(កណ្តាល)៖ ក្រោយចាប់ខ្លួនក្មេងទំនើង ដែលគំរាមកំហែងថានឹងសម្លាប់ ឱ្យឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅពេលនេះសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនក្មេងទំនើងចំនួន ១២នាក់។ នេះគឺជាការអនុវត្តតាមបទបញ្ជាក្តៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ០១១ អក ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទចំនួន១២នាក់៖

ទី១៖ ឈ្មោះ រ៉ន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ (មានខ្លួន)
ទី២៖ ឈ្មោះ ចាន់ សៀវ ភេទប្រុស អាយុ ១៧ឆ្នាំ (មានខ្លួន)
ទី៣៖ ឈ្មោះ អឿន រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ (មានខ្លួន)
ទី៤៖ ឈ្មោះ ម៉េត ពុទ្ធីវឌ្ឍនៈ ភេទប្រុស អាយុ១៨ឆ្នាំ (មានខ្លួន)
ទី៥៖ ឈ្មោះ សោភ័ណ្ឌ សុភ័ក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ (គេចខ្លួន)
ទី៦៖ ឈ្មោះ ភា សុភ័ក្ត្រា ភេទប្រុស អាយុ២២ឆ្នាំ (គេចខ្លួន)
ទី៧៖ ឈ្មោះ ប៊ុណ្ណា ភេទប្រុស អាយុប្រហែល១៧ឆ្នាំ (គេចខ្លួន)
ទី៨៖ ឈ្មោះ ញ៉ា ភេទប្រុស អាយុប្រហែល១៧ឆ្នាំ (គេចខ្លួន)
ទី៩៖ ឈ្មោះ តួ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ (គេចខ្លួន)
ទី១០៖ ឈ្មោះ: ពេជ្រ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ (គេចខ្លួន)
ទី១១៖ ឈ្មោះ សាន់នី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ (គេចខ្លួន)
និងទី១២៖ ឈ្មោះ ដំ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ (គេចខ្លួន) ត្រូវចោទប្រកាន់ពីបទគំរាមកំហែងថានឹងសម្លាប់, ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ប្រព្រឹត្តដោយក្មេងទំនើង) ប្រព្រឹត្តនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា២៣៣ មាត្រា៤១១ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីបានពិនិត្យលើឯកសារ និងភស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទ ចំនួន ០៤នាក់៖ ១. ឈ្មោះ រ៉ន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ (មានខ្លួន) ២. ឈ្មោះ ចាន់ សៀវ ភេទប្រុសអាយុ១៧ឆ្នាំ (មានខ្លួន) ៣. ឈ្មោះ អឿន រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ (មានខ្លួន) ៤. ឈ្មោះ ម៉េត ពុទ្ធីវឌ្ឍនៈ ភេទប្រុស អាយុ១៨ឆ្នាំ (មានខ្លួន) នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ណែនាំដល់ក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសឱ្យធ្ងន់ទៅលើក្រុមក្មេងទំនើង ដែលតែងតែបង្ករឿងកាប់ចាក់គ្នា។ សម្តេចមហាបវរធិបតី បានដាក់ចេញបទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុមក្មេងទំនើង ដោយគ្មានការលើកលែង៕