(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ បានជំរុញដល់នាយទាហាន និងពលទាហាន នៃវរសេនាតូចថ្មើរជើងលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹងរងពោធិ៍សាត់ ត្រូវពង្រឹងកិច្ចការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ព្រមទាំងខិតខំអភិវឌ្ឍន៍អង្គភាព ឲ្យមានការរីកចម្រើន បូករួមទាំងការថែរក្សាការពារបរិស្ថាន និងដាំដើមឈើឲ្យបានច្រើនឡើង។
ការលើកឡើងរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ប្រគល់ជូនដល់អង្គភាពវរសេនាតូចថ្មើរជើងលេខ១ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង, លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារមួយចំនួនទៀត។
ក្នុងឱកាសនោះ លោក កែវ រតនៈ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់កងកម្លាំងទាំងអស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំថែរក្សាការពារប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
លោកបន្ដថា សម្តេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំង ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ជាពិសេសការចុះជួបសំណេះសំណាលនាពេលនេះ គឺជាការយកចិត្តទុកដាក់ ចង់ដឹងសុខទុក្ខកងកម្លាំងរបស់ផងដែរ។ ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងជួរមុខ ការពារខ្សែបន្ទាត់ព្រំដែន គឺជាការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនង ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីភាពនឹងគ្នា ដើម្បីទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ព។
លោករដ្ឋមន្ត្រី បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនរបស់កងទ័ព។
លោកផ្តាំផ្ញើដល់កងកម្លាំងគ្រប់កងឯកភាព ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាឲ្យបានល្អ ជាមួយកងកម្លាំងបណ្តាប្រទេសជាមិត្ត និងត្រូវក្តាប់ឲ្យបានសភាពការណ៍ នៅតាមបណ្តោយព្រំដែន ដែលខ្លួនកំពុងឈរជើងការពារ។ ជាមួយគ្នានោះ ត្រូវខិតខំអភិវឌ្ឍន៍អង្គភាពឲ្យមានការរីកចម្រើន និងត្រូវចូលរួមទប់ស្កាត់ ការពារធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារព្រៃឈើ ក៏ដូចជាធនធានធម្មជាតិ ជាប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយ។
អំណោយដែលត្រូវប្រគល់ជូន ដល់អង្គភាពវរសេនាតូចថ្មើរជើងលេខ១ រួមមាន៖ មី២៥០កេស, ប៊ីចេង១៥កេស, ត្រីខកំប៉ុង ២៥កេស, ត្រីងៀត ១២០គីឡូក្រាម, សាច់ក្រក ១២០គីឡូក្រាម, ប្រហុកសាច់ ១២០គីឡូក្រាម, ប្រហុកសាច់ ១២០គីឡូក្រាម, ទឹកត្រី ទឹកស៊ីអ៉ីវ ១២០យួរ, ឆៃប៉ូវផ្អែម ១២០គីឡូក្រាម និងថវិកា៣ពាន់ដុល្លារ។
ឆ្លៀតក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បានប្រកាសពីការប្រគល់សិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ ត្រង់ចំណុចភ្នំត្រងោល ដែលមានទំហំ ១៨៨,៤៥៥ម៉ែត្រការ៉េ ជាអំណោយរបស់អគ្គិសនីកម្ពុជា ប្រគល់ជូនដល់អង្គភាពវរសេនាតូចថ្មើរជើងលេខ១ បានគ្រប់គ្រងប្រើប្រាស់ជាប្រយោជន៍រួមក្នុងអង្គភាពផងដែរ៕