(ភ្នំពេញ)៖ ថ្ងៃទី៣១ ធ្នូ គឺជាថ្ងៃចុងក្រោយនៃដំណាច់ឆ្នាំសកល២០២៤។ សូមឱ្យឆ្នាំចាស់ធ្វើដំណើរទៅជា មួយនឹងសុបិន្តអាក្រក់ទាំងឡាយ និងសូមឱ្យឆ្នាំថ្មី ជាឆ្នាំនៃការរួបរួមគ្នារបស់ជាតិខ្មែរ និងជាឆ្នាំបន្តទ្រទ្រង់សន្តិភាពដែលកម្ពុជារកបានដោយលំបាកតាមរយៈនយោបាយឈ្នះឈ្នះ២៦ឆ្នាំរួចមកនេះ។ សូមទស្សនាអត្ថបទស៊ីជម្រៅមួយរបស់ Fresh Exclusive ក្រោមចំណងជើងថា «ពលរដ្ឋកម្ពុជារីករាយឆ្លងឆ្នាំដោយសន្តិភាពផ្លូវចិត្ត និងផ្លូវកាយ ខណៈប្រជាជននៅប្រទេស មួយចំនួនកំពុងរត់គេចពីសង្គ្រាម»...

នៅពេលដំណាច់ឆ្នាំ ២០២៤ បានឈានមកដល់នេះ ការប្រារព្ធពិធីដ៏រស់រវើក និងសប្បាយរីករាយរបស់ប្រជាជនខ្មែរនៅទូទាំងប្រទេស ត្រូវគេឃើញបានលេចឡើងក្នុងភាពសប្បាយ រីករាយយ៉ាងក្រៃលែង។ ភាពសប្បាយយ៉ាងអធិកអធមនេះ គឺជាសក្ខីភាពនៃភាពធន់ ឯកភាព និងវឌ្ឍនភាពរបស់ប្រទេសជាតិកម្ពុជាក្រោមម្លប់សន្តិភាពរយៈពេល២៦ឆ្នាំកន្លងមកនេះ គ្រាដែលប្រទេសមួយចំនួនដែលគ្មានសន្តិភាព នៅតែមានប្រជាជនកំពុងរត់លូនគេច និងមានមនុស្សស្លាប់ដោយសារតែសង្គ្រាម។

យោងតាមរបាយការណ៍ពិភពលោក ក្រៅពីសង្គ្រាមធំ២នៅមជ្ឈិមបូព៌ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅមានប្រទេសចំនួន៥៩លើសកលលោក ដែលកំពុងមានជម្លោះវាយប្រហារគ្នាក្នុងប្រទេស ក្នុងនោះរួមមានមីយ៉ាន់ម៉ា, ប្រទេសស៊ូដង់ Sudan, ប្រទេសក្នុងតំបន់ Sahel ដូចជា Burkina Faso, Mali និង Niger ជាដើម ដែលមានពលរដ្ឋស្លាប់និងរបួសជារៀងរាល់ថ្ងៃ ដោយសារតែប្រទេសបាត់បង់សន្តិភាព។ កម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន សន្តិភាពដែលកម្ពុជាបាត់បង់ក្រោយរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បានវិលត្រឡប់មកក្នុងប្រទេសវិញនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។ រយៈពេល២៦ឆ្នាំរួចមកនេះ សន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា មានអត្ថិភាពរបស់ខ្លួនលើឆាកអន្តរជាតិសាឡើងវិញ និងក្លាយជាប្រទេសនៃគម្រូសន្តិភាព និងការអភិវឌ្ឍសម្រាប់បណ្តាប្រទេសខ្លះដែលកំពុងមានជម្លោះដោយសារសង្គ្រាមស៊ីវិល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងទិវាប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នាថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២៤ បានរំលឹកនូវប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបញ្ជាក់ថាយុវជនខ្មែរបច្ចុប្បន្នមានសំណាងណាស់ដែលបានស្ថិតនៅក្រោមដំបូលសន្តិភាព ខណៈយុវជននៃប្រទេសដទៃដែលប្រទេសមានសង្គ្រាម មិនមានឱកាសរីករាយឡើយ៖

