(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រារព្ធមិទ្ទិញ អបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ - ៧ មករា ២០២៥» និងបិទការប្រកួតកីឡា ដណ្តើមពានរង្វាន់លោក កែវ រតនៈ លើកទី១១ នៅស្រុកក្រគរ បន្ទាប់ពីបានដំណើរការយ៉ាងសកម្ម និងស្វិតស្វាញ នៅលើទិលានទាំង២ អស់រយៈពេល២៧ថ្ងៃ ក្រោមការរៀបចំឡើង ដោយរដ្ឋបាលស្រុកក្រគរ សហការជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងគ្រូបង្វិក នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើង នៅទីលានកីឡដ្ឋានអនុវិទ្យាល័យព្រះសីហនុក្រគរ ស្ថិតក្នុងឃុំក្បាលត្រាច ដោយមានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្ត, លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្កិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកណ្តៀង, លោកអភិបាលរងខេត្ត ព្រមទាំងក្រុមការងារចុះជួយឃុំទាំង១១, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរមូលដ្ឋាន, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជិត៥ពាន់នាក់។
លោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ បានឱ្យដឹងថា ការប្រារព្ធមិទ្ទិញអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ - ៧ មករា ២០២៥» គឺធ្វើឡើងស្របគ្នា ក្នុងពិធីបិទការប្រកួតកីឡាទទួលពានរង្វាន់ របស់លោក កែវ រតនៈ លើកទី១១ នៅក្នុងស្រុកក្រគរ បន្ទាប់ពីបានដំណើរការ អស់រយៈពេលជិតមួយខែយ៉ាងមមាញឹក ដោយមានកីឡាករ កីឡាការនី ចូលរួមប្រកួតប្រជែង ចំនួន២៣ក្រុម ស្មើនឹង៥៥០នាក់។
ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញ បានរកឃើញលទ្ធផល ដែលត្រូវទទួលបានពានរង្វាន់ និងអមដោយកញ្ចប់ថវិកាមួយចំនួន របស់លោក កែវ រតនៈ គឺ៖
*ទី១៖ វិញ្ញាសារបាល់ទះនារី ចំណាត់ថ្នាក់លេខ១ ក្លឹបយុវជនអនុវិទ្យាល័យព្រះសីហនុ, ចំណាត់ថ្នាក់លេខ២ ក្លឹបយុវជនវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ឈើតុំ និងចំណាត់ថ្នាក់លេខ៣ ក្លឹបយុវជនវិទ្យាល័យហ៊ុនសែនក្រគរ និងចំណាត់ថ្នាក់លេខ៤ ក្លឹបយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកក្រគរ។
*ទី២៖ វិញ្ញាបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ ក្លឹបយុវជនឃុំស្វាយស, ចំណាត់ថ្នាក់លេខ២ ក្លឹបយុវជនវិទ្យាល័យ ហ៊ុន សែន ១០ មករា បឹងកន្ទួត, ចំណាត់ថ្នាក់លេខ៣ ក្លឹបយុវជនអនុវិទ្យាល័យព្រះសីហនុក្រគរ និងចំណាត់លេខ៣ស្ទួន ក្លឹបយុវជនឃុំអន្សាចំបក់។
*ទី៣៖ វិញ្ញាសារបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ១ ក្លឹបយុវជនក្លឹប យុវជនភូមិស្រគុំថ្មី ឃុំក្បាលត្រាច, ចំណាត់ថ្នាក់លេខ២ ក្លឹបយុវជនឃុំក្បាលត្រាច, ចំណាត់ថ្នាក់លេខ៣ ក្លឹបយុវជនឃុំស្វាយស និងចំណាត់ថ្នាក់លេខ៤ ក្លឹបយុវជនឃុំត្នោតជុំ និងឃុំបឹងកន្ទួត។ ក្នុងនោះដែរក៏បានរកឃើញក្រុម ដែលមានក្រមសីលធម៌ល្អជាងគេ គឺក្លឹបយុវជនឃុំក្បាលត្រាច។ កីឡាករដែលទាត់បញ្ចូលទីច្រើនជាងគេ គឺកីឡាករ ឌឿន ចាន់រ៉ា មកពីក្លឹបយុវជនឃុំស្វាយស។ ចំពោះអ្នកចាំទីល្អជាងគេ គឺក្លឹបភូមិស្រគុំថ្មី និងគ្រូបង្វឹកល្អ គឺលោក ហ៊ីម លីយ៉េង។
