(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា បានបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅសាលានាយទាហានសកម្ម ស្ថិតក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ត្រី ហួរ ម៉េងហួង នាយកសាលានាយទាហានសកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរៀបចំឲ្យមានកម្មវិធីប្រកួតកីឡានេះឡើង បញ្ចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងមហាជន ក្នុងកម្រិតថ្នាក់ជាតិប្រកបដោយជោគជ័យ ធ្វើឲ្យព្រឹត្តការណ៍នេះកាន់តែរីកផុសផុល បណ្តាកងឯកភាពដែលបានចូលរួមបង្ហាញពីសមត្ថភាព អង់អាចក្លាហាន មោះមុត កាយសម្បទាមាំមួន។
តាមរបាយការណ៍ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ បានធ្វើជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០២៥នេះ មានអង្គភាពចំនួន ២០ បានមកចូលរួមប្រកួត ស្មើនឹង៧៤ក្រុម ក្នុងនោះមាន៦ក្រុម ជាកីឡាការនី និងមានកីឡាករសរុប ៦៦៦នាក់ ប្រៀបធៀបទៅនឹងឆ្នាំ២០២៤ កម្លាំងចូលរួមមានការកើនឡើងចំនួន៥អង្គភាព ស្មើចំនួន២៨ក្រុម សរុបកីឡាករ ២៥២នាក់។
ចំពោះវិញ្ញាសាដែលត្រូវប្រកួតរួមមាន៖ វិញ្ញាសារត់ប្រដាប់អាវុធ, សែងហ្រ្វង់ការ, បាញ់និងចោលគ្រាប់បែក, ហែលទឹក, រត់ឆ្លងកាត់ឧបសគ្គ, អូសរថយន្ត, និងក្បាច់គុនកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ចំណាត់ថ្នាក់លេខ១ មាន ៩ក្រុម, លេខ២ ចំនួន ៨ក្រុម, និងលេខ៣ ចំនួន ៧ក្រុម។
ថ្លែងក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សាលានាយទាហានសកម្ម គណៈកម្មការរៀបចំការប្រកួត បណ្តាអង្គភាពពាក់ព័ន្ធ ក្រុមការងារ គ្រូបង្វឹក និងក្រុមកីឡា ដែលបានសហការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជាប្រវត្តិសាស្ត្រ នៃជ័យជម្នះ ៧មករា ១៩៧៩ ដែលបានដំណើរការទទួលលទ្ធផលល្អគួរជាទីមោទនៈ។
លោកបានលើកឡើងថា ក្នុងរយៈពេល៤៦ឆ្នាំបន្ទាប់ពីជ័យជម្នះ ៧មករា ១៩៧៩ ប្រទេសកម្ពុជាបានឆ្លងកាត់របត់នយោបាយ និងសេដ្ឋកិច្ចជាច្រើនដំណាក់កាល និងបានផ្លាស់ប្តូរមុខមាត់ថ្មីលើគ្រប់វិស័យ ពីការផ្លាស់ប្តូរសង្គ្រាមដ៏រ៉ាំរ៉ៃ វិនាសខ្ទេចខ្ទាំ មកសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
លោកបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តការពារយ៉ាងរឹងមាំសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ដឹកនាំនាវាកម្ពុជាធ្វើដំណើរយ៉ាងលឿនទៅមុខ និងការគោរពស្រលាញ់ ជាមួយនឹងការថែរក្សារាល់សមិទ្ធផលជាតិ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមបំផុតជាប្រវត្តិសាស្ត្រ បន្សល់ទុកពី សម្តេចតេជោ ហ៊ុន សែន។
អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា ការរៀបចំប្រកួតកីឡាកងយោធពលខេមរភូមិន្ទពេលនេះ គឺជាឱកាសមួយសម្រាប់ប្រាស្រ័យទាក់ទងគ្នា គោរពគ្នា សួរសុខទុក្ខគ្នា និងក៏បង្ហាញពីសមត្ថភាព កាយសម្បទា និងការរូបរួមកម្លាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងចំណោមអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ។
លោកបានបន្តថា ក្រោមម្លប់សន្តិភាព កម្ពុជាអាចរៀបចំពិធីប្រកួតកីឡាថ្នាក់ជាតិ អន្តរជាតិ ជាច្រើន ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព ការផ្សព្វផ្សាយសន្តិភាព ការទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគពីបរទេស។ កន្លងមករាជរដ្ឋាភិបាលបានខិតខំវិនិយោគលើវិស័យកីឡាគ្រប់ប្រភេទឱ្យមានការរីកចម្រើន និងបានយកចិត្តទុកដាក់ពង្រឹង កសាងពហុកីឡដ្ឋានខ្នាតអន្តរជាតិនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផងដែរ។
លោកបានផ្តាំផ្ញើឲ្យគ្រប់កងឯកភាព នៃកងយោធពលខេមរភូមិន្ទ បន្តខិតខំរៀបចំថ្នាលបណ្តុះបណ្តាលកីឡា និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងមានកាលវិភាគច្បាស់លាស់ មានគ្រូបង្វឹក ថែទាំកីឡាករ និងហ្វឹកហាត់ឲ្យបានល្អ ដើម្បីសុខភាពរឹងមាំ បង្កើនបានថាមពលកាយសម្បទា បំពេញភារកិច្ចទទួលបានជោគជ័យ និងការចេញទៅប្រកួតយកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនានា។
នៅក្នុងឱកាសនោះដែរ អគ្គមេបញ្ជាការ បានអញ្ជើញផ្តល់ពានរង្វាន់ដល់កីឡាករចំណាត់ថ្នាក់លេខ១ ចំនួន៩ក្រុម ដោយក្នុង ១ក្រុម ថវិកា ៥ លានរៀល, ចំណាត់ថ្នាក់លេខ២ ចំនួន ៨ក្រុម ក្នុង ១ក្រុម ថវិកា ៣លានរៀល, ចំណាត់ថ្នាក់លេខ៣ ចំនួន ៧ក្រុម ក្នុងមួយក្រុមថវិកា ២លានរៀល សរុបថវិកាចំនួន ៨៣លាន ក្រោមការជួយឧបត្ថម្ភរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក៕