(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញដល់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តការតាមដាន និងឆ្លើយតបជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា ដោយនវានុវត្តន៍ និងបុរេសកម្ម។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត នៅថ្ងៃដើមសប្តាហ៍ ខែមករា ឆ្នាំ២០២៥។

ក្នុងឳកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន៖

*ពង្រឹងប្រសិទ្ធភាពការងារទាក់ទងជាមួយនឹងជំងឺឆ្លង ដោយនវានុវត្តន៍ និងបុរេសកម្ម

*បង្កើនការសហការ និងសហប្រតិបត្តិការជាមួយនាយកដ្ឋាន អន្តរ ស្ថាប័ន មន្ទីរពេទ្យ និងអង្គការដៃគូ

*ពង្រឹងសមត្ថភាពបុគ្គលិកក្នុងការឆ្លើយតបបន្ទាន់ ទៅនឹងជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈផ្សេងទៀត

*បង្កើនការចូលរួមពីសហគមន៍ ដើម្បីរាយការណ៍អំពីជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា ឱ្យបានទាន់ពេលវេលា

*ពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងនវានុវត្តន៍

*បង្កើនការតាមដានភាពស៊ាំនឹងឱសថប្រឆាំងមេរោគ(AMR) តាមរយៈការសិក្សាស្រាវជ្រាវ ការប្រើប្រាស់ឱសថសមស្រប នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន

*ពង្រឹងការចេញសេចក្ដីជូនព័ត៌មានអំពីសុខភាពឱ្យបានទាន់ពេលវេលា

*ត្រៀមផែនការឆ្លើយតបទៅនឹងជំងឺឆ្លងកើតថ្មី និងជំងឺឆ្លងលេចឡើងសារជាថ្មី

*អភិវឌ្ឍផែនការយុទ្ធសាស្រ្ដរយៈពេលមធ្យម និងរយៈពេលវែងរបស់អង្គភាព។

ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលតែងតែរកឃើញ និងឆ្លើយតបជាមួយជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា បានទាន់ពេលវេលា។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងទាំងអស់ ទទួលបាននូវជោគជ័យក្នុងភារកិច្ចការងារក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល៕