអាយុជីវិត, ទី២/ ការរក្សាអាជីពនិងមុខរបរ និងទី៣/ ការរក្សាទ្រព្យសម្បត្តិរបស់អ្នក ដែលបានធ្វើសមាហរណកម្មចូលជាមួយរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ សុខ ភាព បានបង្ហាញក្តីរីករាយដោយ២៦ឆ្នាំមកនេះសន្តិភាពបានគ្របដណ្តប់ពាសពេញប្រទេស និងរាជរដ្ឋាភិបាលបានគោរពយ៉ាងខ្ជាប់ខ្ជួននូវខសន្យារបស់ខ្លួន ដោយគ្មានល្អៀងសោះឡើយ៖ «ខ្លួនខ្ញុំក៏ស្មានមិនដល់ដែរក្នុងមួយជីវិតរបស់ខ្ញុំនេះ ឃើញសន្តិភាពពិតប្រាកដ ហើយសម្តេចតេជោ តែងតែយកចិត្តទុកដាក់នូវការអភិវឌ្ឍនយោបាយឈ្នះ-ឈ្នះ ធានាអាយុជីវិត ទ្រព្យសម្បត្តិ មុខតំណែង ទាំងបីនេះដែលអត់មានធ្វើកុងត្រា អត់មានកិច្ចសន្យានិយាយដោយមាត់ទទេ។ បានន័យថា គឺខ្ញុំជឿជាក់សម្តីរបស់សម្តេចទាំងស្រុង ហើយខ្ញុំផ្ទាល់បានសម្តេចជាទំនុកបំរុងតាំងពីសមាហរណកម្មមកដល់បច្ចុប្បន្ន សូម្បីតែបុណ្យសក្ត័គាត់ចាត់ចែងទាំងអស់តាំងពីខ្ញុំផ្កាយមួយ រហូតដល់ផ្កាយបួនក៏គាត់ជាអ្នកចាត់ចែងដែរ»។
ក្នុងអតីតកាលនោះ បន្ទាប់ពីកម្លាំងខ្មែរក្រហមនៃកងពល៤៥០ម៉ាឡៃរបស់លោក សុខ ភាព កម្លាំងកងពល៤១៥ នៅប៉ៃលិនរបស់លោក អ៊ី ឈាន កម្លាំងរណសិរ្ស២៥០ នៅស៊ីសុផុនខាងត្បូង និង៥១៩នៅស៊ីសុផុនខាងជើង ក្រោមការបញ្ជារបស់លោក ហ៊ឹម ពុធ បានចូលរួមធ្វើសមាហរណកម្មជាមួយនឹងកម្លាំងរាជរដ្ឋាភិបាលនោះមក យុទ្ធសាស្ត្រ DIFID ត្រូវបានបំបែរមកកាន់តំបន់អន្លង់វែងទាំងស្រុង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខដោយផ្ទាល់មួយជាមួយ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៤ បានថ្លែងថា «តាមពិតសម្តេច ចង់វាយផ្តាច់ព្រ័ត្រនៅអន្លង់វែងក្នុងឆ្នាំ១៩៩៧ ប៉ុន្តែមិននឹកស្មានថា មានការផ្ទុះអាវុធនៅភ្នំពេញ» សោះ។
ការផ្ទុះអាវុធនាកណ្តាលរាជធានីភ្នំពេញ ថ្ងៃទី៥និង៦កក្កដា ឆ្នាំ១៩៩៧ បានបង្ហាញនូវមុខមាត់ពិតទាំងអស់នៃការលាក់មុខរបស់បណ្តាមេៗនិងអតីតមេបញ្ជាការហ៊្វុនស៊ីនប៉ិច ទាំងឡាយណាដែលបានប្រើប្រាស់ស្លាករាជរដ្ឋាភិបាល បិទបាំងទង្វើរបស់ខ្លួនដែលឃុបឃិតជាមួយនឹងកងកម្លាំងខ្មែរក្រហមនៅក្នុងអន្លង់វែង។
