(ស្វាយរៀង)៖ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤កន្លងទៅនេះ បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ចេញ ចូលមកកម្ពុជា សរុប១,៥៧៨,៦៩៩នាក់ មាន១៧២សញ្ជាតិ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន២៦៣,១៦០នាក់ ស្មើនិង១៩.០១ភាគរយ ក្នុងនោះមានភ្ញៀវបរទេសចូលមកកម្ពុជាកើនឡើងចំនួន១៨៧,៦៨៧នាក់ មាន១៧២សញ្ជាតិ។

នេះបើយោងតាមលោក ពុធ សុភាកែវ មន្ត្រីជំនួយការប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។

លោកបានបន្តថា ទន្ទឹមភ្ញៀវបរទេស  និងភ្ញៀវខ្មែរវិលត្រឡប់ចូលមកកម្ពុជា បន្ទាប់ពីបំពេញកិច្ចការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាកលំហែកាយ ក្នុងឆ្នាំ២០២៤ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការសម្របសម្រួលជូនភ្ញៀវចេញ សរុប ១,៥២៥,១៤៣នាក់ មាន១៦៨សញ្ជាតិ បើប្រៀបធៀបទៅឆ្នាំ២០២៣ មានការកើនឡើង ចំនួន២០៨,៦០៤នាក់នាក់ ១៥.៨៤% ក្នុងនោះភ្ញៀវបរទេសចេញចំនួន១,៣០១,២៩០នាក់មាន១៦៧សញ្ជាតិ។

លោកបានបញ្ជាក់ថា កត្តាដែលភ្ញៀងបរទេស បានចូលមកកម្ពុជាច្រើន បើតាមការសន្និដ្ឋានរបស់មន្ត្រីច្រក គឺភ្ញៀវមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល បង្កឲ្យមានសន្តិសុខល្អ ពិសេសរាជរដ្ឋាភិបាល បានធ្វើការបញ្ជៀស និងទប់ស្កាត់ជំងឺគ្រប់ប្រភេទឆ្លងចូលសហគមន៍ និងពលរដ្ឋ។

បើតាមមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានឲ្យដឹងថា សម្រាប់ភ្ញៀវអឺរ៉ុបក៏មានចំនួនកើនឡើងដែរ ដែលធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនមួយនេះ ដោយពួកគេបានធ្វើដំណើរទៅស្នាក់នៅរាជធានីភ្នំពេញ និងបន្តទៅលេងទស្សនាប្រាង្គប្រាសាទអង្គរវត្តនៅខេត្តសៀមរាប និងតំបន់ទេសចរមួយចំនួនទៀតក្នុងប្រទេសកម្ពុជា៕