(សៀមរាប)៖ លោកស្រី យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយនាំមុខ ក្នុងចំណោមប្រទេសទាំង៥ ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ និងមានលក្ខខណ្ឌការងារល្អប្រសើរ និងមានគោលនយោបាយច្បាស់លាស់ ក្នុងការប្រឆាំងនឹងពលកម្មកុមារ និងជាប្រទេសនាំមុខមធ្យម ក្នុងចំណោមប្រទេសនាំមុខទាំង១៣ នៅលើពិភពលោក ក្នុងវឌ្ឍនភាពប្រឆាំងពលកម្មកុមារ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោកស្រី យូ សុភា ក្នុងពិធីចែកកង់ សម្លៀកបំពាក់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស ក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅស្រុកសូទ្រនិគម ដោយទទួលបានការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់កិច្ចគាំពារ និងការទប់ស្កាត់ពលកម្មកុមារ នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ដែលប្រារព្ធធ្វើនៅបរិវេណសាលាបឋមសិក្សាវត្តសីលា ស្ថិតនៅឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដោយមានការចូលរួមពីលោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគម និងលោកស្រី ប៊ុន ច្រិប អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំងអាជ្ញាធរឃុំ លោកគ្រូ អ្នកគ្រូ ម្ចាស់សិប្បកម្មផលិតឥដ្ឋ និងអាណាព្យាបាលកុមារចូលរួមផងដែរ។
លោកស្រីបានបន្តថា ពលកម្មកុមារ គឺជាបញ្ហាដែលមានលក្ខណៈសកល ហើយនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់៣ គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ លោកស្រីបន្តថា ប្រទេសកម្ពុជាក៏បានទទួលរងនូវវិបត្តិនេះផងដែរ ដែលធ្វើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ មានការព្រួយបារម្ភជាខ្លាំង។
លោកស្រីបន្ថែមថា ការកេងប្រវ័ញ្ចពលកម្មលើកុមារ គឺជាការប្រើប្រាស់ពលកម្មកុមារ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សុខុមាលភាពរបស់កុមារ ការអប់រំ ការអភិវឌ្ឍ និងការរស់រាន់របស់កុមារនៅថ្ងៃអនាគត។ មិនតែប៉ុណ្ណោះ ពលកម្មកុមារ ក៏ជាប្រភេទការងារ ដែលបង្កឱ្យមានគ្រោះថ្នាក់ ការបំពាននានា និងការកេងប្រវ័ញ្ចញើសឈាមរបស់កុមារ និងធ្វើឲ្យកុមារឃ្លាតឆ្ងាយពីការអប់រំ (ធ្វើឲ្យបាត់បង់នូវឧត្តមប្រយោជន៍កុមារ ដូចជាសិទ្ធិរបស់ពួកគាត់ជាដើម)។
លោកស្រី យូ សុភា បានអំពាវនាវឲ្យមានការចូលរួម ទប់ស្កាត់ពលកម្មកុមារ នៅក្នុងមូលដ្ឋាន ក្នុងនោះគឺ៖ទី១៖ នៅសាលារៀន គឺយើងមានគ្រូបង្រៀនជាអ្នកតាមឃ្លាំមើលក្មេងៗ ធ្វើម៉េចកុំឲ្យគាត់ចេញពីសាលារៀនទៅធ្វើការ, ទី២៖ អាជ្ញាធរភូមិឃុំ ធ្វើការគ្រប់គ្រង និងតាមដានតាមខ្នងផ្ទះ ដើម្បីទប់ស្កាត់កុំឲ្យកុមារ ចូលទៅកន្លែងធ្វើការ ពិសេសនៅក្នុងរង្វង់សិប្បកម្មផលិតឥដ្ឋ, ទី៣៖ អាណាព្យាបាលកុមារ ដែលធ្វើការ ឬស្នាក់នៅក្នុងបរិវេណសិប្បកម្ម ហាមដាច់ខាតនាំកូនចូលទៅក្នុងបរិវេណនៃសង្វាស់ផលិតកម្ម ឬប្រើប្រាស់ពលកម្មកុមារ ត្រូវបញ្ចូនកូនឲ្យចូលរៀនឲ្យបានគ្រប់ៗគ្នា, ទី៤៖និយោជក ឬម្ចាស់សិប្បកម្ម ត្រូវមានការប្រុងប្រយ័ត្នដោយមិនត្រូវជ្រើសរើសកុមារក្រោមអាយុ ១៥ឆ្នាំ ឲ្យចូលធ្វើការ ហើយក្រុមអធិការកិច្ចការងារ ត្រូវចុះទៅពិនិត្យលក្ខខណ្ឌការងារ និងទប់ស្កាត់កុមារមិនឲ្យចូលធ្វើការផងដែរ។
លោកស្រី ប៊ុន ច្រិប បានឲ្យដឹងថា ការចែកកង់ សម្លៀកបំពាក់ និងសម្ភារៈសិក្សាដល់កុមារនាពេលនេះ គឺធ្វើឡើងដើម្បីលើកកម្ពស់កិច្ចគាំពារកុមារ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ឬការប្រើប្រាស់ពលកម្មកុមារដោយបង្ខំ នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ។ លោកស្រីបន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងការពារកុមារពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេស គឺកិច្ចខិតខំប្រឹងប្រែងក្នុងដំណើរឆ្ពោះទៅបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព។
លោកស្រីបញ្ជាក់ថា ពិធីនេះ គឺទទួលបានការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ មានពីរគោលដៅសរុបចំនួន៦០នាក់ ដោយឡែក នៅក្នុងស្រុកសូទ្រនិគមនាពេលនេះ គឺមានចំនួន៤០នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាវត្តសីលា ក្នុងឃុំដានរុន និងបានចែកជូនកុមារមានចំនួន២០នាក់ផងដែ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅសាលាឋមសិក្សាកណ្តឹង ដែលស្ថិតនៅក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាបផងដែរ៕