(កំពង់ស្ពឺ)៖ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ បានចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ តាមរយៈការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់យានយន្ដឲ្យស្វែងយល់កាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ និងជាចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ ហើយដើម្បីចៀសវាងការចាប់ផាកពិន័យ ដែលជាការចង់បានរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យបង្កើនការផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋនោះ, ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយទោ ឃឹម សុកខៃ បានបញ្ជាកម្លាំងក្រុមចល័តការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ឯក សាយ ប៊ុនថុល ចុះផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៣/៤៤ ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ការចុះផ្សព្វផ្សាយអប់រំលើអ្នកបើកបរយានយន្តនេះ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីការប្រើប្រាស់កន្លងផ្លូវ, ការប្រើប្រាស់ល្បឿន, ការប្រើប្រាស់ភ្លើងសញ្ញានៃយាន, ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់, ការបើកបរក្នុងភាពងងុយគេង, ការគោរពសិទ្ធិអាទិភាព, ការយោគយល់អធ្យាស្រ័យ, ស្ថានភាពចុះចំណោទពេលមានភ្លៀងធ្លាក់ និងបកកញ្ចក់ខ្មៅ ដោះស៊ីផ្លេ វាំងនន តុក្កតា ចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
យ៉ាងណាមិញ តាមរយៈការចុះផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍នេះ ប្រជាពលរដ្ឋបានសម្ដែងនូវក្ដីរីករាយនៅពេលឃើញកាយវិការរបស់នគរបាលចរាចរណ៍បែបនេះ ដោយពួកគាត់បានចាត់ទុកថា ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ពុំចាំបាច់ទាល់តែចាប់ផាកពិន័យជាប្រាក់នោះទេ៕