(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្ញើសារចូលរួមរំលែកទុក្ខជូន លោក ម៉ៃ ចនសុន (Mike Johnson) ប្រធានសភាតំណាងរាស្ត្រនៃសភាសហរដ្ឋអាមេរិក ដោយចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ លោក ជីមី ខាតធ័រ (Jimmy Carter) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក។
សម្តេចសូមសម្តែងសមានទុក្ខដ៏ក្រៀមក្រំ ជូនចំពោះលោក ម៉ៃ ចនសុន និងតាមរយៈ លោក ម៉ៃ ចនសុន ជូនចំពោះក្រុមគ្រួសារនៃសព និងពលរដ្ឋអាមេរិកទាំងអស់ ក្នុងវេលានៃការកាន់ទុក្ខដ៏ក្រៀមក្រំនេះ។
សម្តេចបានបញ្ជាក់ថា លោក ជីមី ខាតធ័រ នឹងត្រូវបានប្រជាជនចងចាំ និងផ្តល់ការគោរពជានិច្ច ក្នុងនាមជាមេដឹកនាំ រដ្ឋ បុរស និងមនុស្សធម៌ដ៏វិសេស។ ឯកឧត្តមជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាតិជាសាកល។ លោកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុង តំបន់អាស៊ី រួមទាំងប្រទេសកម្ពុជា ដោយឈរលើគោលការណ៍នៃការគោរពគ្នា ការយោគយល់គ្នា និងការជឿ ទុកចិត្តគ្នាទៅវិញទៅមក។
ក្នុងវេលានៃការកាន់ទុក្ខនេះ សម្តេចសូមកោតសរសើរអំពីខ្សែជីវិត និងកិត្តិសព្ទដ៏អស្ចារ្យរបស់លោក ជីមី ខាតធ័រ សូមឱ្យចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់លោក នៅតែបន្តឧត្តមគតិដល់មនុស្ស ជំនាន់ក្រោយ បានបន្តព្យាយាម ដើម្បីពិភពលោកប្រកបដោយយុត្តិធម៌ សន្តិភាព និងវិបុលភាព៕