ការវាយប្រហារកណ្តាលក្រុងភ្នំពេញប្រមាណ២ថ្ងៃ បានបណ្តេញអតីតទាហានខ្មែរក្រហមក្រោមស្លាកយុទ្ធជនតស៊ូហ៊្វុនស៊ីនប៉ិច និងបក្ខពួកទាំងអស់ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ធ្វើដំណើរភៀសខ្លួនចេញពីភ្នំពេញ ទៅកាន់តំបន់ទល់ដែនភាគខាងលិច។ កម្លាំងដែលធ្វើដំណើរតាមមកជាមួយនឹងលោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ពេលនោះមានចំនួន៥៨៣នាក់ និងកម្លាំងទាំងនោះ ត្រូវកម្លាំងទាហានរដ្ឋាភិបាលបានស្ទាក់វាយបំបែកតាំងពីត្រឡោកបែកភ្នំបាសិទ្ធិខាងលិច ភ្នំឧដុង្គ និងក្នុងការប៉ះទង្គិចច្រើនដង បានធ្វើអោយមានការស្លាប់និងចាប់បានឈ្លើយសឹកជាច្រើននាក់។ លោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ បានរត់រួចទៅដល់ព្រំដែនភាគខាងលិច ក្រោយការភៀសខ្លួនអស់ចំនួនប្រមាណ២៥ថ្ងៃ។ បើសិនជាគ្មានការផ្ទុះអាវុធនាកណ្តាលរាជធានីភ្នំពេញនោះទេ អន្លង់វែង ម្ល៉េះត្រូវបានផ្តាច់ យកតាំងពីឆ្នាំ១៩៩៧ នោះទៅហើយ។
សម្តេចតេជោ បានថ្លែងទម្លាយឱ្យដឹងទៀតថា ដើម្បីធ្វើការបំបែកកម្លាំងខ្មែរក្រហមនៅក្នុងអន្លង់វែងនោះ លោកបានធ្វើសំបុត្រ២ច្បាប់ផ្សេងៗពីគ្នាតាមរយៈការប្រើប្រាស់កម្លាំងខ្មែរក្រហមបង្កប់ ហើយកម្លាំងមួយដែលបានបង្កប់នោះគឺលោក កែ ពក។
លោក «កែ ពក» ដែលមានស្រុកកំណើតក្នុងខេត្តកំពង់ធំ គឺជាជំនួយការម្នាក់របស់ ប៉ុល ពត និងជាអតីតលេខាភូមិភាគកណ្តាល ក្នុងជំនាន់អតីតរបបកម្ពុជាប្រជាធិបតេយ្យ។ កែ ពក ក្នុងឆ្នាំ១៩៩៦នោះ គឺជាអតីតមេបញ្ជាការខ្មែរក្រហមម្នាក់ ដែលតំបន់ធ្វើសកម្មភាពរបស់លោក គឺនៅក្នុងខេត្តកំពង់ធំ។ លោក កែ ពក ដើម្បីជួយសម្តេចឱ្យសម្រេចនូវកិច្ចការស្វែងរកសន្តិភាព បានបញ្ជួនកូនរបស់លោកថែមទៀត ដើម្បីទទួលកិច្ចការជួយធ្វើការងាររបស់សម្តេចតេជោ។
សម្តេចតេជោ បានប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News ថា តាមរយៈកូនរបស់លោក កែ ពក នោះលោកបានបញ្ជួនសំបុត្រចំនួន២ច្បាប់ ជាមួយនឹងការណែនាំដល់កូនលោក កែ ពក ត្រូវធ្វើយ៉ាងណាៗថែមទៀតចំពោះសំបុត្រអនាមិកនោះដើម្បីឱ្យធ្លាក់ដល់ដៃ ប៉ុល ពត។
