(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានដល់មន្រ្តីសុខាភិបាល ត្រូវពង្រឹងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង និងត្រូវមានឥរិយាបថ ព្រមទាំងពាក្យសំដីសុភាពរាបសារជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ បានរម្លឹកដល់មន្ត្រីសុខាភិបាលត្រូវអនុវត្តឱ្យដូច ពាក្យស្លោកចំនួន២ដែលបានដាក់នៅក្នុងមណ្ឌលសុខភាពគឺ៖ ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់គ្រូពេទ្យ និងឆ្មបគឺជាមាតាទី២ របស់ទារកទើបកើត ត្រូវប្តូរវេនគ្នាក្នុងការទូរស័ព្ទ សួរសុខទុក្ខ និងរំលឹកដល់ស្រ្ដីមានផ្ទៃពោះដែលបានមកពិនិត្យផ្ទៃពោះនៅមណ្ឌលឱ្យគាត់មកបន្តការពិនិត្យតាមការណាត់របស់ឆ្មប និងរម្លឹកគាត់ឱ្យមកសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីទទួលបានសុវត្ថិភាពទាំងម្ដាយ និងទារកផងដែរ។
ដោយឡែកនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ លោកបានដឹកនាំក្រុមការងារចុះពិនិត្យការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពឈ្នួន ស្ថិតក្នុងភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ក្រោយទទួលបានព័ត៌មានថា មានស្រ្តីដែលឆ្លងទន្លេនៅផ្ទះដោយមិនដឹងខ្លួនឯងថាឈឺពោះឆ្លងទន្លេនោះឈ្មោះ ចេន អាន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ស្រុកខាងលើ ហើយការសម្រាលកូនរបស់គាត់នេះ ជាការសម្រាលកូនដំបូងទទួលបានកូនប្រុស ទម្ងន់១គីឡូក្រាម ដែលគាត់មានផ្ទៃពោះទើបតែ ២៨សប្តាហ៍ ស្មើនឹង៧ខែប៉ុណ្ណោះ។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា តាមការរៀបរាប់របស់ស្ត្រីនោះថា ខ្លួនគាត់មិនដឹងថាឈឺពោះសម្រាលកូននោះទេ ប៉ុន្តែពេលគាត់ទៅបត់ជើងតូចស្រាប់តែគាត់សម្រាលភ្លាមៗតែម្តង ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូន ឪពុក ម្តាយ ក៏ហៅគោយន្ត និងរាយការណ៍ទៅក្រុមទ្រទ្រងសុខភាពភូមិ និងបានទូរស័ព្ទមកប្រធានមណ្ឌលសុខភាពកោះកេរ្តិ៍ ដើម្បីបញ្ជូនរថយន្តគិលានសង្រោះ និងឆ្មបដើម្បីទៅទទួលស្រ្តីនោះ និងជួយសង្គ្រោះដល់ម្ដាយ និងទារក។
ក្នុងអំឡុងពេលដែលក្រុមគ្រួសារដឹកស្រ្តីរូបនោះ និងកូនតាមគោយន្តកន្ត្រៃយ៍បញ្ជូនមណ្ឌលសុខភាពដើម្បីជួសសង្រ្គោះ ក៏បានជួបក្រុមរថយន្តគិលានសង្រ្គោះនិងឆ្មបរបស់មណ្ឌលសុខភាពកោះកេរ្តិ៍តាមផ្លូវ ដោយភ្លាមៗនោះក្រុមគ្រូពេទ្យបានជួយសង្គ្រោះទារកដែលទើបកើតមានទម្ងន់តែ១គីឡូក្រាម ដោយរំនឹងក្រណាត់ក្រាស់ៗដើម្បីឱ្យទទួលបាននូវភាពកក់ក្ដៅ និងបានធ្វើការទំលាក់សុក (placenta) បន្ទាប់មកបានបញ្ជូនស្រ្តីជាម្ដាយ និងទារកមកកាន់មណ្ឌលសុខភាពកោះកេរ្តិ ដើម្បីពិនិត្យ និងសំអាតស្បូន។
លោក គួង ឡូ បានបញ្ជាក់ថា ដោយទារកមានទម្ងន់ទាបពេក (១គីឡូក្រាម) ម្យ៉ាងទៀតមណ្ឌលសុខភាពកោះកេរ្តិ៍ នៅជិតនិងខេត្តសៀមរាប លោកស្រីប្រធានមណ្ឌលសម្រេចចិត្តបញ្ជូនទាំងម្ដាយ និងទារក តាមរថយន្តគិលានសង្រ្គោះរបស់មណ្ឌលសុខភាព ទៅមន្ទីរពេទ្យគន្ធាបុប្ផាខេត្តសៀមរាប ដើម្បីបន្តការតាមដាន និងព្យាបាលតទៅទៀត។
ក្នុងនាមមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងនូវការកោតសរសើរដល់មណ្ឌលសុខភាពកោះកេរ្តិ៍ នៅស្រុកគូលែន ដែលបានជួយសង្រ្គោះស្ត្រីសម្រាលកូនដោយខ្លួនឯង និងទារក បានទាន់ពេលវេលា ធ្វើឱ្យម្តាយ និងកូនមានសុវត្ថិភាព ជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ៕