(ភ្នំពេញ)៖ ក្រមា ឬកន្សែងប្រពៃណីខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣ របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។
អ្នកស្រាវជ្រាវយល់ថា ក្រមា គឺជាពាក្យកម្ចីពីភាសាពែរ្ស (Persian) ចូលមកសង្គមខ្មែរ ប្រហែលក្រោយសតវត្សទី១៤ ហើយពាក្យនេះ ច្រើននិយាយតែអ្នករស់នៅទីក្រុង ឬទីប្រជុំជន។ ក្នុងរចនានុក្រមខ្មែរ បានពន្យល់ថា ក្រមាជាសំពត់ត្បាញដោយអំបោះ មានក្រឡាខ្វែង សម្រាប់ផ្លាស់ងូតទឹក (ជួន ណាត, ១៩៦៧, ទំ. ២៤)។
សព្វថ្ងៃពាក្យក្រមា បានជ្រួតជ្រាប និងប្រើប្រាស់យ៉ាងទូលំទូលាយ ប៉ុន្តែអ្នករស់នៅជនបទ មានពាក្យហៅសំដៅលើក្រមាថា កន្សែង ឆ្នូត សំពត់ដណ្តប់ ឬផាហ៊ុម។ ក្រមាមានសារៈសំខាន់ណាស់ក្នុងជីវភាពរស់នៅក្នុងសង្គមខ្មែរ។ ប្រជាជនខ្មែរនៅជនបទប្រើប្រាស់ក្រមាតាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់ ដូចជា ចងជាអង្រឹងឲ្យក្មេង, កម្រាល, ស្លៀក, ដណ្តប់, បិទបាំង, ជួតក្បាល, ទទូ, ជូតញើស ឬខ្លួនប្រាណ, ចោមពង់, ផ្លាស់ងូតទឹក, បង់ក, ធ្វើចំណងចងស្មៅ ធ្វើថ្នក់ បេះផ្លែឈើ ឬដាក់របស់របរផ្សេងៗតាមសេចក្តីត្រូវការ។
ពាក់ព័ន្ធនឹងក្រមា ត្រូវបានលោក នួន ភារម្យ ដែលជាប្រជាពលរដ្ឋមកពីខេត្តស្វាយរៀង ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៃឈ្លាស របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលមានក្រសួងវប្បធម៌ វិចិត្រ និងសិល្បៈ ខិតខំបញ្ជូលក្រមា ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចរូបនេះ បានថ្លែងបន្តថា ក្រមា គឺជាមរតកវប្បធម៌ជាតិអរូបី ទី៧ ដែលកម្ពុជាបានដាក់បញ្ចូលដោយជោគជ័យ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ក្រមា ពិតជាមានសារៈប្រយោជន៍ចាក់យ៉ាងជ្រៅក្នុងសង្គមខ្មែរ ក្រមាមានប្រយោជន៍យ៉ាងច្រើនក្នុងជីវភាពប្រចាំថ្ងៃ ទាំងការប្រើប្រាស់ប្រចាំថ្ងៃ, ប្រើប្រាស់សម្រាប់ពិធីសាសនា និងសម្រាប់ជូនជាវត្ថុអនុស្សាវរីយ៍ ឬពិធីផ្សេងៗតាមការរៀងខ្លួន។
លោក នួន ភារម្យ បានបញ្ជាក់ថា «សម្រាប់ការដាក់ក្រមា ចូលជាជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូនេះ ពិតជាផ្តល់សារៈប្រយោជន៍សំខាន់ណាស់ សម្រាប់ប្រជាជន និងប្រទេសជាតិយើង។ តួយ៉ាង សម្រាប់ប្រជាជន បានបង្ហាញពីការថែរក្សា អត្តសញ្ញាណ វប្បធម៌ ប្រពៃណីនៃការតម្បាញ ចំពោះកូនខ្មែរគ្រប់ៗជំនាន់ បន្តថែរក្សា បង្កើនការផ្សព្វផ្សាយ និងច្នៃប្រឌិត តាមរយៈការដាក់បញ្ជូលក្រមានេះ លើឆាកអន្តរជាតិ។ មួយវិញទៀត បង្កើនសកម្មភាពសេដ្ឋកិច្ច តាមរយៈការបង្កើនឱកាសការងារ និងបង្កើមទីផ្សារនាំចេញក្រមាទាំងក្នុងស្រុក និងក្រៅស្រុក»។
