(ភ្នំពេញ)៖ (៥ មករា ១៩៧៦ - ៥ មករា ២០២៥ គឺ៤៩ឆ្នាំ អាពាហ៍ពិពាហ៍ក្នុងគ្រាកលយុគរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីរំលងជាច្រើនឆ្នាំមកហើយ តែដួងចិត្តសម្តេច ទាំងទ្វេរបានចងចាំគ្មានពេលណាភ្លេច និងផ្តាំដល់កូនចៅគ្រប់គ្នាពីការឈឺចាប់។
ថ្ងៃ១៦ មេសា ១៩៧៥ សម្តេចតេជោ ហ៊ុន សែន បានត្រូវរបួសភ្នែកខាងឆ្វេង ពេលបានជាសះស្បើយ បន្ទាប់ពីការព្យាបាលអស់រយៈពេលជាច្រើនខែ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយសម្តេចកិត្តបណ្ឌិត ប៊ុន រ៉ានី ដែលជាស្ត្រីខ្មែរលើទឹកដីជនបទតាមដងទន្លេមេគង្គ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៦។
អាពាហ៍ពិពាហ៍ជាក្រុម (១៣គូ) របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តបណ្ឌិត ប៊ុន រ៉ានី ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានបន្សល់នូវភាពដ៏ល្វីងជូរចត់មិនអាចគណនាបានឡើយ លាយឡំជាមួយដំណក់ទឹកភ្នែក រួមនិងបបរវាល់វែកដេកឱបទុក្ខព្រួយរាល់ថ្ងៃ។ ចំណងស្នេហ៍ដ៏ជ្រាលជ្រៅរវាងកំលោះ «សម្តេចតេជោ ហ៊ុន សែន» និងក្រមុំ «សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី» បានកើតមានឡើងក្នុងគ្រាដែលកំលោះក្រមុំមួយគូនេះ ជាយុទ្ធជន យុទ្ធនារី ក្នុងចលនា តស៊ូរំដោះជាតិដូចគ្នា។
ការរៀបអាពាហ៍ពិពាហ៍ក្នុងរបបអាវខ្មៅ ត្រូវបានធ្វើឡើងយ៉ាងសោះកក្រោះជាទីបំផុត គ្មានសម្លៀកបំពាក់ប្រពៃណី គ្មានផ្កាស្លា គ្មានភ្លេងខ្មែរកាត់ត្រើយ ហោមរោង សំពោងផ្កាចារ ព្រះថោងតោងស្បៃក៏មិនមានឡើយ ទោះគ្មានសាច់ញាតិមេបារចងដៃ ក៏គូស្នេហ៍ទាំងពីរប្តេជ្ញាភក្តីប្តីមួយប្រពន្ធមួយ បើទោះបី សម្តេចតេជោ ពិការភ្នែកម្ខាងក៏មែនពិត ក៏សម្តេចកិត្តិបណ្ឌិតក៏នៅស្នេហ៍ជាដរាប។
អ្នករៀបការទាំង១៣គូ ត្រូវបានរៀបចំឲ្យអង្គុយនៅនឹងតុតម្រៀបជួរគ្នា នារីអង្គុយមុខ អាពាហ៍ពិពាហ៍ ត្រូវបានទទួលដឹងឮដោយគណៈអធិបតី១រូប និងគណៈចាត់តាំង១រូប របស់ខ្មែរក្រហម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាគូចុងក្រោយគេបង្អស់ក្នុងចំណោម១៣គូនោះ (៥មករា ១៩៧៦-៥ មករា ២០២៥) សម្តេចតេជោ បានចាត់ទុកថា នេះជាអាពាហ៍ពិពាហ៍ក្នុងគ្រាកលយុគ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដើរកាត់ព្រៃតាមស្វាមីលើកដំបូងដល់អញ្ឆញកោះថ្ម បានត្រឹមមួយរាត្រីឃាតករបេះដូងបានពង្រាត់ស្វាមីពីទ្រូង ហើយសែនអនិច្ចាជីវិតគូស្នេហ៍ទាំងពីរងងឹតលើសយប់ទៅទៀត ជួបតែកម្មអប្រិយ ពួកអង្គការមហាអន្យតិរិ្ថយ៍ បានបំបែកស្វាមីនិងពង្រាត់ភរិយាគ្មានសង្ឃឹមថាជួបវិញ។
