(តាកែវ)៖ ក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិត ហើយនាំគ្នាថតបង្ហោះតាមបណ្ដាញសង្គម ដោយប្រើប្រាស់ពាក្យសម្ដីឌឺដងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនចំនួន៦នាក់។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្មេងទំនើង៦នាក់នេះ បានប្រមូលផ្ដុំគ្នាកាន់កាបិត ហើយថតបង្ហោះឌឺដងនគរបាលប៉ុស្ដិ៍ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។

ក្រោយឃើញការចែកចាយ និងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត កម្លាំងជំនាញក្រោមការសម្របសម្រួលពីលោកស្រី ស៊ុន យ៉ឺន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនក្រុមក្មេងទំនើងចំនួន៦នាក់ ដែលពាក់ព័ន្ធក្នុងវីដេអូនោះ។

សមត្ថកិច្ចបានបញ្ជាក់ថា ទាំង៦នាក់នោះរួមមាន ទី១៖ឈ្មោះ ហ៊ុំ ចាន់តារ៉ា អាយុ២០ឆ្នាំ (អ្នកកាន់កាំបិត), ទី២៖ឈ្មោះ ផុល សីហា អាយុ១៤ឆ្នាំ (អ្នកកាន់ទូរសព្ទថតឃ្លីបវីដេអូ), ទី៣៖ឈ្មោះ ទួន កក្កដា អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ ណូយ ភារិន អាយុ២១ឆ្នាំ, ទី៥៖ឈ្មោះ ធីវ ឈិនឡុង អាយុ២១ឆ្នាំ និងទី៦៖ឈ្មោះ ឃីម ភាស់ អាយុ១៦ឆ្នាំ។

បន្ទាប់ពីឃាត់ខ្លួនក្រុមក្មេងទំនើងទាំងអស់នេះ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