(ពោធិ៍សាត់)៖ ផ្លូវគ្រួសក្រហម ប្រវែងជាង៤,០០០ម៉ែត្រ និងស្ពានឆ្លងកាត់ស្ទឹងពោធិ៍សាត់ (ស្ពានកំពង់ល្វា) ប្រវែង១៦០ម៉ែត្រ ដែលចំណាយថវិកាអស់ជាង៤១ម៉ឺនដុល្លារអាមេរិក ឆ្លងកាត់ភូមិតានុក និងភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កសាងឡើងដោយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំក្រវាញ ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើងស្របគ្នា ក្នុងឱកាសអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ - ៧ មករា ២០២៥» ដោយបានការចូលរួមពី លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ងួន ប៉ោសេង និងលោក ហេង សុភាណា អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ជាក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ស្រុកបាកាន និងស្រុកតាលោសែនជ័យ, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរមូលដ្ឋាន, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង១,៥០០នាក់។

លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានជម្រាបជូនអំពីសមិទ្ធផលធំៗ របស់មូលដ្ឋានស្រុក និងឃុំ ដែលក្រុមការងារបានផ្តល់ជូនប្រជាពលរដ្ឋនាពេលកន្លងមក ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ជាពិសេសកិច្ចការងារមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ មិនដែលខកខាននោះឡើយ។ ជាក់ស្តែងដូចជាស្ពានកំពង់ល្វា ដែលបានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ មានបណ្តោយប្រវែង១៦០ម៉ែត្រ ទទឹង៤,២០ម៉ែត្រ ឆ្លងកាត់ស្ទឹងពោធិ៍សាត់ បានស្ថាបនាជា៣ដំណាក់កាល គឺលើកទី១ នៅឆ្នាំ២០១៦ ជួសជុលឡើងវិញ នៅឆ្នាំ២០១៩ និងសាងសង់លើកទី២ នៅឆ្នាំ២០២៤ រួមទាំងផ្លូវគ្រួសក្រហមជាង៤,០០០ម៉ែត្រ ដោយចំណាយថវិកាអស់ជាង៤១ម៉ឺនដុល្លារអាមេរិក ជាសក្ខីភាពស្រាប់។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងថា ផ្លូវគ្រួសក្រហមជាង៤,០០០ម៉ែត្រ និងស្ពានឆ្លងកាត់ស្ទឹង មានបណ្តោយប្រវែង១៦០ម៉ែត្រ និងទទឹង៤,២០ម៉ែត្រ ត្រង់ចំណុចភូមិតានុក ឃុំលាច និងត្រើយម្ខាងស្ថិតក្នុងភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីស្រឡាងមួយទៀត ដែលកសាងឡើង ដោយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំក្រវាញ ជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ។ សមិទ្ធផលនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចក្មួយៗសិស្សានុសិស្ស ដែលកន្លងមកជួបការលំបាក ព្រោះគ្មានផ្លូវ គ្មានស្ពាន ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ ជាពិសេសសិស្សានុសិស្ស ធ្វើដំណើរទៅសាលារៀន និងទៅកាន់មណ្ឌលសុខភាពជាដើម ដែលតែងតែជួបឧបសគ្គ និងជួបបញ្ហាប្រឈមជាច្រើន។

លោករដ្ឋមន្ត្រីបន្តថា នេះគឺដោយសារតែសង្គមជាតិយើង ទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ថែមលើការខិតខំប្រឹងប្រែង របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា គ្រប់ថ្នាក់ គ្រប់ផ្នែក ទើបធ្វើឱ្យសមិទ្ធផលនេះ ទទួលបានជោកជ័យ ទុកជាចំណងដៃជូនដល់បងប្អូននៅតំបន់នេះ បានប្រើប្រាស់ទៅតាមតម្រូវការរបស់ខ្លួនដោយមិនប្រកាន់អំពីនិន្នាការអ្វីឡើយ។

លោកបានថ្លែងជម្រាបជូនទៀតថា ជាង៤៦ឆ្នាំកន្លងមកនេះ សង្គមជាតិទាំងមូលទទួលបានសុខសន្តិភាព ស្ថេរភាព និងកសាងបាន នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់ទីកន្លែង ក្នុងនោះក៏មានស្រុកភ្នំក្រវាញយើងផងដែរ ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងកាត់បន្ថយភាពក្រីក្រ។ តាមរយៈសមិទ្ធផលនេះ លោកបានសំណូមពរ ដល់ប្រជាពលរដ្ឋបន្តចូលរួមប្រើប្រាស់ និងថែរក្សាសមិទ្ធផលទាំងនេះ ឱ្យបានគង់វង្សល្អ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ រួមដំណើរជាមួយ សម្តេចតេជោ និងសម្តេចបវរធិបតី ដើម្បីបានបន្តគ្រប់គ្រងដឹកនាំនាវាកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានឱកាសថែរក្សាសុខសន្តិភាពបន្តទៀត។

ក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បានចែកវត្ថុកំដរដៃជានិម្មិតរូប ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមជាង១,៥០០នាក់ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម សម្រាប់ក្មួយៗសិស្សានុសិស្ស ទទួលបានសម្ភារៈសិក្សាស្មើៗគ្នា ព្រមទាំងបន្តអញ្ជើញកាត់ខ្សែបូរណ៌ សម្ពោធសមិទ្ធផលទាំងអស់នោះ ជាផ្លូវការផងដែរ៕