(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំនាទាក់ទិនទៅនឹងប្រាក់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាន និងអតិថិជន ដោយស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាពក្នុងការផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងទិញលំនៅឋាន។
កិច្ចប្រជុំនេះមានការចូលរួមពី លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា, លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកឧកញ៉ាសមាជិក គណៈកម្មការប្រតិបត្តិនៃសមាគមអ្នកសាងសង់កម្ពុជា លោកស្រីប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រធានសមាគមធនាគារកម្ពុជា ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា តំណាងវិស័យឯកជន តំណាងបណ្តាស្ថាប័នធនាគារ និងស្ថាប័នពាក់ព័ន្ធ។
ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ផ្នែកឯកជន «ក្រុមឌ» វិស័យធនាគារនិងហិរញ្ញវត្ថុ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ក៏ដើម្បីស្តាប់ និងពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តបានជោគជ័យនូវគោលនយោបាយនេះ សំដៅផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅផងដែរ។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យអតិថិជនទទួលបានកម្ចីមានការប្រាក់សមរម្យ ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា មុននឹងដើរមកដល់ជំហាននេះ ក្រសួងរៀបចំដែនដី បានអនុវត្តការងារចំនួន៦ ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ ហើយយើងអាចដោះស្រាយបញ្ហាដល់កម្រិតមួយដែលអាចនិយាយបានថា យើងបានបង្កើតបរិយាកាសគ្មានវិវាទនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ចំពោះការងារចុះបញ្ជីដីធ្លី លោក បានបញ្ជាក់ថា មកដល់ពេលនេះបានចុះបញ្ជីដីចំនួន ៣លាន ៦សែនក្បាលដី និងនៅសល់ប្រមាណមួយលានក្បាលដីទៀតប៉ុណ្ណោះ នឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាស្ថាពរ។
ដោយឡែកចំពោះបញ្ហាជម្លោះដីធ្លីប្រមាណ ២ម៉ឺនករណី តាមរយៈគណៈកម្មការសុរិយោដី និងអាជ្ញាធរដោះស្រាយវិវាទដីធ្លី គឺបានដោះស្រាយវិវាទដីធ្លីអស់ជាច្រើនករណីដោយនៅសល់ត្រឹមក្រោម ១ពាន់ករណីប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ។ ចំពោះការផ្ដល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងវិស័យឯកជនគឺក្រសួងបានដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញដោយបានភ្ជាប់នៅ ២៥ រាជធានី-ខេត្តទូទាំងប្រទេស។
រីឯនៅខេត្តសៀមរាប លោករដ្ឋមន្ត្រី បានដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាវិវាទដីធ្លី រវាងប្រជាជន និងអាជ្ញាធរជាតិអប្សរា។ លោក បានមានប្រសាសន៍បន្តថា ចំពោះបឹងទន្លេសាប គឺយើងត្រូវប្រកាន់យកគោលជំហរជាក់លាក់ ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាប ពីព្រោះបឹងទន្លេសាប និងទន្លេមេគង្គឱ្យផលដល់ប្រទេសជាតិ និងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ដោយឡែកបញ្ហាបុរីមាន ១០៦ករណី យើងបានដោះស្រាយសម្របសម្រួលបាន ៥៣ករណី ហើយក្នុងពេលឆាប់ៗខាងមុខនេះ នឹងអាចដោះស្រាយបានប្រមាណ ៣០ករណីបន្ថែមទៀតស្របតាមគោលការណ៍សម្រុះសម្រួលគ្នា។
ទាក់ទិនទៅនឹងឧស្សាហកម្មប្រាក់កម្ចី, រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី មានបំណងចង់ឱ្យក្លាយទៅជាឧស្សាហកម្មថេរមួយ បើទោះបីជាវាអាចឡើងចុះតាមការប្រកួតប្រជែងយ៉ាងណាក្តី ប៉ុន្តែនេះជាឧស្សាហកម្មមួយ ដែលបានបង្កើតការងារផ្ដល់ប្រាក់ចំណូលដល់ប្រជាជនកម្ពុជា ក៏ដូចជាបុគ្គលិកធនាគារ ដូច្នេះការជួបប្រជុំគ្នានាពេលនេះ ក៏ដើម្បីរួមគ្នាគិតគូរសំដៅធានាឱ្យបានថា «សេដ្ឋកិច្ចជាតិនឹងដើរទៅមុខប្រកបដោយនិរន្តរភាពផងដែរ»៕