ខេត្តត្បូងឃ្មុំ ស្រុកមេមត់កន្លែងប្រវត្តិស្នេហ៍កម្ម និងទឹកភ្នែលរាប់លានដំណក់ដែលស្វាមីភរិយាមួយគូនេះជួបប្រទះក្នុងគ្រាកលយុគ នៅក្នុងគ្រានោះផងដែរ កូនច្បងរបស់ សម្តេចតេជោ បានចាប់កំណើតឡើងដើម្បីភ្ជាប់និស្ស័យជាមួយឪពុកម្តាយ។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ភរិយារបស់ សម្តេច បានសម្រាលកូនប្រុសដំបូងដ៏ស្រស់ស្អាតម្នាក់ ដែលឪពុកម្តាយប្រសិទ្ធនាមថា «ហ៊ុន កំសត់» តែសម្តេច មិនបាននៅជិតភរិយារបស់ទេ។ ពេលដែលលោកបំពេញការងារចប់បានឆ្លៀតឈាងចូលមន្ទីរពេទ្យ មើលភរិយាដែលសម្រាកនៅក្នុងមន្ទីរពេទ្យនោះសម្តេច គ្មានឱកាសនៅកំដរភរិយានោះទេ ប៉ុន្តែពេលដែលលោកឈានជើងចូលមន្ទីរពេទ្យ រឿងរន្ធត់មួយបានកើតឡើង ជាអកុសលគឺកូនរបស់លោកបានស្លាប់ទៅហើយ គឺពេទ្យធ្វេសប្រហែសបានធ្វើឲ្យកូនប្រុស សម្តេចជ្រុះធ្លាក់ដីបាក់ឆ្អឹងខ្នង គេរើសដាក់មកលើគ្រែវិញ ពេលនោះភរិយា សម្តេច បានសម្រាកនៅបន្ទប់មួយទៀត។
ដោយសារនៅពេលនោះនៅចេញនិងហូរឈាមតាមមាត់ ដោយសារគ្មានថ្នាំសម្រាប់ព្យាបាល ក្នុងនាមជាឪពុក សម្តេច ត្រូវចូលព្រៃទៅកាត់ឬសឈើមកផ្សំជាថ្នាំព្យាបាល លោកបានខិតខំជួយសង្គ្រោះកូនមួយនេះយ៉ាងណានៅតែគ្មានសង្ឃឹម ពេលនោះឆ្កែបានខាំជើង សម្តេច ដែលមានស្នាមរហូតដល់បច្ចុប្បន្ន ពេលដែលឃើញឆ្កែខាំបែបនេះ អ្នកដែលនៅជាមួយសម្តេច ខឹងខ្លាំងណាស់បានដេញវាយឆ្កែនោះ។
សូម្បីតែសត្វក៏វាចេះការពារកូនរបស់វាដែរ សម្តេច បាននិយាយប្រាប់មនុស្សពីរនាក់ដែលដើរជាមួយថាកុំវ៉ៃឆ្កែ សម្តេច ថាឆ្កែពេលនេះវាមានសិទ្ធិជាងយើងទៅទៀត ដោយសារតែវាមានសិទ្ធិការពារកូនរបស់វា ឯយើងជាមនុស្សអត់មានសិទ្ធិស្មើឆ្កែទេ គេមិនអនុញ្ញាតឲ្យយកកូនទៅកប់ទេ គេក៏មិនអនុញ្ញាតឱ្យសម្តេច នៅកំដរភរិយាទេ បើសិនជាអ្នកចិត្តឆេវឆាវអាចដកកាំភ្លើងបាញ់សម្លាប់មេបញ្ជាការនេះ ព្រោះគេអាចដឹងបានហើយថាទោះបីយ៉ាងម៉េចក៏ដោយលោកជាអ្នករៀនកម្មង់ដូរពិសេសកងទ័ពពិសេស ប៉ុន្តែលោកគិតថាមិនអាចធ្វើបែបនេះបានទេ គ្រាន់តែត្រឹមក្លាយខ្លួនទៅជាឃាតករហើយបោះបង់ចោលនូវបុព្វហេតុជាតិដ៏ធំមួយនេះបានទេ នេះជារឿងឈឺចាប់ខ្លាំងណាស់ក្នុងជីវិតលោក។
នៅក្នុងលោកសន្និវាសនេះមិនថាមនុស្សឬសត្វ តែងតែថែរក្សាឃុំគ្រងកូនចៅរបស់ខ្លួនជានិច្ចមិនឲ្យមានអ្វីមកបៀតបៀនបានឡើយ ប៉ុន្តែរឿងដែលគួរឲ្យអាសូររបស់សម្តេចតេជោ ហ៊ុន សែន កូនរបស់សម្តេចស្លាប់ ក៏គ្មានសិទ្ធិដើម្បីយកកូនទៅកប់ទេ គ្មានសិទ្ធិថែទាំប្រពន្ធកូនទេ។ ប៉ុន្តែអ្វីដែលសម្តេច ឈឺចាប់បំផុត គឺនៅលើពិភពលោកនេះគ្មានមេដឹកនាំណាមួយដែលមានការឈឺចាប់ និងជូរចត់ដូចសម្តេចទេ រឿងដែលកំសត់ជាងនេះ។
