(ភ្នំពេញ)៖ ថ្មីៗនេះ មានការចែកចាយវីដេអូឃ្លីបមួយដែលបង្ហាញពីសកម្មភាពក្មេងទំនើងមួយក្រុមនាំគ្នាព្រួតវាយជនរងគ្រោះម្នាក់ដោយមិនញញើតដៃ។ ក្រោយឃើញការចែកចាយវីដេអូនេះ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងរកឃើញថា ហេតុការណ៍នេះបានកើតឡើងតាំងពីឆ្នាំ២០២៣ ដែលត្រូវបានបង្រ្កាបរួចមកហើយ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ បានធ្វើការបកស្រាយជុំវិញការបង្ហោះវីដេអូ នៃការប្រើប្រាស់អំពើហិង្សាដែលបង្កដោយក្មេងទំនើងមួយក្រុម វាយទៅលើជនរងគ្រោះម្នាក់ ជារូបភាពចាស់កាលពីឆ្នាំ២០២៣ ដែលកម្លាំងសមត្ថកិច្ចជំនាញបង្រ្កាបបានជនដៃដល់ចំនួន៤នាក់។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវ ចំនួន៣ដើម និងពូថៅ ចំនួន១ដើម ព្រួតគ្នាវាយ និងកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស) ចំនួន២ករណីនៅខណ្ឌជ្រោយចង្វារ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមឲ្យអ្នកបង្ហោះរូបភាពហិង្សាខាងលើត្រូវលុបចោលជាបន្ទាន់ ដើម្បីចៀងវាងកុំឲ្យមហាជនមានការយល់ច្រឡំ បើមិនលុបចោលនោះទេ សមត្ថកិច្ចជំនាញ និងស្រាវជ្រាវអនុវត្តតាមផ្លូវច្បាប់ជុំវិញការបង្ហោះផ្សព្វផ្សាយព័ត៌មានបំពុលសង្គមដែលបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