(ភ្នំពេញ)៖ សារមន្ទីរជាតិកម្ពុជា នឹងរៀបចំបាឋកថាសាធារណៈ មានប្រធានបទ៖ រឿងរ៉ាវពុំធ្លាប់ដឹង អំពី «ទំនៀមបុណ្យសពខ្មែរដើមដ៏អាថ៌កំបាំង» ចាប់ពី ៣០០ ទៅ៥០០ឆ្នាំមុន នៅតាមតំបន់ភ្នំជួរភ្នំក្រវាញ។

បាឋកថានេះ នឹងរៀបចំធ្វើឡើងនៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ វេលាម៉ោង ១៤៖០០ រសៀល តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សារមន្ទីរជាតិកម្ពុជា ដោយមានការចូលរួមពីវាគ្មិន លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ផ្តោតសំខាន់លើទំនៀមរៀបចំសពនៅតាមជួរភ្នំក្រវ៉ាញ ក្នុងអំឡុងចាប់ពី ៣០០ឆ្នាំទៅ៥០០ឆ្នាំមុនប្រវត្តិសាស្រ្តរបស់ជនជាតិខ្មែរដើមខ្នងភ្នំក្រវ៉ាញ។

ទំនៀមរៀបចំសព ដែលខ្មែរដើមនៅតាមខ្នងភ្នំបានប្រតិបត្តិ គឺការទុកឆ្អឹងនៅក្នុងឆ្នាំងដី ក្រឡ និងពាងដោយបំបែកមាត់ និងចោះបាត។ គ្រួសារ ឬសាច់ញាតិរបស់សព បានដាក់ទ្រព្យទៅជាមួយសពដូចជា៖ អង្កាំកែវ ក្រវិល ចិញ្ជៀន និងគ្រឿងសំណែនផ្សេងៗជាដើម។ ក្រោយពីរៀបចំសព និងគ្រឿងដង្វាយទាំងនោះរួច គេយកឆ្នាំង ក្រឡ និងពាងដែលមានរក្សាឆ្អឹងនៃសពទាំងនោះទៅទុកនៅតាមរូងចម្រាក់ភ្នំ។

តាមរយៈលទ្ធផលនៃការស្រាវជ្រាវសព្វថ្ងៃនេះ គេសង្ស័យថា ក្រុមខ្មែរដើមខ្នងភ្នំទាំងនេះ ប្រហែលជា ខ្មែរដើមជងខ្នងភ្នំ ឬខ្មែរដើមព័រខ្នងភ្នំ។ បាឋកថានេះ នឹងលើកឡើងពាក់ព័ន្ធនឹងសំណួរ តើក្រុមអំបូរខ្មែរដើមខ្នងភ្នំនេះ ជាជនជាតិខ្មែរដើមណាមួយ៕