(ប៉ៃលិន)៖ រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាខេត្ត លោកទេសរដ្ឋមន្ត្រី អ៉ី ឈាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីជួបជុំសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន ស.ស.យ.ក និងក្រុមការងារ ក្នុងឱកាសឆ្លងឆ្នាំសាកល ២០២៤-២០២៥។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ការជួបជុំក្រោមបរិយាកាសសប្បាយរីករាយ និងពិសារអាហារសាមគ្គី ក្នុងឱកាសឆ្លងឆ្នាំសាកលនេះ គឺធ្វើឡើងដើម្បីបង្កើតនូវចំណងមិត្តភាព និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ យុវជន ស.ស.យ.ក និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អប្រសើ ក្នុងការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋអស់រយៈពេលពេញមួយឆ្នាំកន្លងមកនេះ។

ក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន ស.ស.យ.ក និងក្រុមការងារទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឱ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក អ៉ី ឈាន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាកត្កាយ៉ាងសំខាន់ ក្នុងការបង្កើតនូវសុខដុមនីយកម្មដល់ប្រជាជននៅទូទាំងប្រទេស ហើយជាក់ស្តែង ក្នុងរាត្រីនេះ យើងបានជួបជុំគ្នាសប្បាយរីករាយពិសារអាហារជុំគ្នា និងរាំលេងកម្សាន្ត ជាមហាគ្រួសារខ្មែរតែមួយក្រោមម្លប់សន្តិភាព។

សូមបញ្ជាក់ថា នៅក្នុងរាត្រីដ៏សែនមនោរម្យនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត និងយុវជន ស.ស.យ.ក ខេត្ត បានគោរពជូនពរ រួមទាំងជូននូវកម្រងផ្កា និងវត្ថុអនុស្សាវរីយ៍ ដល់ឯកឧត្តម អ៉ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ក្នុងឱកាសឆ្លងឆ្នាំសាកល ២០២៤-២០២៥។ ចំណែកលោក អ៉ី ឈាន និងលោកស្រី ក៏បានផ្តល់ជូនសម្រាប់អ្នកចូលរួម សម្រាប់អាហារប៊ុសហ្វេរួមគ្នា ដោយដាក់ចង្ក្រានអាំងបង្កង មឹក បង្គារ សាច់គោ រួមជាមួយគ្រឿងភេសជ្ជៈ និងម្ហូបអាហារជាច្រើនមុខទៀត  ព្រមទាំងបានធ្វើពិធីចាប់រង្វាន់ជាច្រើនជូនដល់អ្នកចូលរួមផងដែរ៕