«គាត់ (នាយឧត្តមសេនីយ៍ សៅ សុខា) និយាយថា យុវជនខ្មែរសម័យនេះមានសំណាង…សំណាងរឿងអ្វី? គាត់ចែកថា នៅពេលដែលកំពុងតែមើលបាល់ទាត់នៅពហុកីឡដ្ឋានជាតិអូឡាពិក ដែលមានប្រជាជន មានយុវជនរាប់ពាន់នាក់អង្គុយមើល ពេលខ្លះគាត់ទាញទូរស័ព្ទមកមើលឃើញកំពុងស្ថានភាពពេលជាមួយគ្នា ម៉ោងហ្នឹង ពេលហ្នឹង នៅប្រទេសដែលមានសង្រ្គាម យុវជននៅក្នុងប្រទេសទាំងនោះ កំពុងតែត្រូវស្លាប់ កំពុងតែត្រូវភ័យខ្លាច កន្លែងខ្លះកកំពុងតែលេងបាល់ ប៉ុន្តែត្រូវគ្រាប់ផ្លោងស្លាប់ ធ្វើឱ្យវេទនាបែកបាក់គ្រួសារ…ពេលដែរគាត់ងើបឡើងបិទទូរស័ព្ទ គាត់ងាកមកវិញ មើលឃើញកូនខ្មែរ កំពុងតែសប្បាយរីករាយនៅក្នុងសន្តិភាព នេះហើយដែលថាយើងមានសំណាង។

នៅម៉ោងនេះ នៅពេលនេះយុវជន ដែលមានអាយុដូចគ្នានៅប្រទេសមួយចំនួននៅអ៊ុយក្រែន នៅតំបន់មជ្ឍិមបូព៌ា នៅប្រទេសមួយចំនួនដែលកំពុងច្បាំងគ្នា មិនមានឱកាសអង្គុយទះដៃ គាំទ្រកីឡាករដូចយើងទេ តែពេលនេះកូនខ្មែររបស់យើងនៅទីនេះដែលកំពុងតែសប្បាយរីករាយទះដៃគាំទ្រទៅដល់កីឡាកររបស់យើងកំពុងតែហ៊ោរកញ្ជ្រៀវសប្បាយរីករាយ ដោយគ្មានភ័យខ្លាចពីសង្រ្គាម…នេះហើយគឺជាភ័ព្វសំណាងរបស់កូនខ្មែរជំនាន់ក្រោយ។ រឿងមួយទៀតដែលគាត់និយាយ គឺថាគាត់អង្គុយមើលនៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅឆ្នាំ៧៥…គាត់ក៏នៅទីនោះដែរ តែពេលនោះមិនបានអង្គុយមើលបាល់ទេ…គេជម្លៀសមនុស្ស មុននឹងចែកចេញទៅតាមខេត្ត…កន្លែងខ្លះក៏មានការយកមនុស្សសម្លាប់ថែមទៀត។ ហ្នឹងហើយកូនខ្មែរនៅសម័យនេះមានសំណាងដែលគាត់និយាយ គឺសំណាងបែបនេះ ។

ថ្ងៃនេះពួកយើងអង្គុយនោទីនេះ នៅក្នុងកីឡាដ្ឋានមរតកតេជោ តែពីមុនកន្លែងនេះមិនមានអ្វីទាំងអស់…នេះហើយ គឺជាភោគផលនៃសន្តិភាព ដែលយើងអាចអង្គុយហ៊ោរកញ្ជ្រៀវនៅទីនេះ ហើយបន្តិចទៀត ហ៊ោរឱ្យអស់ដៃតែម្តងដើម្បីជួយដល់កីឡាកររបស់យើង ដោយមិនមានភាពភ័យខ្លាចថា ក្រោយពីនេះ យើងនឹងបាត់បង់នូវសុខសន្តិភាពនោះទេ…នេះហើយគឺជាសំណាងរបស់កូនខ្មែរ ប៉ុន្តែសំណាងមិនមែនកើតដោយចៃដន្យនោះទេ។

