(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានណែនាំប្រជាពលរដ្ឋរស់នៅត្រូវមានអនាម័យ បរិស្ថានជុំវិញផ្ទះឱ្យបានល្អ និងបានលើកទឹកចិត្តឲ្យកូនចៅរៀនសូត្រយ៉ាងហោចណាស់កម្រិតទុតិយភូមិ (បាក់ឌុប) ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា ដើម្បីប្រទេសកម្ពុជាមានការអភិវឌ្ឍ។

លោកស្រី ឃួន ឃុនឌី បានអញ្ជើញសំណេះសំណាលនិងនាំយកធុងចម្រោះទឹកស្អាត ក្រមាចែកជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥។

លោកស្រីពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសក្រោមការរដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រកម្មវិធីគោលនយោបាយនានា ដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាសំដៅសម្រេចបាននូវចក្ខុវិស័យ និងមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន (ចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍) ជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ការរក្សាអនាម័យនៅតាមជនបទ និងបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា បង្កើនទំនាក់ទំនងអោយកាន់តែមានភាព ជិតស្និទរវាងក្រុមសមាជិកព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជាមួយប្រជាពលរដ្ឋឲ្យមានភាពជិតស្និទ្ធនិងដឹងពីការលំបាករបស់ស្ត្រីនិងប្រជាពលរដ្ឋ។ការចែកជូននាឱកាសនេះបានមកពីកិច្ចសហការរវាងក្រុមសមាជិកាព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO ដើម្បីលើកកម្ពស់សង្គម។

លោកស្រីបន្តថា ប្រជាពលរដ្ឋទំាងអស់បានដឹងហើយថា ប្រទេសយើងបានទទួលរងនូវសង្គ្រាមក្នុងរបបខ្មែរក្រហម រយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ គឺបានបំផ្លិចបំផ្លាញគ្មានសល់អ្វីទេ តែដោយមានកិច្ចខិតខំប្រឹងប្រែងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយប្រទេសជាតិពីបាតដៃទទេរហូតមានការជឿនលឿន និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ពេលនេះ ពលរដ្ឋត្រូវប្រកបមុខរបរជាធម្មតាកុំកាប់បំពង់រងចាំទឹកភ្លៀង ហើយប្រទេសយើងសព្វថ្ងៃនៅតែរក្សាបាននូវសុខសុវត្ថិភាពជូនពលរដ្ឋ ដូច្នេះសូមពលរដ្ឋត្រូវទទួលយកការអភិវឌ្ឍ ជាក់ស្តែងជាជាងទទួលយកការស្រមើស្រម៉ៃអ្នកថាវាងាយស្រួលទេតែអ្នកធ្វើជាក់ស្តែងទើបពិបាក។ ដូច្នេះវប្បធម៌លាបពណ៌ និងគោលនយោបាយបោកប្រាស់របស់គណបក្សមួយចំនួន មិនមែនជានយោបាយល្អនោះទេ។

លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យណែនាំអប់រំកូនចៅ និងលើកទឹកចិត្តឲ្យកូនចៅរៀនសូត្រយ៉ាងហោចណាស់កម្រិតទុតិយភូមិ (បាក់ឌុប) ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា ដើម្បីប្រទេសកម្ពុជាមានការអភិវឌ្ឍ៕