(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហាញការជឿជាក់ថា ចាប់ពីពេលនេះតទៅ ពាក្យ «សាទរកម្ពុជា» នឹងស្ថិតជាប់នៅក្នុងក្រអៅបេះដូងប្រជាជនកម្ពុជា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ។

ការបង្ហាញជឿជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅសួនច្បារមុខព្រះបរមរាជវាំង ដោយទទួលបានការគាំទ្រ និងអបអរសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថាចាប់ពីឆ្នាំ២០២៤នេះតទៅ ពាក្យ [សាទរកម្ពុជា] នឹងស្ថិតនៅក្នុងបេះដូងយើងទាំងអស់គ្នា ក្នុងនាមជាខ្មែរ ហើយយើងនឹងបន្តកសាង និងផ្តល់ភាពកក់ក្តៅនេះ សម្រាប់ប្រទេសជាតិ និងប្រជាជនរបស់យើង ព្រោះថាកម្ពុជាជាទីស្រលាញ់របស់យើង ជាផ្ទះដ៏សែនមនោរម្យរបស់យើង ដែលផ្តល់នូវភាពកក់ក្តៅសម្រាប់យើង ក៏កម្ពុជាត្រូវការភាពកក់ក្តៅ និងក្តីស្រលាញ់ពីយើងសម្រាប់គាត់ដូចគ្នាដែរ»។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានបង្ហាញការផ្សាភ្ជាប់ចំនួន០៣ចំណុច ជាមួយនឹងការលើកឡើងថាហេតុអ្វីបានជាត្រូវសាទរកម្ពុជា ដោយទី១៖ អ្វីដែលជាកេរ្ដុ៍មរតកដូនតាខ្មែរដែលបានបន្សល់ទុកឲ្យកូនខ្មែរគ្រប់ជំនាន់មកដល់ពេលនេះ ទាំងមរតករូបិយ និងអរូបិយ, ទី២៖ គឺឆន្ទៈ និងការពុះពារយ៉ាងមោះមុត របស់ប្រជាជាតិកម្ពុជាទាំងមូល និងទី៣៖ ទំនៀមទម្លាប់ និងប្រពៃណៃរបស់ខ្មែរ ស្នាមញញឹម ភាពកក់ក្តៅ ការយោគយល់អធ្យាស្រ័យគ្រប់កាលទេសៈទាំងអស់។

ទន្ទឹមនេះលោកបានគូសរំលេចថា ក្តីស្រលាញ់សម្រាប់កម្ពុជាមិនអាចសាបសូន្យ ក្តីស្រលាញ់សម្រាប់កម្ពុជាត្រូវរួមគ្នាថែរក្សា ករសាង និងរំលឹកឲ្យញឹកញាប់ បង្ហាញឲ្យច្រើន និយាយឲ្យលឺ ឲ្យដូនតាយើងបានស្តាប់ ឲ្យមិត្តបរទេសយល់ពីជម្រៅ នៃសេចក្តីស្រលាញ់ និងមោទនភាពរបស់ខ្មែរសម្រាប់អ្វីដែលខ្មែរមាន សម្រាប់បូរណភាពទឹកដី និងអធិបតេយ្យរបស់យើងទាំងអស់គ្នា។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានស្នើសុំឲ្យមានការយោគយល់ ព្រោះថា ព្រឹត្តិការណ៍សាទរកម្ពុជាសម្រាប់ឆ្នាំ២០២៤នេះ គឺជាការរៀបចំលើកទីមួយ ដូច្នេះមិនមានការល្អឥតខ្ជោះនោះទេ គឺអាចមាននូវចំណុចខ្វះខាត ខណៈដែលលោកបានបញ្ជាក់ថាក្រុមការងារបានប្រឹងអស់កម្លាំងកាយកម្លាំងចិត្តក្នុងការរៀបចំព្រឹត្តិការណ៏ដ៏ធំមួយនេះ និងបានអរគុណដល់ដៃគូរពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមចំណែករៀបចំនូវព្រឹត្តិការណ៍នេះផងដែរ៕