សម្តេចតេជោ បានបញ្ជាក់យ៉ាងនេះថា «សំបុត្រទី១ គឺផ្ញើនៅក្នុងរង្វង់ចុងឆ្នាំ៩៦ សំបុត្រទី២ នៅឆ្នាំ៩៧ មុនពេលផ្ទុះអាវុធនៅទីក្រុងភ្នំពេញ…»។ «អញ្ចឹងបញ្ហាសំបុត្រនេះ គឺយើងមានចេតនាប្រាប់ទៅកូនរបស់ កែ ពក ឱ្យមកទទួលសំបុត្រផ្ទាល់ណែនាំថា សំបុត្រនេះធ្វើឱ្យធ្លាយនៅក្នុងអន្លង់វែង។ ហើយគេមិនដឹងថា ជាសំបុត្រចេញពីត្រង់ណាទេ»។
សម្តេចតេជោ បានបញ្ជាក់ត្រង់ចំណុចនេះបន្ថែមថា «សំបុត្រ (ខ្ញុំ) គឺមានអង់តែត (En Tete) អីត្រឹមត្រូវ ប៉ុន្តែមិនដាក់ថាអ្នកណាទេ គឺផ្ញើជូនលោកពូ (សូម) លោកពូទទួលសេចក្តីសុខ…» ដែលជាលិខិតសួរសុខទុក្ខជាធម្មតា»។ សម្តេចតេជោបញ្ជាក់ថា «ហ្នឹងហើយគឺជាអ្វីដែលគេ ហៅថាយុទ្ធសាស្ត្រឌីហ្វីដ នោះ»។
សម្តេចតេជោ បានរំលឹកទៀតថា នៅមុនការបញ្ជួនសំបុត្រនោះដើម្បីឱ្យធ្លាក់ដល់ដៃរបស់ ប៉ុល ពត គេបានតែងតាំងសាច់ញាតិរបស់លោក សុន សេន ចំនួន២នាក់ មានតួនាទីខ្ពស់ក្នុងកងយោធពលខេមរភូមិន្ទ។
សម្តេចតេជោបញ្ជាក់បន្តថា៖ «ក្នុងពេលជាមួយគ្នា យើងបានធ្វើការតែងតាំង នី កន និង សុន ឈុំ ដែលជាប្អូនរបស់ សុន សេន ឱ្យធ្វើជាទីប្រឹក្សាក្រសួងការពារជាតិឋាន:ឧត្តមសេនីយ៍ទោទាំងពីរនាក់…»។ «យើងក៏ប្រើប្រាស់ឈ្មោះលោក «ឆន» ដែលជាប្អូនបង្កើតរបស់លោកស្រី យុន យ៉ាត នៃភរិយារបស់លោក សុន សេន ឱ្យទៅឈរជើងនៅកំពង់ធំ ដូចជានៅម្តុំប្រាសាទបល្ល័ង្គ ដើម្បីធ្វើជាឈ្នាន់បញ្ជូនកម្លាំង និងបញ្ជូនទំនាក់ទំនងទៅអន្លង់វែង»។ ល្បិចនៃយុទ្ធសាស្ត្របំបែកដែលបានរៀបឥតខ្ចោះនេះហើយបានធ្វើឱ្យ ប៉ុល ពត បានធ្លាក់ក្នុងអន្ទាក់កលល្បិច DIFID។
ប៉ុល ពត បានប្រាប់អ្នកកាសែតអាមេរិកាំង Nate Thayer នៅអន្លង់វែងជុំវិញមូលហេតុនៃការសម្លាប់ លោក សុន សេន និងក្រុមគ្រួសារមួយពូជ បន្ទាប់ពីបានចាប់បានឯកសារចំនួន ៣ច្បាប់ផ្ញើមកពីកំពង់ធំ ដែល ប៉ុល ពត ជឿថាជាប់ពាក់ព័ន្ធនឹងប្អូនថ្លៃរបស់លោក សុន សេន។ ប៉ុល ពត បានប្រាប់អ្នកកាសែតអាមេរិកយ៉ាងនេះថា៖ «លោក សុន សេន ជាយុទ្ធមិត្ដជាមួយខ្ញុំល្អណាស់ជាច្រើនឆ្នាំ។ ប៉ុន្ដែចាប់ពីមានការផ្ដាច់ខ្លួននៅខាងលិច គឺនៅខែមករា ឆ្នាំ១៩៩៧ ពួកខ្ញុំបានចាប់ឯកសារប្អូនថ្លៃលោក សុន សេន ដែលផ្ញើមកពីកំពង់ធំ ចំនួន៣ឯកសារ ហើយនៅក្នុងកំពង់ធំនេះ គឺនៅក្នុងក្របខណ្ឌ ហ៊ុន សែន» ។
