(កំពង់ធំ)៖ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ ដឹកនាំដោយលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចែកធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ នៅឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានថ្លែងថា តាមរយៈការផ្តល់ជូនធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការស្តែងចេញនូវការយកចិត្តទុកដាក់របស់រជារដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់របស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ព្រមជាមួយនឹងការខិតខំយកចិត្តទុកដាក់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលលោកបានខិតខំស្វែងរកម្ចាស់ជំនួយដើម្បីបានសម្ភារនេះមកចែកជូនបងប្អូនទាំអស់គ្នា និងដោយមានកិច្ចសហការយ៉ាងស្អិតរមួត របស់សមាគមនារីខេត្ត ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណា ជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
លើសពីនេះសមាគមនារីខេត្តកំពង់ធំនឹងបន្តកិច្ចសហការជិតស្និតជាមួយរដ្ឋបាល ក្រុង-ស្រុក និងអនុសាខាសមាគមនារីក្រុង-ស្រុក ដើម្បីអនុវត្តគម្រោងនេះចែកជូនដល់បងប្អូន នៅក្នុងឃុំសង្កាត់ផ្សេងទៀតក្នុងខេត្តកំពង់ធំ ហើយការចែកជូនធុងចម្លោះទឹកស្អាតដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋនឹងជួយអភិវឌ្ឍសង្គម។
ទន្ទឹមពេលជាមួយគ្នានោះដែរ លោកស្រី ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលតែងគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខ និងរក្សាការពារបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំ។
លោកស្រី ឃួន ឃុនឌី បានណែនាំទៅកាន់ប្រជាពលរដ្ឋដែលទទួលបានធុងចម្រោះទឹកស្អាត ឱ្យចេះពីរបៀបប្រើប្រាស់ លាងសម្អាត និងទុកដាក់ឱ្យបានត្រូវត្រឹមទៅតាមការណែនាំ ដើម្បីជៀសវាងយកទៅប្រើប្រាស់ខុស ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងឆាប់ខូចខាតផងដែរ៕