សំណាងដែលយើងអាចនិយាយ ឯកឧត្តម សៅ សុខា អាចនិយាយនៅពេលនេះ គឺសំណាងដែលកើតឡើងពីការលះបង់ ការលះបង់សាច់ស្រស់ ឈាមស្រស់ ការខិតខំលះបង់របស់យុវជនជំនាន់មុន…ការលះបង់របស់ថ្នាក់ដឹកនាំរបស់យើង ហេតុនេះហើយដែលយុវជនជំនាន់ក្រោយដែលមានសំណាង អង្គុយហ៊ោរកញ្ជ្រៀវ គាំទ្រកីឡាបាល់ទាត់យើងនៅថ្ងៃនេះ។ សូមរួមគ្នាបន្តថែរក្សាសន្តិភាពដើម្បីឱ្យសំណាង តកូនតចៅយើង ទៅថ្ងៃក្រោយទៀត»។

• កម្ពុជាដែលមានសន្តិភាព រីករាយបញ្ចប់ឆ្នាំចាស់ ឈានចូលឆ្នាំសកល២០២៥

ការជួបជុំគ្នាក្នុងភាពសប្បាយរីករាយដើម្បីជូនដំណើរឆ្នាំចាស់ និងការឈានចូលឆ្នាំសកលថ្មី២០២៥នេះ មិនមែនមានតែពិធីកុះករត្រឹមតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ សហគមន៍នានាតាមបណ្តាខេត្ត ទីរមណីយ៍ដ្ឋានជិតឆ្ងាយនានា ត្រូវគេឃើញមានការរៀបចំតុបតែងភ្លើងពណ៌ប្រណិត ជាមួយនឹងការបង្កើតផ្ទាំងទស្សនីយ៍ភាពផ្សេងៗគួរឱ្យចង់គយគន់យ៉ាងក្រែលែង។ នេះហើយគឺជា ភាពរីករាយរបស់ខ្មែរក្នុងសម័យសន្តិភាពដ៏រុងរឿងក្រោមនយោបាយឈ្នះ-ឈ្នះ ដែលប្រែក្លាយប្រទេសពីសង្គ្រាមស៊ីវិលកាល២៦ឆ្នាំមុន ក្លាយជាប្រទេសស៊ីវីល័យមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោក។

នៅមុខសួនច្បារព្រះបរមរាជវាំង ព្រឹត្តិការណ៍ «សាទរកម្ពុជា» ត្រូវបានរៀបចំឡើងដោយមានការលេងល្បែងកំសាន្តខ្មែរច្រើនប្រភេទស្វែងយល់ពីវប្បធម៌បុរាណនិងសម័យ ក្បួនដង្ហែរធំៗ រៀបចំសហភាព សហព័ន្ធយុវជនកម្ពុជា សហការជាមួយសាលារដ្ឋបាលរាជធានីភ្នំពេញ និងមានការរៀបចំតុបតែងទិដ្ឋភាពលំអដោយភ្លើងប្រណិតជាច្រើនទៀត ដែលជាការបង្ហាញទៅពិភពលោកឱ្យបានឃើញនូវសុខដុមនីយកម្មរបស់ជាតិកម្ពុជាក្រោមម្លប់សន្តិភាពដែលកម្ពុជា បានរកដោយលំបាកតាមរយៈនយោបាយឈ្នះ-ឈ្នះកាលពីចុងឆ្នាំ១៩៩៨។

ប៉ុន្តែនៅពេលដែលផ្ទាំងទស្សនីយភាពដ៏រីករាយនិងអ៊ូរអរទាំងឡាយ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ក្រុមជ្រុលនិយមដែលព្យាយាមចង់ឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី មិនសប្បាយចិត្តឡើយ។ ពួកគេនិយាយរិះគន់និងចោទប្រកាន់ថា ទស្សនីយភាពបង្ហាញភាពសុខដុមរមនា និងសុភមង្គលទាំងនោះ គឺគ្រាន់តែជាឈុតឆាក ដែលគេរៀបចំដើម្បីបំភ័ន្តភ្នែកតែប៉ុណ្ណោះ។