សុន សេន គឺជាអតីតរដ្ឋមន្ត្រីការពារជាតិដ៏មានឥទ្ធិពលម្នាក់ក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ លោក សុន សេន ត្រូវគេពណ៌នាថា ក្នុងសម័យចរចាស្វែងរកសន្តិភាព រៀបចំដោយអង្គការសហប្រជាជាតិ លោកត្រូវបានគេកត់សម្គាល់ជាមនុស្សម្នាក់ដែលធ្វើសកម្មភាពគួរឱ្យសង្ស័យជាមួយនឹងសម្តេច ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយអគ្គនាយកបណ្តាញព័ត៌មាន Fresh News បានថ្លែងបង្ហាញនូវការកត់សម្គាល់ជាទូទៅយ៉ាងដូច្នេះ រវាងរូបលោកជាមួយនឹង សុន សេន។ លោកបញ្ជាក់ថា៖ «នៅពេលដែល សុន សេន មកភ្នំពេញឆ្នាំ១៩៩២ គេសង្កេតឃើញថា សុន សេន មានភាពជិតស្និទ្ធជាមួយនឹង ហ៊ុន សែន ខ្លាំងណាស់។ ហើយតាំងពីពេលប្រជុំ SNC (Supreme National Council) នៅទីក្រុងបាងកកឆ្នាំ១៩៩១ និងការដែលទៅប្រជុំនៅកន្លែងខ្លះទៀតគឺ សុន សេន តែងតែមកនិយាយលេងរាក់ទាក់ជាមួយខ្ញុំ ប៉ុន្តែអ្វីដែលធ្ងន់ គឺគេសង្កេតឃើញថា សុន សេន នៅពេលមកដល់សណ្ឋាគារសកល១ ដែលជាផ្ទះភ្ញៀវរបស់រដ្ឋកម្ពុជាហ្នឹង…ពេលដែល (ខ្ញុំ) ទៅសួរសុខទុក្ខ សុន សេន ហ្នឹង សុន សេន បានចាប់ឱបហើយនិយាយគ្នាអស់រយៈពេលប្រមាណជិត២ម៉ោង តែគេមិនដឹងថានិយាយអ្វីខ្លះទេ។ ដូច្នេះ សុន សេន អាចត្រូវគេសង្ស័យតាំងពីពេលនោះមក។ អាហ្នឹង គឺជាការគួបផ្សំទេ ជាមួយនឹងលិខិតនេះ»។
សម្តេចតេជោ បានបន្តទៀតថា៖ «តាំងពីបង្កើត SNC…គឺការជួបគ្នានៅតូក្យូ ពេលទៅប្រជុំការជួបគ្នានៅហ្សាកាតា ការជួបគ្នានៅប៉េកាំង ការជួបគ្នានៅញូយ៉ក ការជួបគ្នានៅប៉ារីស គឺសុទ្ធតែ សុន សេន បង្ហាញនូវកាយវិការជាមនុស្សរាក់ទាក់ជាមួយនឹង ហ៊ុន សែន»។
ការសង្ស័យជុំវិញសកម្មភាពរបស់ សុន សេន គួបផ្សំនឹងការចាប់សំបុត្របានថែមទៀតនោះ បានជម្រុញឱ្យ ប៉ុល ពត ធ្វើសកម្មភាពហិង្សាសម្លាប់ សុន សេន និងគ្រួសារអស់មួយពូជរួមទាំងកូននិងចៅប្រមាណ១០នាក់ នាយប់ថ្ងៃទី៩ មិថុនា ឆ្នាំ១៩៩៧ នៅអន្លង់វែង។ ប៉ុល ពត បានបញ្ជាក់ប្រាប់អ្នកកាសែតអាមេរិកាំង លោក Nate Thayer យ៉ាងនេះទៀត៖ «ខ្ញុំមិនសូវជឿទេ ចំពោះឯកសារនេះ ប៉ុន្ដែគឺចេះតែមានបរិយាកាស ដូចរបៀបដែលឯកសារដែលបានចាប់នោះ ដែលទាំងនេះហើយ បាននិយាយថា បើសិនជាចង់កម្ទេចខ្ញុំ គឺខ្ញុំត្រូវតែការពារខ្លួន។ ខ្ញុំមិនខុស ដោយផ្ទាល់នោះទេ ប៉ុន្ដែខ្ញុំគឺខុស ជាប្រយោល។ ខ្ញុំមានការសោកស្ដាយ»។