រស់នៅជាមួយភាពភ័យព្រួយ ទុក្ខសោក ព្រមទាំងការតក់ស្លុតនៅក្នុងចិត្តយ៉ាងខ្លាំងព្រោះបាត់ដំណឹងស្វាមីឈឹងសូន្យ មិនដឹងថាទៅដល់ទីណានោះទេ។ ប៉ុន្មានថ្ងៃក្រោយមក សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន បានភៀសខ្លួនចូលក្នុងទឹកដីវៀតណាម សម្តេចកត្តិព្រឹទ្ធបណ្ឌិត កាន់តែមានការព្រួយបារម្ភខ្លាំងបំផុត ហើយគិតថាតើស្វាមីបានភៀសខ្លួនចេញចាកផុតពីទឹកដី ខ្មែរ ឬមួយនៅក្នុងទឹកដីខ្មែរ បើសិនជាគាត់បានចេញផុតពីទឹកដីខ្មែរបានន័យថាគាត់រស់រានមានជីវិតឡើងវិញ តែបើគាត់រត់ភៀសខ្លួនមិនរួចទេនោះគឺត្រូវបនប្រល័យពូជសាសន៍វានិងសម្លាប់ចោល។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានដឹងដំណឹងថាស្វាមីបានរស់នៅប្រទេសវៀតណាម ប៉ុន្តែសុខទុក្ខយ៉ាងណាក៏មិនដឹង ហើយសភាពការណ៍វិវត្តន៍ទៅយ៉ាងម៉ិចក៏លោកស្រីមិនដឹងដែរ លោកស្រីតែងតែនឹករលឹកស្វាមីជានិច្ច លោកស្រីមានអារម្មណ៍ថាតើថ្ងៃណាយើងបានជួបគ្នាវិញឬមួយ ក៏អត់ និងបន់ព្រះសំពះទេវតាសូមឲ្យបានឆាប់ជួបជុំគ្នាវិញ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកនៅក្នុងអត្ថន័យនៃលិខិតរបស់សម្តេច ដែលបានសរសេរផ្ញើជូនភរិយារបស់លោក ចំណុចដែលសម្តេច ចងចាំបំផុតគឺនៅត្រង់ពាក្យថា ពេលដែលអូនអានសំបុត្រ បងនៅសែនឆ្ងាយ ឆ្ងាយរហូតខ្លួនបងមិនដឹងនៅទីណាសម្តេច មិនអាចប្រាប់ភរិយាថាពេលដែលអូនអានសំបុត្រ បងកំពុងនៅកន្លែងនេះ ឬកន្លែងនោះបានទេ សម្តេច ធ្វើម៉េចដឹង និងមានពាក្យមួយឃ្លាទៀតថា សូម្បីខ្លួនបងអត់ដឹងថានៅទីណាផងទេ ឃ្លាចុងក្រោយបង្កប់ទៅដោយន័យមានសង្ឃឹមផង និងអស់សង្ឃឹមផង បងលាហើយ លាដើម្បីជួបវិញដោយគ្មានពេលកំណត់។
ជានិច្ចកាលសម្តេច តែងតែទន្ទឹងរងចាំដំណឹងភរិយា និងកូនរបស់លោក នាឆ្នាំ១៩៧៧ មានឱកាសចូលមកទឹកដីខ្មែរក្នុងស្រុកមេមត់ដើម្បីស្វែងរកប្រពន្ធ និងកូន ប៉ុន្តែជាអកុសល្យ សម្តេច មិនបានរកឃើញប្រពន្ធ និងកូនឡើយ ហើយក៏មិនដឹងថានៅរស់ឬស្លាប់ទៀតផង ហើយបានត្រឡប់មកវិញដោយភាពសោកសៅ នឹកស្រណោះប្តីប្រពន្ធដ៏កំសត់ សម្តេច ចង់រួមរស់ជាមួយគ្នា តែវាជារឿងដែលអាសូរសម្រាប់លោកណាស់ ប្រពន្ធកូនស្លាប់ឬរស់គឺ សម្តេច អត់ដឹងដំណឹងផង ព្រួយបារម្ភថាពេលដែលសម្តេច បានចេញផុត តើប្រពន្ធ និងកូនលោកបានជួបរឿងអ្វីខ្លះ? លោកមិនបានជ្រាបទាំងអស់ សម្តេច យំច្រើនណាស់ព្រោះតែក្តីនឹករលឹក ក៏ប៉ុន្តែបើសិនជាលោកបង្ហាញកាយវិការនូវភាពតក់ស្លុតច្បាស់ជាមនុស្ស៤ នាក់ផ្សេង ទៀតគេបាក់ស្មារតី ជួនកាលសម្តេច ស្រក់ទឹកភ្នែកលើបាយ នៅពេលដែលទទួលទានបាយជាមួយយុទ្ធមិត្ត តែពួកគាត់មិនបានដឹងរឿងនេះឡើយ។
