(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់ក្រសួងការពារជាតិ។ កិច្ចប្រជុំប្រចាំឆ្នាំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងអង្គភាពក្រោមចំណុះពាក់ព័ន្ធផងដែរ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ចរបស់ខ្លួនតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងភារកិច្ចជាក់ស្តែងចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារយ៉ាងល្អប្រសើរជាបន្តបន្ទាប់ ក្នុងនោះ មានការងារល្បាត, ការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើស និងភាពអនាធិបតេយ្យផ្សេងៗ, ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ, ការចូលរួមការពារសន្តិសុខសុវត្ថិភាពថ្វាយ ព្រះមហាក្សត្រ ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ, ការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព, ការងារហ្វឹកហ្វឺននិងបំប៉នជំនាញផ្សេងៗ ជាពិសេសបានរៀបចំលំហាត់ហ្វឹកហ្វឺន «នាគមាសឆ្នាំ២០២៤» និងលំហាត់ហ្វឹកហ្វឺនរួមគ្នា «LAND EXTHACAM-2024» ដោយជោគជ័យ និងរលូន។

អង្គប្រជុំបានកត់សម្គាល់អំពីភាពជោគជ័យរបស់ កងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមបង្ការ បង្ក្រាប និងបន្សាបការញុះញង់របស់ក្រុមអគតិជ្រុលនិយមនៅក្រៅប្រទេស ដែលប៉ុនប៉ងបង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ អូសទាញប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មី តាមរយៈការបង្កើតព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ ក្រសួងការពារជាតិ ក៏បានដាក់ចេញនូវទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៥ ដោយបន្តចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧, ការបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យ និងភារកិច្ចចំពោះមុខផ្សេងៗទៀត។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំឱ្យបណ្តាកងអង្គភាពក្រោមចំណុះ យកចិត្តទុកដាក់ពង្រឹងស្មារតី និងសតិអារម្មណ៍កងទ័ព ហើយត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បដិវត្តន៍ពណ៌កុំឱ្យកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី បានជំរុញឱ្យយកចិត្តទុកដាក់បន្ថែមចំពោះអតីតយុទ្ធជន យុទ្ធជនមានពិការភាព និងគ្រួសារកងទ័ព។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍បានណែនាំ ឲ្យកងទ័ពយកចិត្តទុកដាក់ ក្នុងការថែទាំគ្រឿងសព្វាវុធ និងយុទ្ធោបករណ៍ឱ្យបានល្អ ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងពេលហ្វឹកហ្វឺន នាពេលខាងមុខ។

នាយឧត្តមសេនីយ៍ បានជំរុញឱ្យកងទ័ពបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដើម្បីកែប្រែព្រំដែនកម្ពុជា និងប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យកងទ័ពចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងឆ្លើយតបឱ្យទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយដែលពាក់ព័ន្ធនឹងកងទ័ព។ ជាមួយគ្នានេះ លោកបានព្រមាន មិនឱ្យកងទ័ពមានការពាក់ព័ន្ធ ឬនៅពីក្រោយ នៃការកាប់ទន្ទ្រានដីធ្លីនៅជុំវិញបឹងទន្លេសាបនោះឡើយ៕