(ព្រៃវែង)៖ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងនិមន្តជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យផ្កាសាមគ្គី ពិធីវេរប្រគេនដីទំហំ ២៦.០៧០ ម៉ែត្រក្រទ្បា និងការផ្តល់ផ្លូវបេតុង ១ខ្សែ ប្រវែង ១.១៥០ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តពោធិសាលា (ហៅវត្តយាង) និងប្រជាពលរដ្ឋនៅភូមិយាងតូច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម មែ ស៊ីថន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

មានថេរដីការក្នុងពិធីដ៏អធិកអធមនោះ សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថាវត្តអារាមមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិ ដោយបានផ្តល់ម្លប់ដល់​​ពុទ្ធសាសនិក និងជាថ្នាលបណ្ដុះបណ្ដាលចំណេះដឹង ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល ជាក់ស្ដែងទីអារាមនេះ មានអាយុកាលជាងមួយសតវត្សរ៍មកហើយ ព្រមទាំងបានជាថ្នាលបណ្តុះបណ្តាលចំណេះដឹង​ និងបន្ត​ពង្រឹង​សមត្ថភា​ព​ដល់សមណសិស្ស សិស្ស​ក្នុងវិស័យ​ពុទ្ធិក​សិក្សា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការរបស់ប្រទេសជាតិ ដែលកំពុងត្រូវការធនធានមនុស្សជា​ចាំបាច់សម្រាប់​ពង្រឹងដល់វិស័យពុទ្ធចក្រ និង​អាណា​ចក្រ​។

ក្នុងឱកាសនោះដែរលោក មែ ស៊ីថន បានលើកឡើងអំពីសារៈសំខាន់ និងឧត្តមប្រយោជន៍នៃការចូលរួមកសាងសមិទ្ធផលក្នុងវត្តអារាម និងតម្លៃនៃការការពារសុខសន្តិភាព ដើម្បីអនាគតរបស់កូនចៅយើងច្រើនជំនាន់ទៅទៀត។

ជាមួយនឹងភាពសប្បាយរីករាយ អនុមោទនាត្រេកអរ និងជ្រះថ្លាជាមួយនឹងការបរិចាគទានដ៏ថ្លៃថ្លាពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ នាពេលនោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង បានគោរពបួងសួងដល់ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយប្រោសព្រហ្មជូនចំពោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសេចក្តីសុខចម្រើន ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿងដរាបតទៅ៕