នៅក្រោយការសម្លាប់ សុន សេន និងកូនចៅមួយពូជអស់រួចមក គឺនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ អ្នកភូមិក្នុងអន្លង់វែង បានដឹងអំពីរឿងសោកនាដកម្មនោះគ្រប់ៗគ្នា។ អ្នកភូមិបានរួមជាមួយ តាម៉ុក ដេញតាមចាប់ ប៉ុល ពត និងបក្ខពួកដែលធ្វើការរត់គេចពួនក្នុងព្រៃអស់រយៈប្រមាណមួយសប្តាហ៍។ ប៉ុល ពត ត្រូវបានក្រុមតាម៉ុក ចាប់ខ្លួននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៧ និងត្រូវបាន «តុលាការប្រជាជន» ក្រោមបញ្ជារបស់ តាម៉ុក នៅអន្លង់វែង កាត់ទោសដាក់ឃុំក្នុងផ្ទះអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទសម្លាប់ សុន សេន និងក្រុមគ្រួសារអស់មួយពូជ។
ប៉ុល ពត បានស្លាប់ក្នុងអាយុ៧៣ឆ្នាំ នៅថ្ងៃទី១៥ មេសា ឆ្នាំ១៩៩៨។ សពរបស់ ប៉ុល ពត មិនត្រូវបានធ្វើពិធីបុណ្យតាមប្រពៃណីជាតិខ្មែរនោះទេ ដោយសពរបស់គាត់ត្រូវបានបូជាជាមួយនឹងកង់ឡានចាស់ៗ និងមានទាហានខ្មែរក្រហមតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងពិធីនោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ល្បិចបំបែកសំបុកខ្មែរក្រហមនៅអន្លង់វែងនេះ ទោះបីពិសពុលបន្តិច ប៉ុន្តែគឺ «ដើម្បីបំបែកសត្រូវក្បាលម៉ាស៊ីនតែម្តង ព្រោះពេលហ្នឹង (ខ្ញុំ) ចូលដល់ក្បាលម៉ាស៊ីន កែ ពក ក៏នៅជាកម្លាំងបង្កប់របស់ (ខ្ញុំ) ដែលបានបញ្ចូនកូនមក…អាហ្នឹង គឺវាជារឿងចារកម្ម»។
សម្តេចតេជោ បានបន្ថែមថា «កែ ពក ទោះបីជាមិនបានបញ្ជាក់ថាជាចារកម្មរបស់ ហ៊ុន សែន ក៏ដោយក៏ប៉ុន្តែ កែ ពក គឺបានធ្វើការឱ្យ ហ៊ុន សែន នៅក្នុងហ្នឹងរាប់ទាំងការបញ្ចូនកូនឱ្យមកជួប ហ៊ុន សែន ដល់ផ្ទះច្រើនលើកហើយចុងក្រោយ កែ ពក ផ្តាច់ខ្លួនមកជួបជុំនៅស្តាតអូឡាំពិចឆ្នាំ១៩៩៧»។
សម្តេចតេជោ បានបញ្ជាក់ជាចុងក្រោយប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ទៀតថា នេះគឺជាអាថ៌កំបាំង២៦ឆ្នាំ ដែលបានលាក់ទុក ដែលពេលនេះគេគួរតែអាចបញ្ចេញបានហើយនាពេលនេះ៕