ក្រុមជ្រុលនិយម ក្នុងពេលទិវាដំណាច់ឆ្នាំសកលចាស់ ឈានចូលឆ្នាំសកលថ្មី បានបន្តបង្ហោះសម្តីញុះញង់តាមបណ្តាញសង្គម នូវរឿងចោទប្រកាន់ដដែលៗនូវស្អីដែលគេចោទថាមានទឹកដីខ្មែរ ត្រូវបានបរទេសជិតខាងលួចឆក់ប្លន់ ឬការចោទថាមានអំពើបំពានសិទ្ធិមនុស្សនោះជាដើម ដែលទស្សនចោទប្រកាន់គិតតែរឿងអាក្រក់ៗទាំងនេះ កំពុងដើរផ្ទុយពីរូបភាពពិត ដែលកំពុងកើតឡើងក្នុងពេលដែលឆ្នាំសកលចាស់ ត្រូវបានផ្លាស់ឈានចូលឆ្នាំសកលថ្មី២០២៥។

ឧបាយកលក្រុមជ្រុលនិយម ដែលលាក់បាំងក្រោមស្លាកស្នេហាជាតិ គឺជាទង្វើមិនត្រឹមតែបំភ្លៃការពិតជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់រកការបង្អាក់សន្តិភាព និងស្ថិរភាពក្នុងប្រទេសដែលប្រជាពលរដ្ឋបានសោយសុខរយៈពេល២៦ឆ្នាំរួចមកនេះទៀត។

• ត្រូវទទួលស្គាល់វឌ្ឍនភាព និងការរួបរួម

ប្រទេសកម្ពុជាបានឈានទៅដល់ផ្លូវដ៏វែងឆ្ងាយ ក្នុងដំណើរឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍ។ ផ្លែផ្កានៃវឌ្ឍនភាពនេះបង្ហាញឱ្យឃើញពីកំណើនសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធកាន់ប្រសើរឡើង និងការលើកកម្ពស់កម្រិតជីវភាពសម្រាប់ប្រជាពលរដ្ឋរបស់ប្រជាជនកម្ពុជាថែមទៀត។

យោងតាមធនាគារពិភពលោក បន្ទាប់ពីការធ្លាក់ចុះខ្លាំងដោយសារការឆ្លងរាតត្បាតនៃជំងឺ Covid-19 សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ទទួលបានមកវិញក្នុងរង្វង់៥.៨% លើសឆ្នាំ២០២៣ និងឆ្នាំ២០២៥ កើនដល់៦.១ ខណៈរាជរដ្ឋាភិបាលបានព្យាករណ៍ថាមានរហូតដល់៦.៦%។ តាមរយៈការថែរក្សាសន្តិភាព និងស្ថិរភាពនេះទៀត សេដ្ឋកិច្ចកម្ពុជា នឹងរំពឹងវិលត្រឡប់មកវិញក្នុងរង្វង់៧% នៅក្នុងឆ្នាំ២០២៨ខាងមុខ។

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ តួលេខភ្ញៀវទេសចរអន្តរជាតិដែលកម្ពុជាទទួលបានមកវិញមានចំនួនជិត៥លាននាក់ ដែលកើនឡើងជាង២២% ខណៈទេសចរណ៍កម្ពុជាធ្វើដំណើរចេញទៅកំសាន្តក្រៅប្រទេសក៏មានជិតដល់១លាន៤សែននាក់ផងដែរ។ បើប្រទេសគ្មានសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំនោះទេ ម្ល៉េះកម្ពុជាក៏គ្មានទេសចរណ៍ជាតិនិងអន្តរជាតិ បានធ្វើដំណើរកំសាន្តចេញចូលនៅក្នុងប្រទេសកម្ពុជា និងដំណើរទៅមុខនៃសេដ្ឋកិច្ចជាតិ ក៏មិនមានសន្ទុះលឿនទៅមុខគួរឱ្យកត់សម្គាល់ដូចនេះឡើយ។ ដូច្នេះគេត្រូវតែទទួលស្គាល់នូវវឌ្ឍនភាពជាតិក្រោមពន្លឺសន្តិភាព២៦ឆ្នាំ និងការរួបរួមគ្នារបស់ខ្មែរជាធ្លុងមួយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ។