លោក កែវ រតនៈ បានថ្លែងក្នុងពិធីបិទការប្រគួតនោះថា នេះគឺជាលើកទី១១ហើយ សម្រាប់ស្រុកក្រគរ ដែលរដ្ឋបាលស្រុក សហការជាមួយក្រុមការងារ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំឱ្យមានការប្រកួតកីឡាបាល់ទាត់ បាល់ទះ ដណ្តើមពានរង្វាន់ របស់លោកផ្ទាល់ ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ - ៧ មករា ២០២៥»។ មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាប្រទេសជាតិ ដោយបន្តថែរក្សា ពូនជ្រុំ រាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
លោករដ្ឋមន្ត្រីbanបន្តថា ទាំងនេះគឺផ្តើមចេញពីជ័យជំនះ ៧ មករា បើគ្មានជ័យជំនះ ៧ មករា ១៩៧៩ទេ ពិតជាមិនអាចមានអ្វីៗដូចសព្វថ្ងៃនោះឡើយ។ ស្មារតី ៧ មករា បានចារឹកជាប់ក្នុងមនសិកា របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប និងប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិ ដោយចាត់ទុកថា ៧ មករា ជាថ្ងៃកំណើតទី២របស់ខ្លួន។ ៧ មករា ឆ្នាំ២០២៥នេះ គឺជាថ្ងៃគម្រប់ខួបលើកទី៤៦ ដែលយើងបានរួចផុត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបានបើកឡើងវិញនូវសករាជថ្មី ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងទាំងអស់គ្នាគោរពដឹងគុណ ដល់កម្មាភិបាល វីរៈយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ និងប្រជាជន បានផ្តល់នូវកំណើតទី២ និងនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យរហូតមកទស់សព្វថ្ងៃ។
លោកបានបន្ថែមថា ស្របពេលដែលប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឺទ្ធសភា និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា និយាយរួមនឹងនិយាយដោយឡែក មូលដ្ឋានស្រុកក្រគរ ក៏ទទួលបាននូវសមិទ្ធផលធំៗ និងថ្មីៗជាច្រើន ដូចជាផ្លូវ ប្រឡាយ វ៉ារីអគ្គិសនី រោងចក្រ សហគ្រាស ទំនើបជាច្រើន ដែលផ្តល់ឱកាសការងារឱ្យប្រជាពលរដ្ឋច្រើន ធ្វើជីវភាពធូរធាមួយកម្រិត។ ជាមួយគ្នានោះដែរ លោកក៏បានសម្តែងអំណរគុណ ចំពោះប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក្នុងនោះក៏មានប្រជាពលរដ្ឋ ស្រុកក្រគរផងដែរ តែងតែគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិរហូតមក។
ស្របពេលជាមួយគ្នានោះ លោកបានថ្លែងនូវការកោតសរសើរ ដល់គ្រូបង្វឹក គណៈកម្មការ កីឡាករ កីឡាការនីនិងក្រុមការងារគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលបានខិតខំប្រឹងប្រែងរៀបចំ និងធ្វើការប្រកួតអស់រយៈពេលជិតមួយខែ ដើម្បីទទួលពានរង្វាន់ អបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា នៅក្នុងស្រុកក្រគរ ឱ្យដំណើរការទៅយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើរ និងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ នូវចំណងសាមគ្គីភាព មិត្តភាព និងការយោគយល់គ្នា ដែលជាគម្រូមួយដ៏ល្អ សម្រាប់យុវជនជំនាន់ក្រោយបន្តទៀត៕