បើតាមលោក នួន ភារម្យ សម្រាប់ប្រទេសជាតិ ការដាក់បញ្ជូលក្រមា ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ រួមមាន៖
* ទី១៖ លើកតម្កើងកិត្យានុភាពជាតិ តាមរយៈការចុះបញ្ជីក្រមាខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។
* ទី២៖ បង្កើនកិច្ចការអភិរក្ស ថែរក្សា ការពារមរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយវប្បធម៌ខ្មែរទាំងក្នុងប្រទេស និងលើឆាកអន្ដរជាតិ។
* ទី៣៖ បង្កើនចំណូល តាមរយៈការបង្កើនទីផ្សារក្រមាលើឆាកជាតិ និងអន្តរជាតិ កំណើនភ្ញៀវទេសចរគាំទ្រដល់សិប្បកម្មត្បាញក្រមា (Handmade) ជាដើម និងការជាវជាវត្ថុអនុស្សាវរីយ៍ជាដើម។ល។
កម្ពុជាធ្លាប់បំបែកឯតទគ្គកម្មក្រមា វែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គួរនាំគ្នាប្រើក្រមា ជំនួសម៉ាស់ ដើម្បីបង្ការជំងឺ Covid-19 ដែលជាការចូលរួមចំណែកលើកស្ទួយអត្តសញ្ញាណជាតិ និងចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ។
ជាមួយគ្នានេះ លោក ហួន សាវង ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា បើសិនជាខ្មែរតែម្នាក់ ទិញយកក្រមា ឬកន្សែងប្រពៃណីខ្មែរមួយ នឹងជួយអ្នកផលិតបានច្រើន ឬអាចនិយាយបានថា ជួយដល់សហគមន៍ផលិតក្រមាតែម្តង។
មន្ត្រីជំនាញរូបនេះ បានបន្តថា ក្រមាមានភស្តុតាងជាច្រើន ដូចជា តាមរយៈចម្លាក់ គំនូរ និងក្នុងអក្សរសិល្ប៍ជាដើម។ ភស្តុតាងនៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ, ចម្លាក់នៅប្រាសាទបាយ័ន្ត តំបន់អង្គរ ខេត្តសៀមរាប ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថា ជាការប្រើប្រាស់ក្រមាប្រចាំថ្ងៃ ដែលជាងចម្លាក់នាសម័យកាលនោះ យកមកធ្លាក់។ ក្រមា ក៏មានបង្ហាញជាភស្តុតាងគំនូរនៅថែវវិហារព្រះកែវមរកត នៅក្នុងព្រះបរមរាជវាំង, វត្តកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង, វិហារវត្តព្រះស៊ីសុវត្ថិរតនារាម ខេត្តកណ្តាល, វិហារវត្តរាជបូព៌ ខេត្តសៀមរាប, និងគំនូរលើកុដិវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាលជាដើម។
លោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានពន្យល់ពីអត្ថន័យនៃសរសៃក្រមា ថាការត្បាញចូលគ្នាម្តងមួយសរសៃៗ គឺបញ្ជាក់ពីការរួមគ្នានៅក្នុងសង្គមតែមួយ។ ការប្រទាក់ក្រឡាគ្នា ពីមួយសរសៃទៅមួយសរសៃទៀត រហូតដល់យើងអាចប្រើប្រាស់បាននេះ មានគុណតម្លៃធំធេងណាស់ នៅក្នុងអារ្យធម៌ខ្មែរ ក្នុងការផ្សារភ្ជាប់គ្នា។
