(កំពង់ធំ)៖ ករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដែលបង្កដោយបុរសម្នាក់ មានមុខរបរជាអ្នកលេងភ្លេង បានវាយទៅលើឪពុក និងម្ដាយបណ្ដាលឲ្យរងរបួសធ្ងន់ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ ជនបង្កដែលជាអ្នកលេងភ្លេងឈ្មោះ រ៉េត រាត្រី អាយុ២៧ឆ្នាំ បានប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើឪពុកម្ដាយ នៅពេលខ្លួនស្ថិតក្នុងស្ថានភាពស្រវឹង តែមិនមានសារធាតុញៀននៅក្នុងខ្លួននោះទេ។ ដោយឡែក ជនរងគ្រោះជាឪពុកឈ្មោះ សេង សរឿន អាយុ៥៩ឆ្នាំ ត្រូវរបួសចំផ្ទៃមុខលើចិញ្ចើមឆ្វេង និងក្រោមភ្នែកឆ្វេង ខណៈម្ដាយឈ្មោះ ពេជ សោភា អាយុ៥៨ឆ្នាំ រងរបួសក្បាល និងដាក់ដៃទាំងពីរ។
លោកស្នងការបានអះអាងថា ដើមចមដែលនាំឲ្យបុរសរូបនេះ ប្រើប្រាស់ហិង្សាលើឪពុកម្ដាយ ដោយសារនៅថ្ងៃកើតហេតុរូបគេស្ថិត ក្នុងស្ថានភាពស្រវឹងជោគជាំ ហើយពេលនោះម្ដាយស្ដីបន្ទោសរឿងមកពីផឹកស៉ីស្រវឹង ទើបខឹងតមាត់ជាមួយម្ដាយ។ ពេលនោះឪពុកបានជេរស្ដីបន្ថែម និងវាយមួយដៃ ទើបធ្វើឲ្យជនបង្កវាយឪពុកចំមុខបណ្ដាលឲ្យដួល ហើយម្ដាយស្ទុះទៅជួយ ស្រាប់តែជនបង្កវាយម្ដាយបន្ថែមទៀត បណ្ដាលឲ្យបាក់ដៃទាំងពីរ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្ដរាគមន៍ និងចាប់ខ្លួនជនបង្កភ្លាមៗបញ្ជូនទៅធ្វើការសួរនាំ។ ដោយឡែក ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោកអះអាងថា នៅចំពោះមុខនេះជនបង្កសមត្ថកិច្ចបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត និងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តកំពង់ធំ ដោយគ្មានការលើកលែងឡើយ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយមានស្ថានទម្ងន់ទោស។
បើតាមលោកឧត្តមសេនីយ៍ទោ ហេង សុផល, លុះព្រឹកឡើងក្រោយថ្ងៃកើតហេតុ លោកបានបញ្ជាឲ្យស្នងការរង ចុះទៅពិនិត្យស្ថានភាពរបស់ជនរងគ្រោះនៅមន្ទីរពេទ្យ ដើម្បីធ្វើការសួរសុខទុក្ខផងដែរ ប៉ុន្ដែត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម៕