(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម» ដោយមានវត្តមានអញ្ជើញចូលរួមដោយ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនអង្គសិក្ខាសាលាថា ក្នុងដំណើរការកំណែទម្រង់អង្គភាពទាំងបីនេះ បានបន្តធ្វើកិច្ចការចំនួន៣ ចម្បងរួមមាន៖ ១៖ ការពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ, ២៖ ការពិនិត្យឡើងវិញ និងការវិភាគលើមុខងារ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ និង៣៖ ការត្រួតពិនិត្យវត្តមានមន្ត្រីរាជការ ដែលតម្រូវឲ្យមន្ត្រីរាជការត្រូវមានវត្តមាន និងចុះហត្ថលេខាជាប្រចាំថ្ងៃ។ ជាមូលដ្ឋាន ក្រសួងបានសំយោគធាតុចូល និងជាពុទ្ធិបន្ថែមក្នុងការពិនិត្យកែសម្រួលមុខងារ និងរចនាសម្ព័ន្ធឲ្យកាន់តែប្រសើរ មុតស្រួច និងពេញលេញ ទាំងបច្ចេកទេស ទាំងគតិយុត្ត ស្របតាមបរិបទនៃការវិវត្តរបស់សង្គម និងធម្មជាតិ។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា បន្ទាប់ពីដំណើរការពិនិត្យ និងវិភាគនេះ ក្រសួងធនធានទឹក និងឧតុនិយម បានរកឃើញ និងសម្រេចថា មុខងារ និងភារកិច្ចខ្លះត្រូវទម្លាក់ចុះ និងផ្ទេរចេញ ដោយសារការជាន់គ្នា និងពុំសូវសមស្របទៅនឹងសមត្ថកិច្ចរបស់ក្រសួង និងវិស័យ ដោយឡែកមុខងារខ្វះខាតមួយចំនួនត្រូវបំពេញមកវិញ និងពង្រឹង បន្ថែម ដើម្បីប្រសិទ្ធភាពការងារ និងស្ថាប័ន។
សូមរំលឹកថា សិក្ខាសាលានេះ ជាការបន្តជួបជាមួយក្រសួង ស្ថាប័ន ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ៕