(កណ្តាល)៖ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ស្ថិតនៅភូមិព្រែកស្លែង ឃុំតាលន់ ទៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង។

នាឱកាសនោះដែរ លោក អ៉ិន ចន្ថា បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ចែកជូនដល់ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងបានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង។

លោកបានឱ្យដឹងថា ការចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែនេះ មានប្រវែង២,២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅភូមិព្រែកស្លែង ឃុំតាលន់ ទៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2024-No.019)។ ផ្លូវនេះអនុវត្តដោយ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសម្អាតមីន និងកាកសំណល់សង្រ្គាម ប្រើប្រាស់ថវិកាជំពូក២១។

ក្រោយពីបានចុះត្រួតពិនិត្យវាយតម្លៃ ប្រគល់-ទទួលផ្លូវលទ្ធផលការងារ ១០០% រួចមក លោក អ៉ិន ចន្ថា បានដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃស្តីពីលក្ខណៈបច្ចេកទេសជាមួយគណៈកម្មការអន្តរក្រសួងដោយលទ្ធផលបានសម្រេចទទួលយកផ្លូវ ១ខ្សែនេះ ដោយសេចក្តីរីករាយ។

លោក អ៉ិន ចន្ថា បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋកាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។

លោក អ៉ិន ចន្ថា បានបន្ថែមថា បញ្ហានេះក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅ បង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គម កិច្ចនៅជនបទជាពិសេសការកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ, ជាក់ស្តែងជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងប្រែក្លាយ ផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន៕