ក្នុងសក្ខីកម្មមួយនៃវឌ្ឍនភាពរបស់ដំណើរជាតិកម្ពុជានេះផងដែរ គឺនៅក្នុងខែធ្នូ ឆ្នាំ២០២៤នេះ ផងទៀត ការប្រកាសមួយរបស់អង្គការសហប្រជាជាតិអំពីការអនុម័ត ឱ្យកម្ពុជាចាកចេញពីរង្វង់ក្រុមប្រទេស LDC គឺជាការទទួលស្គាល់របស់អង្គការសកលលោក ជុំវិញភាពផ្លាស់ប្តូរដ៏សំខាន់របស់កម្ពុជា សម្រាប់គោលដៅអភិវឌ្ឍន៍ប្រទេស និងជាការបោះទៅមុខមួយជំហានថែមទៀត កាន់តែខិតជិតនូវចក្ខុវិស័យឆ្នាំ២០៥០។ បើគ្មាននយោបាយឈ្នះ-ឈ្នះ ដែលជួយឱ្យកម្ពុជាមានសន្តិភាព២៦ឆ្នាំរួចមកនេះទេ កម្ពុជា មិនអាចឈានសម្រេចគោលដៅជាបន្តបន្ទាប់ ជាពិសេសសេចក្តីសម្រេចចិត្ត A/79/L.49 របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២៤ ដែលជាសេចក្តីសម្រេចចិត្តរបស់អង្គការពិភពលោក អបអរការបោះជំហានអភិវឌ្ឍន៍នៃដំណើរសេដ្ឋកិច្ចជាតិកម្ពុជា។

• វឌ្ឍនភាពសង្គម បានបដិសេធនូវវោហាសាស្ត្របំបែកបំបាក់ជាតិ

ជាមួយនឹងសមិទ្ធផលដែលជាវឌ្ឍនភាពរបស់ជាតិនេះ, រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកស្ទួយប្រទេសជាតិប្រកបដោយស្ថិរភាព និងវិបុលភាពដោយផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ដើម្បីការរីកចម្រើន។

ភាពវិវឌ្ឍជាវិជ្ជមានជាមួយនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាលក្នុងការនាំប្រទេសសម្រេចចក្ខុវិស័យឆ្នាំ២០៥០ គឺជាការធ្វើឱ្យក្រុមជ្រុលនិយមខកចិត្តជាខ្លាំង ដោយសារតែបំណងរបស់ពួកគេដែលចង់នាំប្រទេសដើរថយក្រោយទៅកាន់សង្គ្រាមសាជាថ្មីវិញនោះត្រូវបានពិភពលោក ធ្វើជាសាក្សីនៃការឃើញនូវភាពរីកចម្រើននៃដំណើរសេដ្ឋកិច្ចជាតិខ្មែរនោះទៅវិញ។

ដូច្នេះតាមរយៈការបន្តវោហាសាស្ត្រចោទប្រកាន់ការបាត់បង់ទឹកដី ការបំពានសិទ្ធិមនុស្ស ឬអំពើពុករលួយយ៉ាងណាក៏ដោយសាក្សីនៃភាពរីកចំរើនដ៏ពិតប្រាកដរបស់ជាតិកម្ពុជា ក្រោមម្លប់សន្តិភាពនៃរាជរដ្ឋាភិបាលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា គឺមិនបាននាំឱ្យឥទ្ធិពលរបស់កម្ពុជា នឹងធ្លាក់ចុះដោយសារតែវោហាសាស្ត្រចោទប្រកាន់ទាំងនោះឡើយ។

