(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងនូវការចូលរួមអបអរសាទរចំពោះការរៀបចំកម្មវិធី «សាទរកម្ពុជា» នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃឆ្លងឆ្នាំសកល២០២៥ នៅមុខព្រះបរមរាជវាំង ដែលនេះជាព្រឹត្តិការណ៍លើកដំបូង បង្ហាញអំពីវិសេសភាព ភាពរស់រវើកនៃវប្បធម៌ អរិយធម៌ដ៏រុងរឿងសម្បូរបែប និងជាអត្តសញ្ញាណរបស់កម្ពុជា ដែលជាមោទនភាពរបស់ប្រជាជាតិខ្មែរមួយដែលមានសុខសន្តិភាពជានិរន្តរ៍។

ការថ្លែងរបស់លោក គីម រិទ្ធី បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុននៃកងយោធពលខេមរភូមិន្ទរបស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះយោធភូមិភាគ៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកនាយរង​សេនាធិការ​ យោធភូមិភាគ​ទី៤​ លោកអគ្គនាយក​ភស្តុភារប្រចាំទិសទី១​ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ​ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្គើសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលលោកទាំងទ្វេ គឺជាថ្នាក់ដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានដាក់ចេញនូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក គីម រិទ្ធី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាពការងារ និងសមិទ្ធិផលធំៗជាច្រើន ដែលតំបន់ប្រតិបត្តិការសឹករងព្រះវិហារសម្រេចបាន លើការអភវឌ្ឍវស័យការពារជាតិ ការងារសន្តិសុខយោធា ការថែរក្សាសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យជាតិ ការងារកសាងសមត្ថភាពកងទ័ព ការអប់រំបណ្តុះបណ្តាល ការហ្វឹកហ្វឺន បំពាក់បំប៉នកម្លាំង ជាពិសេសគឺការចូលរួមសហការ ក្នុងការទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ ជលផល បទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន និងបទល្មើសផ្សាងៗទៀតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

លោកអភិបាលខេត្តព្រះវិហារបានថ្លែងបញ្ជាក់ទៀតថា ក្នុងរយៈពេលនៃការហ្វឹកហ្វឺននេះ សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីដ៏មោះមុត និងការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហ្វឹកហាត់ ទាំងកម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវ និងបានលះបង់គ្រប់យ៉ាងដើម្បីសម្រេចគោលដៅ នៃវគ្គហ្វឹកហ្វឺន និងសូមកោតសរសើរដល់គណៈគ្រប់គ្រង យោធាចារ្យ គ្រូឧទ្ទេស និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងចំណេះជំនាញ ក្នុងការបង្ហាត់បង្រៀន ដឹកនាំ និងតាមដានសិក្ខាកាមយ៉ាងយកចិត្តទុកដាក់ រហូតដល់វគ្គហ្វឹកហ្វឺនទទទលបានជោគជ័យនាពេលនេះ។

លោក គីម រិទ្ធី ក៏បានថ្លែងផ្តាំផ្ញើ និងជំរុញឱ្យនាយទាហាន នាយទាហានរង និងពលទាហាន និងសិក្ខាកាមទាំងអស់អនុវត្តការងារមួយចំនួនដូចខាងក្រោម៖

* ត្រូវមានទស្សនៈស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតរាល់ឧបាយកល សង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត កាញុះញង់បំបែកបំបាក់ផ្ទៃក្នុងជាតិ។

* ត្រូវគោរពវិន័យ និងបទបញ្ជាឱ្យបានម៉ឺងម៉ាត់ និងត្រូវអនុវត្តចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គហ្វឹកហ្វឺននេះ ឱ្យបានខ្ជាប់ខ្លួននិងមានប្រសិទ្ធភាព ជាពិសេសត្រូវជៀសវាងដាច់ខាតចំពោះបញ្ហាគ្រឿងញៀន។

* ត្រូវបន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងបង្កើនសមត្ថភាពខ្លួនឯងជាប់ជានិច្ច ដើម្បីក្លាយជាកងទ័ពគំរូ ជាកម្លាំដ៍រឹងមាំរបស់ជាតិ។

* បន្តយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព សុខមាលភាពទាំងអស់គ្នាដោយអនុវត្តវិធានការសុខាភិបាល ហូបស្ងាត់ ផឹកស្អាត និងរស់នៅស្អាត សម្អាតអនាម័យខ្លួនប្រាណ និងបរិស្ថានជុំវិញអង្គភាព និងត្រូវត្រៀមខ្លួនជានិច្ចអនុវត្តរាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូន។

* ត្រៀមលក្ខណៈនានា ទាំងកម្លាំង មធ្យោបាយ និងបច្ចេកទេស ក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយនានា ដែលអាចកើតឡើងជាយថាហេតុ ដូចជាខ្យល់កន្ត្រាក់ គ្រោះថ្នាក់អគ្គីភ័យ និងគ្រោះថ្នាក់ផ្សេងៗ៕