(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោករដ្ឋលេខាធិការប្រចាំការ លោក លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ព្រមទាំងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធស្រោចស្រពចារឹក ស្ថិតក្នុងឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ប្រមាណ ២០០នាក់។
សហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធស្រោចស្រពចារឹក បានរៀបចំឡើងតាំងពីឆ្នាំ២០០៨ និងបានចុះបញ្ជីជាផ្លូវការដោយប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម លេខ០៦៣ ប្រក.ធទឧ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ រចនាសម្ព័ន្ធសហគមន៍ មានគណៈកម្មាធិការចំនួន ៤នាក់ គណៈកម្មាធិការសហគមន៍ប្រើប្រាស់ទឹកចំនួន ៣ក្រុម និងមានសមាជិកគណៈកម្មាធិការសហគមន៍ចំនួន ៨២នាក់។
ថ្លែងក្នុងឱកាសជួបសំណេះសំណាល លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ក្នុងផែនការធ្វើស្រែប្រាំងឆ្នាំ២០២៤-២០២៥ នៅស្រុកកណ្ដៀងមានចំនួន ៣ ៦៥០ ហិកតា ប៉ុន្តែជាក់ស្តែង គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ប្រជាកសិករបានអនុវត្តធ្វើស្រែប្រាំងរហូតដល់ ១៥ ៧១៦ ហិកតា ស្មើនឹង ៤៣០,៥០% នៃផែនការ។
លោករដ្ឋមន្ត្រីបានលើកឡើងថា នៅក្នុងខេត្តពោធិ៍សាត់នេះ មានទំនប់អាងស្ដុកទឹកលេខ៥ និងទំនប់អាងស្ដុកទឹកលេខ៣ ប៉ុន្តែបរិមាណទឹកដែលមានក្នុងអាង មិនអាចឆ្លើយតបទៅនឹងផ្ទៃដីស្រែដ៏ធំធេងដែលកើនឡើងជាបន្តបន្ទាប់នោះទេ។ លោករដ្ឋមន្ត្រី បានសំណូមពរដល់បងប្អូនប្រជាកសិករ ប្រើប្រាស់ទឹកធ្វើស្រែទៅតាមបរិមាណទឹក ដែលមាន ដោយស្តាប់តាមការណែនាំរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរខេត្ត គណៈកម្មាធិការសហគមន៍ និងអាជ្ញាធរមូលដ្ឋានដែលនៅជិតផ្ទាល់ អំពីបរិមាណទឹកជាក់ស្តែងសម្រាប់ការប្រើប្រាស់ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំង ដើម្បីងាយស្រួលកុំឱ្យមានការខាតបង់ពេលធ្វើស្រូវប្រាំងហើយជួបបញ្ហាប្រឈមខ្វះខាតទឹក។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យបងប្អូនប្រជាកសិករចូលរួមការពារ ថែរក្សាអាងទឹក ដើម្បីបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី លោកអភិបាលខេត្ត គណៈប្រតិភូ ក្រុមការងារបច្ចេកទេស ក៏បានអញ្ជើញចុះពិនិត្យជាក់ស្តែងប្រព័ន្ធស្រោចស្រពចារឹក ស្ថិតក្នុងភូមិចារឹក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា ប្រព័ន្ធស្រោចស្រពចារឹកបានសាងសង់ឡើងក្នុងរបបប៉ុលពត ហើយបានជួសជុល និងសាងសង់ឡើងវិញក្នុងឆ្នាំ២០០៧ ដោយក្រសួងធនធានទឹក និងឧតុនិយម។ ប្រព័ន្ធស្រោចស្រពនេះមានសំណង់កាត់ស្ទឹងមួយកន្លែងប្រវែង ១៥៤ម៉ែត្រ ប្រឡាយមេ ២ខ្សែប្រវែង ២០៨៨០ម៉ែត្រ ប្រឡាយរងចំនួន ១៧ខ្សែប្រវែង ៣២៨៥០ ម៉ែត្រ ប្រឡាយស្រោចស្រពបញ្ចូលស្រែ ១២២ខ្សែប្រវែង ១២១៦៧៤ម៉ែត្រ ទំនប់សណ្ដមាត់ស្ទឹងប្រវែង ២៩២០ ម៉ែត្រ សំណង់ទ្វារទឹកនិងសំណង់ដោះទឹកមានចំនួន ១៤៦ កន្លែង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១៣០០០ ហិកតា និងស្រូវប្រាំងចំនួន ៣៥០០ ហិកតា។ ប្រព័ន្ធស្រោចស្រពចារឹកមានប្រភពទឹកមកពីតំបន់ជួរភ្នំក្រវាញតាមដងស្ទឹងពោធិ៍សាត់ និង ទំនប់អាងស្ដុកទឹកលេខ៥ និងទំនប់អាងស្ដុកទឹកលេខ៣ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សក្តានុពលនៃប្រព័ន្ធស្រោចស្រពនេះគ្របដណ្តប់លើភូមិចំនួន ៤១ ឃុំចំនួន ៦ និងស្រុកចំនួន២ គឺស្រុកកណ្ដៀង និងស្រុកក្រគរ ហើយមានប្រជាពលរដ្ឋទទួលផលប្រមាណ ៥០៥៤ គ្រួសារ៕