(កំពង់ស្ពឺ)៖ ចាប់តាំងពីថ្ងៃចាប់បដិសន្ធិនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសនាពេលបច្ចុប្បន្ន ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយគិតប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ ការប្រកាន់ខ្ជាប់នូវលើគោលនយោបាយ និងស្មារតីនេះ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រកាន់តែខ្លាំងពីប្រជាពលរដ្ឋ កាន់តែមានប្រជាប្រិយ និងកាន់តែរឹងមាំ។
ការស្រឡាញ់ ការជឿជាក់ទៅលើការដឹកនាំរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននោះ មិនត្រឹមតែគាំទ្រជាស្មារតីប៉ុណ្ណោះ តែបានជំរុញឱ្យប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើង បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាពទាំងឡាយទាំងនៅថ្នាក់ជាតិ និងតាមមូលដ្ឋាន ជាចលកររួមចំណែកធ្វើឱ្យបក្សកាន់តែរឹងមាំ កាន់តែមានការគាំទ្រថែមទៀត។
នៅឯទឹកដីឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណ ១៥៤រូបមកពីភូមិទាំង១៨ ក្នុងឃុំសំរោងទង បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីបញ្ចូលសមាជិកថ្មី ដែលភាគច្រើនសុទ្ធសឹងជាយុវវ័យទើបគ្រប់អាយុធ្វើសកម្មភាពនយោបាយ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសាស្ត្រាចារ្យបណ្ឌិត ណុប រតនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំរោងទង។
ថ្លែងនៅក្នុងពិធីនោះ ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោកបណ្ឌិត ណុប រតនា បានប្រកាសស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងរីករាយជាទីបំផុត។ លោក បានចាត់ទុកការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ។ ត្រឹមត្រូវក៏ព្រោះតែជាការចូលរួមធ្វើសកម្មភាពនយោបាយ ដើម្បីជ្រោងទង់សុខសន្តិភាព និងជាការចូលរួមធ្វើសកម្មភាបនយោបាយ ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
នៅក្នុងពិធីនោះ លោក ណុប រតនា ក៏បានរំលឹកពីប្រវត្តិតស៊ូ និងសកម្មភាពច្រើនគណនាមិនអស់របស់គណបក្សប្រជាជនកម្ពុជាចាប់តាំងពីចាប់បដិសន្ធិនៅឆ្នាំ១៩៥១ រហូតមកដល់ពេលបច្ចុប្បន្ន។ លោកបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជន និងដើម្បីប្រជាជន។
លោកសាស្ត្រាចារ្យបណ្ឌិត ណុប រតនា បានថ្លែងបញ្ជាក់ដូច្នេះ «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជនកម្ពុជា ជាគណបក្សដើម្បីប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានប្រសូតឡើងដោយសារប្រជាជនកម្ពុជា ដោយសារការលះបង់របស់ប្រជាជនកម្ពុជា។ អ៊ីចឹងគណបក្សនេះជារបស់ប្រជាជនកម្ពុជាទាំងមូល»។
លោក ណុប រតនា បានបន្ថែមទៀតថា «គណបក្សប្រជាជនកម្ពុជា ដើម្បីប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជាធ្វើសកម្មភាពគ្រប់បែបយ៉ាងទាំងអស់ ហ៊ានបូជាជីវិត គ្រប់កាលៈទេសៈ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជា ការពារប្រជាជនកម្ពុជា ការពារមាតុភូមិកម្ពុជា»។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយ ដែលធ្វើសកម្មភាពជាច្រើនដើម្បីបុព្វហេតុជាតិ និងប្រជាជនរាប់ចាប់តាំងពីការតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង។ ស្នាដៃដ៏ធំធេងដែលគណបក្សបានធ្វើសម្រាប់ជាតិ និងប្រជាជន ហើយធ្វើឱ្យប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាននោះ គឺការរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការរំដោះនេះ ត្រូវបានប្រជាពលរដ្ឋចាត់ទុកជាគុណបំណាច់មួយនៃការដណ្តើមយកជីវិតរបស់ពួកគេចេញពីចង្កូមមច្ចុរាជ។
លោក ជេត នី ពលរដ្ឋរស់នៅក្នុងភូមិត្រពាំងជួន ជាពលរដ្ឋមួយក្នុងចំណោមពលរដ្ឋដទៃទៀត ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ គុណបំណាច់ថ្ងៃរំដោះ៧មករា ត្រូវបានលោក ជេត នី ចងចាំមិនអាចបំភ្លេចបាននោះឡើយ ហើយនេះជាមូលហេតុធំ ដែលនាំឱ្យរូបលោក សម្រេចចិត្តចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
«ថ្ងៃ៧ មករា នេះ គឺមានអត្ថន័យខ្លាំងណាស់សម្រាប់ខ្ញុំ។ ជួយឱ្យខ្ញុំបានរស់រានមានជីវិត ចាប់តាំងពីឆ្នាំ១៩៧៩ បានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះ។ ថ្ងៃ៧ មករា បានជួយរំដោះប្រជាពលរដ្ឋខ្មែរពីរបបប្រល័យពូជសាសន៍»។ នេះជាការគូសបញ្ជាក់របស់លោក ជេត នី ដែលជាពលរដ្ឋខ្មែរមួយរូបបានរួចជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោយថ្ងៃរំដោះ៧មករា។
ក្រៅមរតកគុណបំណាច់ថ្ងៃរំដោះ៧មករាហើយនោះ ការប្រឹងប្រែងកសាងជាតិរយៈពេល៤៦ឆ្នាំ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ នាំឱ្យប្រទេសជាតិមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក៏ជាគុណតម្លៃដ៏ធំមួយនេះ ដែលនាំឱ្យប្រជាពលរដ្ឋកត់សម្គាល់ និងស្រឡាញ់ពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក ជេត នី បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាព ក៏ដូចជាការរីកចម្រើនរបស់ជាតិកម្ពុជាក្នុងរយៈពេល៤៦ឆ្នាំ ក្រោយថ្ងៃរំដោះ៧មករា។ ការយកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍន៍ជាតិឱ្យរីកចម្រើននេះ ក៏ជាចំណែកដែលនាំឱ្យរូបលោកសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
លោកបានបញ្ជាក់ដូច្នេះ «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលល្អ ជួយរាស្ត្រ ជួយប្រជាជន ព្រមទាំងមានការអភិវឌ្ឍ និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ។ និយាយពីការអភិវឌ្ឍ គឺអភិវឌ្ឍន៍ខ្លាំង ខ្ញុំឆ្លងកាត់៤ ទៅ៥ជំនាន់ហើយ មិនធ្លាប់បានឃើញប្រទេសជាតិមានការអភិវឌ្ឍបែបនេះឡើយ»។
ការមកនូវវឌ្ឍនភាពជាតិជាក់ស្តែងលើគ្រប់វិស័យក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានក្លាយទៅជាគ្រឹះដ៏រឹងមាំនៃជំនឿចិត្តរបស់ប្រជាពលរដ្ឋ ហើយធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានគាំទ្រកាន់តែខ្លាំងក្លាពីមួយអាណត្តិទៅមួយអាណត្តិ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ គណបក្សនេះ បានពង្រីកសមាជិករបស់ខ្លួនរហូតដល់ទៅជាង៦លាននាក់ ដែលក្លាយទៅជាកំពែងការពារបក្សយ៉ាងរឹងមាំបំផុត៕