នៅវេលាថ្ងៃត្រង់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញត្រូវបានរំដោះ កាលនោះសម្តេច ហ៊ុន សែន នឹកស្មានថាភរិយា ស្លាប់បាត់ទៅហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានត្រូវឆ្លងកាត់តំណាក់កាលនានាដ៏រន្ធត់ ភ័យព្រួយ តក់ស្លុតត្រូវលាក់ខ្លួនតាមភូមិឋាននានា ត្រូវផ្លាស់ប្តូរឈ្មោះ និងប្រវត្តិផ្ទាល់ខ្លួនក្នុងការរស់នៅឯកោតែម្នាក់ឯងដោយ គ្មានស្វាមីហើយក៏មិនបានដឹងថាស្វាមីនៅរស់ឬក៏ស្លាប់នោះទេ។
ក្រោយថ្ងៃរំដោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បាននាំកូនត្រលប់មកភ្នំពេញវិញប្រកប ដោយក្តីសង្ឃឹមថាបានជួបស្វាមី ការជួបជុំបានប្រព្រឹត្តទៅទាំងទឹកភ្នែក កូនប្រុសរបស់សម្តេច បានជួបនិងលោកឪពុកជាលើកដំបូង ហើយបានហៅឪពុកថាពូ ក្រោយរយៈពេលព្រាត់ប្រាស់អស់ជិតពីរឆ្នាំនោះ គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គ្មានបំណងប្រាថ្នាអ្វីដែលធំជាងការជួបជុំនោះឡើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឱបកូនមកថ្ងៃដំបូងគឺលោកស្រីចង់ហៅស្វាមីទៅធ្វើជាប្រជាជនធម្មតា វិញ និងមិនចង់បានអ្វីក្រៅពីការស់នៅជួបជុំគ្រួសារដោយក្តីសុខសុភមង្គល។
បើទោះបីអាពាហ៍ពិពាហ៍ត្រូវបានរៀបចំឡើងក្នុងបរិយាកាសដ៏សែនសោះកក្រោះយ៉ាងណាក្តីតែចំណងស្នេហ៍ដែលកប់ជ្រៅក្នុងក្រអៅបេះដូង ធ្វើឲ្យចំណងអាពាហ៍ពិពាហ៍បានរក្សាជាអមតៈមកដល់ពេលបច្ចុប្បន្ន។
មរតកនៃចំណងអាពាហ៍ពិពាហ៍ដ៏ជ្រាលជ្រៅនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានកូនទាំងអស់៦នាក់ គឺ៖ ១) ហ៊ុន កំសត់ (១០ វិច្ឆិកា ១៩៧៦ - ស្លាប់), ២)ហ៊ុន ណែត (២០ តុលា ១៩៧៧), ៣) ហ៊ុន ម៉ាណា (១៥ កញ្ញា ១៩៨០), ៤) ហ៊ុន ម៉ានិត (១៧ តុលា ១៩៨១), ហ៊ុន ម៉ានី (២៧ វិច្ឆិកា ១៩៨២) និង ហ៊ុន ម៉ាលី (៣០ ធ្នូ ១៩៨៣)។
ពាក្យថា «សន្តិភាព» ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរទាំងអស់គ្នា ក៏ដូចពិភពលោកទាំងមូល គឺត្រូវការណាស់នូវ «សន្តិភាព» បើគ្មានសន្តិភាពទេគឺអ្វីៗត្រូវចប់ទាំងការនិរាសព្រាត់ប្រាស់ គឺគេចមិនផុតឡើយ ហើយអត្ថបទនេះជាសាច់រឿងពិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឆ្លងកាត់ក្នុងរបបប្រល័យេពូជសាសន៍ ដែលមានសង្គ្រាមពាសពេញផ្ទៃប្រទេស៕
ដោយអនុបណ្ឌិត រស់ សាវី (យុវជនគំរូកម្ពុជា)