(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្ញើសារជូន លោក ប៊ូ វុនស៊ីក (Woo Won-shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដោយសម្តែងនូវសេចក្តីសោកស្តាយ ជាពន់ពេក និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះ សោកនាដកម្មនៃឧបទ្ទវហេតុ ធ្លាក់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិមូអាន (Muan) កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចបានបញ្ជាក់ថា «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសេចក្តីសោកស្តាយ ជាពន់ពេក និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយឯកឧត្តមប្រធាន។ តាមរយៈឯកឧត្តម ខ្ញុំសូមផ្ញើ ជូនក្រុមគ្រួសារនៃជនរងគ្រោះ ព្រមទាំងប្រជាជននៃសាធារណរដ្ឋកូរ៉េ ចំពោះសោកនាដកម្មនៃឧបទ្ទវហេតុ ធ្លាក់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិមូអាន (Muan) កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
យើងខ្ញុំសូមឧទ្ទិសបួងសួង និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងមិត្តភក្តិជនរងគ្រោះ ទាំងអស់ដែលបានបាត់បង់សមាជិកជាទីស្រឡាញ់។ ក្នុងគ្រាដ៏សោកសៅនេះ យើងខ្ញុំក៏សូមចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយឯកឧត្តមប្រធាន។ យើងខ្ញុំសង្ឃឹមថា ភាពរឹងមាំ និងភាព ធន់របស់ប្រជាជនកូរ៉េ នឹងបានធូរស្បើយពីដំណាក់កាលដ៏សោកសង្រេងនេះ»៕