(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ បានផ្ដល់ធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៣០៧គ្រួសារ នៅឃុំទ្រៀល និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ លោកស្រីបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្ដេចតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច និងមិនចាកចេញនៅពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាកនោះទេ។ ការចែកជូនធុងចម្លោះទឹកស្អាតដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋនឹងជួយអភិវឌ្ឍសង្គម។

លោកស្រីបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រកម្មវិធីគោលនយោបាយនានា ដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅសម្រេចបាននូវចក្ខុវិស័យ និងមានគោលបំណងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន (ចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍) ជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ការរក្សាអនាម័យនៅតាមជនបទ និងបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា បង្កើនទំនាក់ទំនងឲ្យកាន់តែមានភាពជិតស្និទរវាងក្រុមសមាជិកព្រឹទ្ធសភា និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាមួយប្រជាពលរដ្ឋឲ្យមានភាពជិតស្និទ្ធ និងដឹងពីការលំបាករបស់ស្ត្រី និងប្រជាពលរដ្ឋ។

លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យណែនាំអប់រំកូនចៅ និងលើកទឹកចិត្តឲ្យកូនចៅរៀនសូត្រយ៉ាងហោចណាស់កម្រិតទុតិយភូមិ (បាក់ឌុប)ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នាដើម្បីប្រទេសកម្ពុជាមានការអភិវឌ្ឍន៍។

តាមការបញ្ជាក់ពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឲ្យដឹងថា ការចែកធុងចម្រោះទឹកស្អាតមកពី២ឃុំ គឺឃុំស្រឡៅ និងឃុំទ្រៀលមានចំនួន៣០៧គ្រួសារ៕