(ស្វាយរៀង)៖ មន្ដ្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនអ្នកបើករថយន្តដឹកកម្មករ១នាក់ ដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៨៖២០នាទី បន្ទាប់ពីបានមើលពីការបង្ហោះវីដេអូតាមបណ្តាញសង្គម ថាមានរថយន្តដឹកកម្មករ១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ3D-9386 បានបើកបរវ៉ាជែង និងរថយន្តមួយគ្រឿងទៀត ហើយបានខឹង និងមានការឈ្លោះប្រកែក ជេរប្រមាថគ្នាទៅវិញទៅមក ព្រមទាំងទាញដំបងដែកមករកវាយគ្នា ខណៈពេលដែលកំពុងតែបើកបរនៅលើដងផ្លូវសាធារណ:។

ក្រោយពីទទួលព័ត៌មានខាងលើភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យលោកវរសេនីយ៍ឯក អ៊ុច សារ៉ន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះស្រាវជ្រាវភ្លាមៗ។ ជាលទ្ធផលការស្រាវជ្រាវ​ សមត្ថកិច្ចបានរកឃើញរថយន្ដបង្ក ចតទុកចោលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត​។ កម្លាំងការិយាល័យជំនាញក៏បានធ្វើការដកហូតរថយន្តនេះមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំម្ចាស់ចូលខ្លួនបំភ្លឺ។

លុះនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង៨៖៣០នាទី អ្នកបើកបររថយន្តខាងលើ បានចូលខ្លូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ហើយកម្លាំងនគរបាលចរាចរណ៍បានធ្វើកំណត់ហេតុលើអ្នកបើកបររថយន្ត ដែលមានឈ្មោះ ឈៀង ចាន់រី អាយុ៣៦ឆ្នាំ មុខរបរបើកបរថយន្តដឹកកម្មករ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិ​ដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង ដែលបានធ្វើសកម្មភាពបើកបរវ៉ាជែង គ្មានសណ្តាប់ធ្នាប់លើដងផ្លូវ និងប្រើហិង្សាពេលបើកបរនៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ពិតប្រាកដមែន ព្រមទាំងពុំមានប័ណ្ណបើកបរ និងមានផ្ទុកសារធាតុញៀនទៀតផង។​

បច្ចុប្បន្ន អ្នកបើកបររថយន្តខាងលើត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធីច្បាប់ ហើយត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួន ក្នុងពន្ធនាគាររួចហើយ។

ជាមួយគ្នានេះ សមត្ថកិច្ចបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលបើកបររថយន្ត ត្រូវរៀនបើកបរនៅសាលា និងមានប័ណ្ណបើកបរឲ្យត្រឹមត្រូវ ហើយ​សូមបើកបរដោយទទួលខុសត្រូវ និងចេះអធ្យាស្រ័យគ្នា ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ខណៈជីវិតកម្មករច្រើនណាស់ កំពុងផ្ញើរជីវិតលើអ្នកបើកបរតែម្នាក់៕