(ភ្នំពេញ)៖ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ណែនាំដល់ក្រុមហ៊ុនផលិតជីសេរីរាង្គ ត្រូវផលិតស្របតាមស្តង់ដារបច្ចេកទេស ដេីម្បីធានាគុណភាព និងចែកចាយក្នុងតម្លៃសមរម្យជូនប្រជាកសិករ។

លោក បានបង្ហាញនូវការសប្បាយរីករាយជាខ្លាំង ដែលកូនខ្មែរមានសមត្ថភាពក្នុងការបង្កើតសិប្បកម្ម ឬរោងចក្រផលិតជីសរីរាង្គក្នុងស្រុក ដែលជួយបង្កើតការងារ ដោះស្រាយបញ្ហាបរិស្ថាន កាត់បន្ថយការប្រើប្រាស់ជីគីមីនាំចូលពីបរទេស កាត់បន្ថយថ្លៃដើមផលិត និងជួយបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ។

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក គង់ ច័ន្ទវាសនា បានផ្តាំផ្ញេី និងលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន និងសិប្បកម្មជីសរីរាង្គក្នុងស្រុកទាំងអស់ ឱ្យបន្តផលិតស្របតាមស្តង់ដារបច្ចេកទេស ដេីម្បីធានាគុណភាព និងចែកចាយក្នុងតម្លៃសមរម្យជូនប្រជាកសិករប្រេីប្រាស់កាន់តែទូលំទូលាយថែមទៀត។

បច្ចុប្បន្ន ប្រទេសកម្ពុជាមានក្រុមហ៊ុន និងសិប្បកម្មខ្នាតមធ្យមជាង១០ ដែលបាននិងកំពុងផលិតជីសរីរាង្គក្នុងស្រុក ក្នុងបរិមាណជាង៤មុឺនតោន ក្នុងមួយឆ្នាំ ដេីម្បីផ្គត់ផ្គង់ដល់ប្រជាកសិករ៕