លោកអះអាងថា បើតាមសិលាចារឹក ការប្រើប្រាស់ក្រមាមានតាំងពីសម័យមុនគ្រិស្តរាជមកម្ល៉េះ។ ការប្រើប្រាស់ក្រមានេះ មានក្នុងបែបបទធម្មតាផង និងសាសនាផងដែរ ដោយស្តែងឡើងតាមរយៈការពាក់លម្អក្នុងពិធីនានា និងការពាក់ពានារបស់យាយៗ ពេលទៅបុណ្យនិងវត្តអារាមនានា។
រីឯលោកបណ្ឌិត យង់ ពៅ អ្នកតាមដានបញ្ហាសង្គម និងនយោបាយ បានលើកជាទស្សនៈថា នៅពេលមហាជនបង្ហាញពីការគាំទ្រក្រមា ដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ហើយនោះ មហាជនក៏ត្រូវគាំទ្រលើការប្រើប្រាស់ផង ពោលគឺកុំគាំទ្រតែរូបភាព។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវយើងបានបញ្ចូលក្រមា (ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ) រួចហើយ ប៉ុន្តែកុំបញ្ចូលហើយ យើងអត់មានការគាំទ្រអី [...]។
ចំណែកឯលោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានលើកឡើងថា ក្រមា ឬកន្សែងប្រពៃណីខ្មែរ គឺជាអត្តសញ្ញាណជាតិ ហើយនៅពេលឃើញនរណាម្នាក់មានក្រមា ទោះមិនសួរពីសញ្ជាតិ ក៏អាចដឹងថា គាត់ជាខ្មែរដែរ។
ក្នុងឱកាសផ្តល់កិច្ចសម្ភាសដល់បណ្តាញព័ត៌មាន Fresh News លោក រឿង សារ៉េត បានបញ្ជាក់ថា «នៅពេលខ្ញុំបង់ក ក្រមា គឺបង្ហាញពីអត្តសញ្ញាណប្រជាជនខ្មែរយើង។ ភាគច្រើន នៅពេលឃើញបង់ករក្រមា មិនបាច់សួរ ក៏ដឹងថា ជាប្រជាជនខ្មែរដែរ»។
សូមជម្រាបដែរថា ក្រមាក៏ផ្សារភ្ជាប់នឹងជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណកាលមក។ ជាក់ស្តែង នៅតំបន់សំបូរព្រៃគុក ខេត្តកំពង់ធំ អ្នកស្រុកយកក្រមាទៅក្រាលក្នុងពិធីឡើងអ្នកតា ដែលជានិមិត្តរូបនៃស្រែ។ ពិធីផ្លុងក្រឡាន នៅខេត្តសៀមរាប យកក្រឡានដែលធ្វើពីអង្ករស្រូវថ្មីយកទៅគរ ហើយនិមន្តលោកមកគោះយកក្រឡានក្នុងពិធីនោះ។ គេយកក្រមា ក្រាលឲ្យព្រះសង្ឃនិមន្តទស់ ដើម្បីជាអានិសង្ស។
នៅតាមខេត្តមួយចំនួនអ្នកស្រុកយកក្រមាទៅគ្របលើមឈូស កន្លែងខ្លះគេយកទៅគ្របសព ខ្លះនៅពេលបូជាសពហើយ មុននឹងរើសធាតុ គេធ្វើកិច្ចហៅប្រែរូប ហើយយកក្រមាទៅគ្រប។ តំបន់ខ្លះយកក្រមានឹងទៅដាក់ធាតុ ហើយមានកិច្ចមួយចុងក្រោយគេហៅ បំពេធាតុ គេយកក្រមាចងធ្វើដូចអង្រឹង រួចយោលបំពេរ។
ក្រមាខ្មែរមានច្រើនប្រភេទដូចជា ក្រមាសូត្រដែលភាគច្រើនមានធ្វើនៅខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ, ក្រមាអំបោះជ្រលក់ពណ៌ត្រុំ ដែលនៅខេត្តកំពង់ចាម, ក្រមាឆ្លុះនៅកំពង់ចាម និងខេត្តកំពង់ស្ពឺ, ព្រមទាំងក្រមាអំបោះនៅខេត្តផ្សេងៗទៀតនៃប្រទេស កម្ពុជា។ មុខរបរតម្បាញក្រមា បានជួយសិប្បករកម្ពុជា និងជំរុញសេដ្ឋកិច្ចជាតិគួរឱ្យកត់សម្គាល់។ ក្រុមគុនល្បុក្កតោ បានយកក្រមាជាយុទ្ធគុន និងសម្គាល់កម្រិតសមត្ថភាពដូចជា ថ្នាក់ក្រមាមាសជាដើម ហើយបច្ចុប្បន្ន ក្រមាជាវត្ថុដែលបង្ហាញពីអត្តសញ្ញាណជាតិ៕