• យើងរួមគ្នាកសាងអនាគតកាន់តែប្រសើរ

នៅពេលយើងឈានចូលដល់ឆ្នាំ២០២៥ ចូរយើងទាំងអស់គ្នាបញ្ជាក់ការតាំងចិត្តឡើងវិញនូវភាពប្តេជ្ញាចិត្តរបស់យើងចំពោះឯកភាពគ្នាជាធ្លុងមួយរួមកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាតិ តាមគន្លងសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យដែលយើងបានកសាងរួមគ្នារយៈពេល២៦ឆ្នាំរួចមកនេះ។ ភាពប្តេជ្ញាចិត្តរួមគ្នារបស់ប្រជាជាតិខ្មែរយើង ក្រោមធ្លុងសន្តិភាពដែលយើងរកបានដោយលំបាកតាមរយៈនយោបាយឈ្នះ-ឈ្នះ នឹងជួយឱ្យប្រទេសកម្ពុជាបន្តជោគជ័យក្នុងការបោះជំហានចូលឆ្នាំ២០២៥ថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា តែម្នាក់ឯងមិនអាចសម្រេចគោលដៅទាំងនេះបានទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាជនកម្ពុជាទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ ឬជំនឿផ្ទាល់ខ្លួនឡើយ។ ចំណែកក្រុមដែលធ្លាប់មានទំនោរនយោបាយប្រឆាំង ដោយសារតែការលង់ជឿលើឧបាយកលមេខ្លោងក្រុមជ្រុលនិយម សូមបោះបង់ចោលនូវគំនិតចង់បំបែកបំបាក់ខ្មែរ បោះបង់ចោលគំនិតចង់នាំប្រទេសដែលមានសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាម និងត្រូវរួមគ្នាជួយកសាងជាតិ និងជួយដុសខាត់សន្តិភាពដែលយើងមានឱ្យកាន់តែមានភាពភ្លឺរលោង និងជួយរាជរដ្ឋាភិបាលក្នុងការបោសសំអាតមន្ត្រីមិនល្អតាមរយៈការលើកតម្កើងអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដើម្បីការធានាថាវឌ្ឍនភាពជាតិខ្មែរ និងកាន់តែធ្វើដំណើរក្នុងមាគ៌ាដ៏ត្រឹមត្រូវល្អជាមិនខានឡើយ។

នាវាកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនម្តងហើយម្តងទៀត ដោយឥតងាករេក្នុងការនាំប្រជាពលរដ្ឋខ្មែរទូទាំងនគរធ្វើដំណើរទៅរកទិសដៅដាក់ចេញក្នុងឆ្នាំ២០៥០ ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ដើម្បីការសម្រេចបាននូវចក្ខុវិស័យទាំងនេះបាន យើងម្នាក់ៗចាំបាច់ត្រូវតែជួយថែរក្សាវត្ថុសំខាន់តែមួយគត់និងប្តេជ្ញាមិនឱ្យវត្ថុសំខាន់មួយនោះ ធ្វើដំណើរចាកចេញពីកម្ពុជាឡើយ។ វត្ថុសំខាន់នោះ គឺសន្តិភាព ពីព្រោះមានតែសន្តិភាពតែមួយប៉ុណ្ណោះ ដែលអាចទប់នាវាកម្ពុជាមិនឱ្យឃ្លេងឃ្លោង ក្នុងពេលធ្វើដំណើរឆ្លងកាត់មហាព្យុះសង្ឃរានានាទាំងឡាយ ប្រកបដោយដោយមហាជោគជ័យ និងធ្វើឱ្យប្រជាជនកម្ពុជាទាំងឡាយឈានដល់ត្រើយសុភមង្គលរបស់ខ្លួនជាមិនខានឡើយ។

នៅពេលដែលយើង លាគ្នានាចុងឆ្នាំ២០២៤ សូមឱ្យយើងទទួលយកឱកាស ដែលកំពុងស្ថិតនៅខាងមុខប្រកបដោយសុទិដ្ឋិនិយម និងការប្តេជ្ញាចិត្ត។ យើងរួមគ្នាថែរក្សាសន្តិភាព ទើបយើងអាចបន្តកសាងប្រទេសកម្ពុជាយើងទៅមុខបាន ដូចតាមអ្វីដែលយើងប្រាថ្នាចង់បានជាប្រទេសដែលមានសុខដុមនីយកម្មពិតប្រាកដ។ សូមឱ្យឆ្នាំ២០២៥របស់កម្ពុជា គឺជាឆ្នាំដែលកាន់តែមានសុភមង្គល និងឈ្នះអស់សត្រូវគ្រប់ទិសទី! សួស្តីឆ្នាំថ្មី! ៕