(ព្រះសីហនុ)៖ លោកបណ្ឌិត អេង ចំរើន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារយកសម្ភារបណ្ណាល័យមួយចំនួន ប្រគល់ជូននាយកសាលា លោកគ្រូ អ្នកគ្រូសិស្សានុសិស្សនៅសាលាឋមសិក្សា ហ៊ុន សែន កោះខ្យង ដែលស្ថិតនៅភូមិកោះខ្យង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សម្ភារៈបណ្ណាល័យដែលបានប្រគល់ជូននាពេលនេះរួមមាន៖ សៀវភៅសិក្សា សៀវភៅរឿងនិទាន សៀវភៅសម្រាប់សិស្សអានបង្កើនចំណេះ និងធ្នើដាក់សៀវភៅ សម្ភារៈទាំងអស់នេះសុទ្ធសឹងជាប្រយោជន៍ដល់ក្មួយៗសិស្សានុសិស្ស ដែលអនាគតនឹងក្លាយជាយុវជនយុវនារីដ៏សំខាន់ក្នុងការបន្តកសាងអភិវឌ្ឍន៍ជាតិមាតុភូមិ។
នាឱកាសនោះ លោកបានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពី សម្តេចតេជោ ជូនចំពោះលោកគ្រូអ្នកគ្រូទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនដល់ចៅៗសិស្សានុសិស្ស ដែលជាទំពាំស្នងឬស្សីសម្រាប់ប្រទេសជាតិយើង និងសូមកោតសរសើរដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្តតាមការគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចបវរធិបតី ជានាយករដ្ឋមន្ត្រីបានយ៉ាងល្អប្រសើរ។
លោកបណ្ឌិត អេង ចំរើន បានប្រគល់នូវសៀវភៅសរសេរ និងថវិការមួយចំនួនសម្រាប់លោកគ្រូអ្នកគ្រូប្រើប្រាស់ក្នុងសាលាផងដែរ៕